មន្ទីរពេទ្យ «ពពីរ» នៅបាត់ដំបង គ្រូពេទ្យមានក្រមសីលធម៌មើលថែអ្នកជំងឺមិនគិតមានក្រ ទទួលបានការសរសើរ
សាច់ញាតិអ្នកជំងឺម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សេង សិរីរ័ត្ន បានបង្ហោះលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ វណ្ណារ៉ា ប្រធានមន្ទីរពេទ្យពពីរ ឬ មន្ទីរពេទ្យយោធភូមិភាគ ៥ ខេត្តបាត់ដំបង ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ក្នុងន័យកោតសរសើរពីក្រមសីលធម៌ ការយកចិត្តទុកដាក់ មើលថែយ៉ាងដិតដល់ចំពោះឪពុករបស់ខ្លួន ខណៈលោកមានជំងឺធ្ងន់ធ្ងរត្រូវទទួលការព្យាបាលជាបន្ទាន់ ។
តាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលត្រូវជាកូនស្រីអ្នកជំងឺ បានបង្ហោះបណ្ដាំចុងក្រោយរបស់ឪពុក ដែលមុនពេលលោកចែកឋាន សុំឱ្យកូនស្រីសម្រេចបំណងដោយធ្វើលិខិតថ្លែងអំណរគុណដល់ទឹកចិត្តលោកគ្រូពេទ្យ «ពពីរ» ទាំងអស់ ដែលបានខិតខំព្យាបាលជំងឺលោកយ៉ាងយកចិត្តទុកដាក់បំផុត និង មិនគិតពីមាន ឬ ក្រ ។
ម្ចាស់គណនី សេង សិរីរ័ត្ន បានសរសេរបណ្ដាំចុងក្រោយរបស់ឪពុក ដោយមានសេចក្ដីដូចតទៅថា «បណ្តាំចុងក្រោយរបស់ប៉ាខ្ញុំ ពេលឮដំណឹងថាប៉ាឈឺ ខ្ញុំប្រញាប់ទៅមើលប៉ាភ្លាម ក្នុងចិត្តគិតតែម្យ៉ាងទេគឺត្រូវយកប៉ាទៅព្យាបាលនៅថៃ ឬវៀតណាម ព្រោះគិតថាពេទ្យគេពូកែ តែពេលទៅដល់ពេទ្យខ្ញុំក៏បានគេងសម្រាកមើលថែប៉ានៅមន្ទីពេទ្យបាន ៥ថ្ងៃ ខ្ញុំសង្កេតឃើញថាពេទ្យពពីរ (មន្ទីរពេទ្យយោធភូមិភាគ ៥) ខេត្តបាត់ដំបង ពិតជាមានក្រមសីលធម៌គួឱ្យកោតសសើរ ទាំងក្រមសីលធម៌ ទាំងទឹកចិត្ត ទាំងជំនាញ មិនថាប៉ាខ្ញុំ ឬអ្នកដែលខ្សត់ពីណាមក ពួកគាត់បានទទួលការយកចិត្តទុកដាក់គ្រប់ៗគ្នា រហូតធ្វើឱ្យប៉ា និង ខ្ញុំរំភើបចិត្តនឹងទឹកចិត្តរបស់ពួកគាត់ ។
តែសោកស្តាយដែលប៉ាមានជំងឺធ្ងន់ពេក ទោះពេទ្យខំប្រឹងប្រែងយ៉ាងណាក៏មិនអាចរក្សាជីវិតប៉ាបានដែរ នៅជាមួយប៉ាថ្ងៃចុងក្រោយ ប៉ាបានសុំឱ្យនាងខ្ញុំផុសសារអរគុណដល់
-លោកប្រធានមន្ទីរពេទ្យ សុខ វណ្ណារ៉ា និង ពេទ្យគ្រប់គ្នាដែលមើលថែប៉ា
-លោកឧត្តមសេនីទោ សេង ធារិន
-លោកឧត្តមសេនីទោ កែវ ចំរើន
-លោកឧត្តមសេនីត្រី ម៉ែន ប៉ុនស៊ាន
ដែលយកចិត្តទុក្ខដាក់នឹងប៉ា នាងខ្ញុំបង្ហោះសារនេះ ព្រោះចង់បំពេញបំណងចុងក្រោយរបស់ប៉ា ដែលគាត់ចង់អរគុណដល់លោក សង្ឃឹមថាលោកនឹងបានទទួលពាក្យនេះផងចុះ នាងខ្ញុំ និង ក្រុមគ្រួសារគ្មានអ្វីសងគុណលោកទេមានតែសារអរគុណប៉ុន្មានម៉ាត់នេះ សូមឱ្យលោកជួបតែក្តីសុខ និង ពរទាំង៥ប្រការ ។
សារថ្លែងអំណរគុណពីក្រុមគ្រួសារអ្នកជំងឺនេះ បានបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វសប៊ុក ក្នុងនោះមានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា ព្រមជាមួយពាក្យកោតសរសើរដល់ទឹកចិត្តក្រុមគ្រូពេទ្យខាងលើយ៉ាងខ្លាំង ៕