ភ្ញៀវទៅស៊ីការ ឧស្សាហ៍មើល ៥ ចំណុចនេះផង ប្រយ័ត្នការហើយ គេនិយាយដើមពេញភូមិ
រៀបចំមង្គលការ គឺជារឿងដ៏សំខាន់បំផុត មិនថាកូនប្រុស កូនស្រី និងឪពុកម្ដាយនោះទេ តែងប្រាថ្នាចង់ឱ្យមង្គលការមួយរៀបចំដោយរលូន និងមានការកោតសរសើរពីភ្ញៀវដែលបានចូលរួម ។ ម្ចាស់ការខ្លះរួសរាយរាក់ទាក់ជាមួយភ្ញៀវពេលទៅចែកធៀប តែពេលភ្ញៀវមកដល់បែរជាធ្វើចរិតរាក់កំភែល ។ បើមិនចង់ឱ្យភ្ញៀវមកញ៉ាំការហើយទៅវិញ គេនិយាយដើមហាមប្រហែសរឿង ៦យ៉ាងនេះដាច់ខាត៖
១. ពិនិត្យមើលតុណាដែលរង់ចាំយូរភ្ញៀវមិនទាន់គ្រប់ ១០ នាក់ប្រញាប់រកអ្នកទៅបង្គ្រប់ផង
ករណីខ្លះភ្ញៀវមកបាន ៩ នាក់ហើយ ប៉ុន្តែដោយសារគ្មានក្រុមពិធីការពិនិត្យមើលបណ្ដាលឱ្យភ្ញៀវរង់ចាំយូរទម្រាំបានញ៉ាំ ។ ដូច្នេះឧស្សាហ៍ដើរមើលតាមតុផងថា តើតុណាដែលមានភ្ញៀវមកយូរហើយ គួរប្រញាប់ចាត់ចែងរកអ្នកអង្គុយបង្គ្រប់ ។ ករណីខ្លះទៀតមិនមានភ្ញៀវមកបន្ថែមទៀតទេ គួរឱ្យអ្នកអង្គុយ ញ៉ាំតែម្ដងទៅទោះមិនគ្រប់ចំនួនក៏ដោយ ប្រយ័ត្នភ្ញៀវឃ្លានដល់ខ្យល់ចាប់ ។
២. ឧស្សាហ៍ដើរមើលតាមតុខ្វះអី ខាតអី
ពេលខ្លះគ្រាន់តែភ្ញៀវចូលដល់តុភ្លាម បាត់មុខម្ចាស់ការអស់រលីង ។ ករណីខ្លះទៀតម្ចាស់ការជួលអ្នកពិធីការដែរ តែអ្នកទាំងនោះមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ ។ ដូច្នេះហើយគួរពិនិត្យឱ្យហ្មត់ចត់ កុំឱ្យភ្ញៀវស្រែករកទឹកកកចង់១០ដង នៅទាន់បាននោះ ។ មួយវិញទៀតករណីខ្លះលើកម្ហូបឱ្យភ្ញៀវយឺតយ៉ាវ អស់មួយមុខ នៅចាំមួយមុខទៀតឡើងស្ងួតមាត់ទម្រាំមកដល់ ។
៣. ម្ហូបការកុំធ្វើយកចំណេញពេក
ម្ចាស់ការពេលខ្លះហេតុតែខ្លាចខាត សុខចិត្តធ្វើម្ហូបខ្វះមុខ ខ្វះក្រោយ សាច់ក៏ស្ទើរ បន្លែក៏ស្ទើ រីឯមុខម្ហូបឆា ស្ងោ ដូចម្ហូបញ៉ាំជុំគ្រួសារ ។ បើហ៊ានធ្វើដូច្នេះមុខតែគេនិយាយពេញភូមិហើយ មិនមែនឱ្យធ្វើលោភហួសហេតុទេ តែត្រូវលៃមួយសមរម្យ មុខម្ហូបឆ្ងាញ់ៗ នោះភ្ញៀវក៏សរសើរចងដៃមិនស្ដាយលុយ ។
៤. បើមានភ្ញៀវមកពីព្រឹកត្រូវយកចិត្តទុកដាក់ផង
មានភ្ញៀវខ្លះជាអ្នកជិតស្និទ្ធខំមកតាំងពីព្រលឹម ដើម្បីបានហែរជំនូន តែបែរម្ចាស់ការបោកគ្រាប់បែក ។ ករណីខ្លះហែរជំនូនហើយស្អីក៏មិនមានឱ្យភ្ញៀវ រាប់ទាំងទឹកកក ទឹកសុទ្ធ ផ្លែឈើជាដើម ។ ហាមយកផ្លែឈើលាក់ទុកដើម្បីចែកញាតិ គួរយកដាក់ជូនភ្ញៀវដែលកំពុងអង្គុយច្រងក់ៗនៅនឹងតុផង ។
៥. កុំដាក់ស្រាបៀមួយសេរីតាមភ្ញៀវសុំពេក
រៀបចំមង្គលការហើយ មានកេរឈ្មោះល្អ គេសរសើរ មិនមែនស្ថិតត្រង់ថា ដាក់ស្រាឱ្យភ្ញៀវផឹក ស្រវឹងជោកជាំនោះទេ ។ បើចង់ឱ្យគេសរសើរមែន គឺការចេះសម្របសម្រួលជាមួយភ្ញៀវ ដាក់ស្របៀមួយល្មម ពិសារអាហារហើយក៏ត្រឡើប់ទៅវិញដោយសុវត្ថិភាព មិនមែនដាក់ថែមរហូតភ្ញៀវស្រវឹងដល់ថ្នាក់ឈ្លោះទាស់ទែងគ្នាក្នុងរោង ហើយត្រឡប់ទៅវិញជិះបុកទ្រូងផ្លូវ ឬធ្លាក់ប្រឡាយឡើយ ៕