
វាពិតជារឿងដ៏រន្ធត់ និងគួរឱ្យតក់ស្លុតខ្លាំងបំផុត ដែលឃាតកលើទ្រូងផ្លូវតែងតែអង្គុយសំកុកចាំផ្ដាច់ជីវិតរបស់មនុស្សម្នា សឹងតែរាល់ថ្ងៃ ប្រសិនបើអ្នកបើកបរមិនមានការប្រុងប្រយ័ត្ន។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ក្នុងមួយថ្ងៃមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាមធ្យម៦នាក់ ដែលជនរងគ្រោះភាគច្រើន គឺមានអាយុចន្លោះពី ១៥ ដល់ ៤៥ ឆ្នាំ និងអ្នករបួសជាច្រើននាក់ ដែលជាក្តីបារម្ភយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាក់ស្ដែង កាលពីយប់ម្សិលមិញវេលាម៉ោង ៨ និង ៥០ នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាង ម៉ូតូ និង រថយន្តទេសចរណ៍បុកគ្នាយ៉ាងពេញទំហឹង ស្ថិតនៅលើផ្លូវ ៥៩២ កែងផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យប្ដី ប្រពន្ធ មួយគូដែលជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្ដែគួរឱ្យសោកស្ដាយបំផុតដែល នារី ជាភរិយា ព្រោះតែរងរបួសក្បាលធ្ងន់ធ្ងរពេក ត្រូវបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ។ ចំណែកឯ បុរសជាប្ដី ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេលវេលា ឆ្លងផុតពីគ្រោះថ្នាក់។ ពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តទេសចរណ៍ បានរត់គេចខ្លួនបាត់ស្រមោល។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុការណ៍បានឱ្យដឹងថា រថយន្តទេសចរណ៍ដែលមានស្លាកលេខ ភ្នំពេញ 3C-6878 មានបុរសជាអ្នកបើកបរតែម្នាក់ប៉ុណ្ណោះនៅលើរថយន្ដ បានធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែពើបប្រទះនឹងម៉ូតូហុងដាឌ្រីម ស៊េរី២០១៦ មួយគ្រឿង ដែលបើកបរដោយ ប្ដីប្រពន្ធ មួយគូ មានស្លាកលេខ 1FQ-8745 កំពុងតែឆ្លងកាត់ផ្លូវ បានបុកយ៉ាងពេញទំហឹងតែម្ដង។
យោងតាមប្រភពអ្នកធ្វើការរួមគ្នាជាមួយជនរងគ្រោះបានលើកឡើងថា ជនរងគ្រោះដែលជាភរិយាមានឈ្មោះ អូន ស្រីមុំ មុខរបរជាអ្នករៀបចំសម្លៀកបំពាក់សម្រាប់ថតខ្សែភាពយន្ដ ចំណែកឯស្វាមី មានឈ្មោះ ហួន ចាន់ណា មានមុខរបរជាអ្នកជំនាញផ្នែកថតខ្សែភាពយន្ដ។ បច្ចុប្បន្នអ្នកទាំងពីរបំរើការងារនៅក្នុងក្រុមហ៊ុនតែមួយ។ អ្នកទាំងពីរ មានកូនប្រុស ២ នាក់ កំពុងពេញស្រឡាញ់ក្នុងបន្ទុក។ អ្វីដែលគួរឱ្យសោកស្ដាយ ស្រណោះបំផុតមុនជួបគ្រោះថ្នាក់នេះ ជនរងគ្រោះពីរនាក់ប្ដី-ប្រពន្ធ ទើបបំពេញភារកិច្ចការងាររួចរាល់ ហើយលាមិត្តរួមការងារ ព្រមទាំងបាននិយាយប្រាប់មិត្តរួមការងារថាប្រញាប់ទៅផ្ទះ ទៅមើលកូនប្រុស ដែលកំពុងរង់ចាំពួកគាត់នៅផ្ទះ។ បន្ទាប់មកអ្នកទាំងពីរក៏ជិះចាកចេញពីកន្លែងការងារដែលនៅ ក្បែរកន្លែងកើតហេតុនោះ។ បើគិតពីចម្ងាយផ្លូវពីក្រុមហ៊ុន ដែលអ្នកទាំងពីរធ្វើការ ទៅកន្លែងកើតហេតុ ចំណាយពេលជិះមិនដល់ ៣ នាទីនោះទេ។ ក្រោយកើតហេតុ មិត្តរួមការងារជាច្រើន របស់ជនរងគ្រោះ មានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង មិននឹកស្មានថា ឃាតកលើទ្រូងផ្លូវចាំប្រល័យជីវិត មិត្តភក្ដិដ៏ល្អរបស់ពួកគេទាំងស្រស់ៗបែបនេះ។
បច្ចុប្បន្ន សាកសពរបស់ជនរងគ្រោះជាភរិយា ត្រូវបានសាច់ញាតិ មិត្តរួមការងារ រៀបចំពិធីបុណ្យសពតាមប្រពៃណី៕
អត្ថបទដោយ៖ Sun