ឃើញគេរៀបការ ចង់តែរៀបការដែរ ត្រូវគិតរឿងទាំងនេះមុនសិន ប្រយ័ត្នខកខ្លួន
រដូវកាលរៀបការចូលមកដល់ ទៅណាមកណាក៏ឃើញតែគេស្លៀកសម្លៀកបំពាក់ដូចទេវបុត្រ និង ទេពធីតា ជាមួយរោងការដែលតុបតែងយ៉ាងល្អប្រណីត ។ មិនត្រឹមតែប៉ុណ្ណោះ សំបុត្រការមកពីមិត្តភក្តិរួមជំនាន់ម្នាក់ម្តងៗជិតអស់ទៅហើយ ក៏មានអារម្មណ៍ស្រងេះស្រងោចខ្លួនឯង ដែលមិនទាន់មានគូស្នេហ៍ ឬ ក៏មានហើយតែមិនទាន់មានលទ្ធភាពរៀបការ ។
បើជួបប្រទះនូវអារម្មណ៍ទាំងនេះ សូមកុំអស់សង្ឃឹម ត្រូវគិតថាមនុស្សគ្រប់រូប មិនថាប្រុសឬស្រី មិនមែនកើតមកដើម្បីតែរៀបការមានគ្រួសារ ហើយមានកូនចៅនោះទេ ។ យើងមិនគួរយកចំណងអាពាហ៍ពិពាហ៍មកធ្វើជាជម្រើសចុងក្រោយសម្រាប់ជីវិតនោះទេ ។ មានសួរខ្លួនឯងទេថា យើងមានបំណងប្រាថ្នា និង ក្តីស្រមៃអ្វីខ្លះក្នុងជីវិតរៀងៗខ្លួន ដែលមិនមែនជាជីវិតគូ ? ហើយតើយើងបានបំពេញវារួចរាល់ហើយឬនៅ ? ឬគ្រាន់តែចង់រៀបការដើម្បីបំភ្លេចនូវក្តីស្រមៃទាំងអស់នោះ ហើយបង្កើតក្តីស្រមៃមួយថ្មី ?
រឿងរៀបការវាគង់តែបានរៀបការទេបើយើងបានត្រៀមខ្លួនរួចជាស្រេច មិនមែនរៀបការទាំងនៅវ័យក្មេងពេកនោះទេ ។ កុំឃើញគេរៀបការ ជ្រួលជ្រើមចង់រៀបការដែរ ខណៈពេលដែលស្ថានភាពមនុស្សម្នាក់ៗខុសៗគ្នា ខ្លួនឯងមិនទាន់រកគោលដៅជីវិតឃើញ ហើយមិនទាន់បានកសាងសមត្ថភាពខ្លួនឯងឱ្យប្រសើរនូវឡើយប្រសិនបើគ្មានឪពុកម្តាយជាអ្នកផ្គត់ផ្គង់ ។ បន្ទាប់ពីនោះ វាក្លាយជាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទៅវិញ ចុងក្រោយគឺគ្មានបានអ្វីក្រៅពីការដាក់បន្ទុក ដាក់សម្ពាធឱ្យខ្លួនឯងបន្ថែមមួយកម្រិត ។
ការរៀបការដោយការស្រឡាញ់គ្នា យល់ចិត្តគ្នា ស្គាល់ពីគ្នា ហើយមានគោលដៅជីវិតត្រឹមត្រូវគឺជាការប្រសើរបំផុត ។ ការរៀបការដែលអាចនាំទុក្ខនៅពេលអនាគត ពេលការរៀបការដែលស្រឡាញ់គ្នាឆាប់តែមួយឆាវ មិនទាន់ស្គាល់ចិត្តគ្នាច្បាស់ ហើយទាំងម្នាក់ៗមិនទាន់មានទំនួលខុសត្រូវ និងឯករាជ្យចំពោះជីវិតខ្លួនឯងនៅឡើយ ។
ដូច្នេះមុននឹងចង់រៀបការដូចគេត្រូវសាកសួរខ្លួនឯងនូវរឿងទាំងអស់នេះបន្តិចទៅមើល! បើអ្នកយល់ច្បាស់ពីជីវិតអាពាហ៍ពិពាហ៍មុននឹងប្រឡូកជាមួយវា នោះជីវិតគូររបស់អ្នកនិងមានសុភមង្គលយូរអង្វែង ៕