
បុរសម្នាក់បានប្រវាយប្រតប់អ្នកពន្លត់អគ្គិភ័យចំនួន ២ នាក់ ដោយសារតែលោកខឹងពួកគេចំណាយពេលពន្លត់ឡានកំពុងឆេះរបស់លោកយូរពេក ។
ហេតុការណ៍បានកើតឡើងនៅម្ដុំផ្លូវប្រសព្វស្ពាន Shreve and Natural Bridge កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ។ បើតាមក្រុមអ្នកពន្លត់អគ្គិភ័យបានឲ្យដឹងថា ពួកគេបានព្យាយាមពន្លត់ឡាននោះ នៅពេលម្ចាស់ឡានខឹងថា ពួកគេធ្វើការយឺតយ៉ាវពេក ក៏ចាប់ដាល់សមាជិក ២ នាក់ក្នុងក្រុមពន្លត់អគ្គិភ័យតែម្ដង ។
បើតាមវីដេអូដែលសាក្សីនៅទីនោះថតបាន បង្ហាញឲ្យឃើញថា បុរសរូបនេះត្រូវបានអ្នកពន្លត់អគ្គភ័យក្របួចដៃជាប់ក្រាបទៅដី ប៉ុន្តែក្រោយប្រលែង ក៏បានស្ទុះទៅដាល់ម្នាក់ក្នុងចំណោមពួកគេបន្ថែមទៀត ។ គួរបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យទាំង ២ រូបនោះមិនត្រូវការការព្យាបាលអ្វីនោះទេ ខណៈបុរសម្ចាស់ឡានដែលឆេះនោះត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ៕
ប្រភព៖ Dailymail
អត្ថបទដោយ៖ Trassi