ផលិតផលខ្មែរ ៤ យ៉ាងនេះ ល្បីបំផុតនៅប្រទេសបារាំង
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែខិតខំពង្រឹងគុណភាពផលិតផលខ្មែរជាពិសេសចេញពីវិស័យកសិកម្ម ដើម្បីនាំចេញទៅក្រៅប្រទេស ។ ក្នុងនោះដែរទីផ្សារនាំចេញផលិតផលខ្មែរមានដូចជាសហរដ្ឋអាមេរិក និង បណ្តាប្រទេសនៅសហគមន៍អ៊ីរ៉ុប ជាដើម ។ ក្នុងចំណោមសហគមន៍អ៊ីរ៉ុប ក៏មានប្រទេសបារាំងដែលបាន និង កំពុងគាំទ្រផលិតផលខ្មែរមួយចំនួនផងដែរ ។
ខាងក្រោមនេះជាផលិតផលរបស់ខ្មែរ ៤ យ៉ាង ដែលពេញនិយមបំផុតនៅប្រទេសបារាំង ជាមួយនឹងតម្លៃរបស់វា៖
១. អង្ករ
អង្ករផ្កាម្លិះខ្មែរបានកំពុងពេញនិយមនៅប្រទេសបារាំង ក៏ដូចជានៅលើពិភពលោកបន្ទាប់ពីអង្ករផ្កាម្លិះបានជាប់ជាអង្ករដែលល្អបំផុតនៅលើពិភពលោក ៤ ឆ្នាំមកហើយ គឺឆ្នាំ ២០១២ ឆ្នាំ ២០១៣ ឆ្នាំ ២០១៤ និង ឆ្នាំ ២០១៨ ។ ក្នុងនោះដែរនៅក្នុងទីផ្សារបារាំង មានអង្ករខ្មែរច្រើនប្រភេទ តែអង្ករដែលមានតម្លៃថ្លៃជាងគេគឺអង្ករបាត់ដំបង ដែលមួយគីឡូមានតម្លៃ ជិត ៦ ដុល្លារ ។
២. ស្ករត្នោត
ស្ករត្នោតចាប់ផ្តើមមានការចាប់អារម្មណ៍នៅពេលប្រជាជនបារាំងដឹងពីសារប្រយោជន៍របស់វា ដែលល្អដល់សុខភាពជាងស្ករប្រភេទផ្សេងៗទៀត ដូចជាស្ករអំពៅជាដើម ។ ស្ករត្នោតដែលនាំចូលទៅបារាំងដែលល្បីជាងគេ គឺស្ករកំពង់ស្ពឺ ដែលតម្លៃថ្លៃជាងគេមានរហូតដល់ ជាង ២០ ដុល្លារក្នុង ៥០០ ក្រាម ដែលនៅក្នុងនោះក៏មានប្រភេទផ្សេងដែលតម្លៃថោកជាងនេះ ។
៣. ក្រមាខ្មែរ
ក្រមាខ្មែរពិតជាមានភាពពេញនិយមនៅបារាំងមែនទែន ដោយមិនថាក្មេងចាស់ ប្រុសស្រី នឹងតារាល្បីៗមួយចំនួនបានប្រើប្រាស់ក្រមានេះសម្រាប់មកលម្អកន្ថែមនៅលើសម្លៀកបំពាក់របស់ខ្លួន ។ ចំណែកឯតម្លៃវិញ គឺមានថ្លៃរហូតទៅដល់ជាង ៦០ ដុល្លារក្នុងក្រមាមួយ ។
៤. ម្រេចកំពត
ម្រេចកំពតត្រូវបានប្រទេសនៅលើពិភពលោកកំពុងទទួលស្គាល់ ដែលមិនត្រឹមតែប៉ុណ្ណោះ ចុងភៅល្បីៗក៏បានបង្ហាញថា ម្រេចកំពតជាម្រេចដែលល្អជាងគេសម្រាប់ការចំអិនម្ហូប ។ ក្នុងនោះដែរម្រេចកំពតមាន ៣ ប្រភេទ គឺម្រេចពណ៌ខ្មៅ ក្រហម និង ម្រេចស ជាពិសេសនោះគឺម្រេចអាចន៍ចាប ដែលពិបាករកជាងគេ ។ រីឯតម្លៃវិញ ម្រេចអាចន៍ចាបមានតម្លៃរហូតដល់ជាង ៤០០ ដុល្លារក្នុង ១ គីឡូក្រាម ចំណែកឯម្រេចផ្សេងៗ ក៏មានតម្លៃចាប់ពីជាង ១០០ ដុល្លារឡើងទៅក្នុង ១ គីឡូក្រាមដែរ ៕