
វីដេអូគួរឲ្យរន្ធត់មួយបានបង្ហាញពីសួតរបស់បុរសម្នាក់ដែលហ៊ុំព័ន្ធដោយជាតិជ័របារីប្រែទៅជាខ្មៅដូចធ្យូង ក្រោយលោកញៀនជក់បារីមួយកញ្ចប់ជារៀងរាល់ថ្ងៃ អស់រយៈពេល ៣០ ឆ្នាំពេញ ។
សួតដ៏គួរឲ្យខ្លាចរបស់បុរសចំណាស់វ័យ ៥២ ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ Wuxi People ក្នុងខេត្ត Jiangsu ប្រទេសចិន បានវះយកចេញមកក្រៅ ក្រោយបុរសរូបនេះស្លាប់ដោយសារបញ្ហាសួត ។ តាមរយៈវីដេអូដែលបានចែកចាយដោយគ្រូពេទ្យវះកាត់ ដែលមានអ្នកចូលមើលច្រើនជាង ២៥ លាននាក់លើបណ្ដាញសង្គមនោះ បានបង្ហាញច្បាស់ៗពីសួតទាំងស្រុងរបស់បុរសដែលបានស្លាប់ ដោយការញៀនជក់បារីនោះ ។
គួរបញ្ជាក់ថា អ្នកជំងឺដែលបានស្លាប់រូបនេះ បានធ្វើការចុះឈ្មោះបរិច្ចាគសរីរាង្គរបស់លោក ក្រោយពេលលោកស្លាប់ ប៉ុន្តែក្រោយធ្វើការពិនិត្យ និងរកឃើញសួតរបស់លោកបែបនេះ ខាងក្រុមគ្រូពេទ្យអះអាងថា សរីរាង្គរបស់បុរសរូបនេះគឺមិនអាចប្រើប្រាស់បាននោះឡើយ ៕
ប្រភព៖ Dailymail
អត្ថបទដោយ៖ Trassi