
លោក Jack Ma ម្ចាស់ក្រុមហ៊ុនយក្ស Alibaba បានឈានចូលវ័យ៥៥ ឆ្នាំហើយក្នុងឆ្នាំ២០១៩ នេះ តែលោកក៏បានចាកចេញពីជីវិតជាអ្នកជំនួញ ដោយផ្ទេរដំណែងនាយកប្រតិបត្តិ ទៅឱ្យលោក Daniel Zhang ។ នៅក្នុងថ្ងៃចុងក្រោយនោះផងដែរ លោកក៏បានផ្តាំផ្ញើទៅបុគ្គលិករបស់លោក នូវដំបូន្មានល្អៗ ចំនួន៣ ដែលគួរស្វែងយល់ ។
១. ការងារទីមួយគឺជាការងារដែលសំខាន់បំផុត
លោកបានលើកឡើងថា៖ “នៅពេលដែលអ្នកបញ្ចប់ការសិក្សា ហើយស្វែងរកការងារធ្វើ ការងារទី១របស់អ្នកគឺជាការងារដែលមានសារៈសំខាន់បំផុតសម្រាប់ជីវិតអ្នក ។ វាមិនសំខាន់ថា ក្រុមហ៊ុនមានឈ្មោះល្បីឬអត់នោះទេ តែអ្នកត្រូវស្វែងរកថៅកែ ដែលអាចបង្រៀនអ្នកឱ្យដឹងពីរបៀបធ្វើការត្រូវ ហើយចេះអភិវឌ្ឍន៍ខ្លួនឯង ហើយស្គាល់អ្វីល្អ អ្វីអាក្រក់ ។ ប្រសិនបើអ្នករកបានចៅហ្វាយបែបនេះ សូមនៅទីនោះឱ្យបាន៣ឆ្នាំ ។
២. បង្រៀនកូនជំនាញទន់ទាំងនៅក្មេង ល្អបំផុតសម្រាប់អនាគតពួកគេ
នៅត្រង់នេះ លោកបានលើកឡើងថា “យើងត្រូវតែបង្រៀនកូនរបស់យើងនូវអ្វីថ្មី ដែលប្រាកដណាស់វាមិនដូចគ្នានឹងផ្នត់គំនិតយើងពីមុននោះឡើយ ដូចជា តម្លៃ ជំនឿ ការគិតឯករាជ្យ ការងារជាក្រុម និង ការបារម្ភពីអ្នកដទៃ ។ ទាំងអស់នេះហើយ ជាជំនាញទន់ដែលពួកគេគួរមាន ហើយធ្វើឱ្យមនុស្សខុសពីម៉ាស៊ីន ។
៣. គ្មានអ្នកជំនាញសម្រាប់ថ្ងៃស្អែកឡើយ
ក្នុងពេលបង្កើត Alibaba លោក Jack Maក៏មានភាពភ័យខ្លាចដែរ ប៉ុន្តែលោកនៅតែជឿជាក់ថាលោកអាចជោគជ័យបាន ។ លោកក៏បន្ថែមថា “ឆ្នាំ១៩៩៩ គឺជាពេលដំបូងដែរមាន អ៊ីនធឺណែតប្រើប្រាស់ទូលំទូលាយ ។ អ្នកទាំងអស់គ្នាមានឱកាសស្មើគ្នា ព្រោះគ្មានអ្នកជំនាញទេនៅពេលនោះ ហើយបើប្រៀបធៀបមកដល់បច្ចុប្បន្ន ក៏គ្មានអ្នកជំនាញឡើយសម្រាប់ថ្ងៃស្អែក គ្រប់គ្នានៅតែមានឱកាស” ៕
ប្រភព៖ Economic Forum
អត្ថបទដោយ៖ ចាន់ត្រា