តិចច្រឡំថានៅជប៉ុន ប្រជាជនជិះរថយន្តទំនើបៗច្រើនអីទៅ មើលចំណតទំនេរៗឃើញសុទ្ធតែកង់
ថ្វីដ្បិតប្រទេសជប៉ុនជាប្រទេសដ៏រីកចម្រើន ប្រជាជនមានប្រាក់ចំណូលខ្ពស់ក៏ពិតមែន ប៉ុន្តែប្រជាជនមួយចំនួនធំនៅតែប្រើកង់ជាមធ្យោបាយធ្វើដំណើរ ។ ជាក់ស្ដែងមន្ត្រីជាន់ខ្ពស់មួយរូបរបស់ជប៉ុន បានប្រាប់ «ប្រជាប្រិយ» ថា មិនថាបុគ្គលិកឯកជន ឬ ធ្វើការក្នុងវិស័យសាធារណៈនោះទេ ពួកគេនៅតែជិះកង់ដើម្បីទៅបំពេញការងារ ឬ ទៅទីកន្លែងផ្សេងៗ ប្រសិនបើពួកគេមិនចង់ជិះរថភ្លើងក្រោមដី ។
មូលហេតុដែលនាំឱ្យប្រជាជនជប៉ុនជិះកង់ វាគ្មានហេតុផលអីធំជាងការគិតគូរពីបរិស្ថាន និង សុខភាពនោះទេ ។ ពួកគេគិតថា មធ្យោបាយនេះ អាចជំនួសឱ្យការហាត់ប្រាណ ដែលពួកគេគ្មានពេលវេលាគ្រប់គ្រាន់នឹងទៅក្លឹបហាត់ប្រាណ ម្យ៉ាងទៀតជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយចំណែក ។ នេះបើតាមការលើកឡើងបន្ថែមទៀតពីមន្ត្រីជាន់ខ្ពស់រូបនោះ ៕