អស្ចារ្យណាស់ វិចិត្រករគំនូរកម្លោចស្លឹកត្នោតខ្មែរ ល្បីពេញពិភពលោក
ពិតជាអស្ចារ្យណាស់ ដែលវិចិត្រករ រឿម ប៊ុនហាក់ គឺជាវិចិត្រករខ្មែរតែម្នាកគត់ ដែលមានទេពកោសល្យចេះ គូរគំនូរកម្លោចស្លឹកត្នោត នៅគេហដ្ឋានរបស់គាត់ នាខេត្តសៀមរាបរហូតបានភាពល្បីល្បាញ មានការទទួលស្គាល់ពេញផ្ទៃប្រទេស និង នៅលើឆាកអន្តរជាតិទៀតផង ។
បើនិយាយពីគំនូរមានច្រើនប្រភេទ ដូចជាការគូរគំនូរដោយថ្នាំពណ៌ គំនូរប្រេង គំនូរបៀក គំនូរខ្សាច់ជាដើម។ គំនូរទាំងនោះមានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាមការច្នៃប្រឌិតរបស់វិចិត្រករនីមួយៗ ប៉ុន្តែ គំនូរស្លឹកត្នោតកម្លោចមានភាពប្លែកពីគេ និង មានវិចិត្រករខ្មែរតែម្នាក់គត់ ដែលចេះគូរ និង រកឃើញដោយខ្លួនគាត់ផ្ទាល់តែម្តង ។
គំនូរកម្លោចលើស្លឹកត្នោត ដែលរកឃើញដោយកូនខ្មែរម្នាក់ នាទឹកដីអង្គរនោះ ក៏បានបង្ហាញពីភាពអស្ចារ្យ ដាច់ដោយឡែកផ្សេងពីគេ ពិសេសការប្រើភ្លើងក្តៅ ទៅរោលកម្លោចលើស្លឹកត្នោត ឱ្យចេញជារូបភាពផ្សេងៗ។ អត្ថន័យគំនូរកម្លោចនេះ ត្រូវបានម្ចាស់ស្នាដៃអះអាងថា គឺ បង្រៀនមនុស្សពីរបៀបតាំងចិត្តឱ្យស្ងប់ អត់ធ្មត់ និង សេចក្តីព្យាយាមផងដែរ ។
លោក រឿម ប៊ុនហាក់ អង្គុយម្នាក់ឯង ក្រោមរោងនៃសំយ៉ាបផ្ទះថ្មមួយកន្លែងក្នុងក្រុងសៀមរាប ដោយកំពុងផ្ចង់ទៅលើគំនូរនៅពីមុខរបស់ខ្លួន គាត់បានរៀបរាប់ថា លោករកឃើញពីវិធីគូរគំនូរដោយប្រើភ្លើងនៅលើស្លឹកត្នោតនេះ តាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយលោកក៏បានដាក់ឈ្មោះស្នាដៃគំនូរនេះ ថា ជាគំនូរកម្លោចលើស្លឹកត្នោត ។
ហេតុផល ដែលដាក់ឈ្មោះបែបនេះ ដោយសារយើងយកស្លឹកត្នោតមកបិទលើក្តាបន្ទះ ។ យើងយកបណ្តូលត្នោត ហើយយកដែក នៅក្នុងចង្ក្រាន្ត ដែលមានភ្លើងឆេះក្រហមនោះ យកមកកម្លោចនៅលើស្លឹកត្នោត ។ មានន័យថា បើវាអត់ឆេះខ្លោច អត់ក្តៅទេ វាអត់ចេញជារូបភាពទេ ។ វាខុសពីយើងយកខ្មៅដៃទៅសរសេរលើហ្នឹង ប៉ុន្តែនេះយើងយកដែកក្តៅ ចេញពីភ្លើងហ្នឹងកម្លោច ហើយយើងយកភាពខ្លោចហ្នឹងទៅកែជារូបភាព ដែលយើងចង់បាន ។
លោកបានបន្តថា ទី១វាបង្រៀនពីជីវិតនៃការសមាធិ អប់រំផ្លូវចិត្ត កុំឱ្យយើងក្រាវក្រោធ ។ ទីពីរការព្យាយាមអត់ធ្មត់របស់យើង និង ការផ្ចង់អារម្មណ៍អត់រវើរវាយច្រើន ហើយបង្ហាញពីភាពតាំងចិត្ត និង ធ្វើវាដើម្បីឱ្យចេញជារូបភាពអ្វីមួយទៅបាននោះ គឺទាល់តែយើងមានឆន្ទៈដើម្បីធ្វើវា ។ ការព្យាយាមអំណត់អត់ធ្មត់ វានឹងបង្ហាញផលដែលយើងចង់បានមកវិញ ។
អ្វីដែលពិសេសសម្រាប់វិចិត្រកររូបនេះ គឺ ស្នាដៃគំនូររបស់លោកត្រូវបានយកទៅថ្វាយព្រះមហាក្សត្រខ្មែរទតម្តងជាពីរដង ក្នុងឱកាសបុណ្យច្រត់ព្រះនង្គ័ល កាលពីឆ្នាំ ២០១៦ និង ឆ្នាំ ២០១៧ ព្រមទាំងទទួលបានពានពីព្រះមហាក្សត្រទៀតផង ៕