
យើងដឹងហើយថា ប្រទេសជប៉ុន ជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបៗ ជាពិសេសគឺឧបករណ៍ដែលជួយសម្រួលដល់ពេលវេលា និង ជីវភាពប្រជាជនឱ្យកាន់តែងាយស្រួលពីមួយកម្រិត ទៅមួយកម្រិតឥតឈប់ឈរ ដែលបច្ចុប្បន្ននេះស្ទើរតែមិនប្រើមនុស្សសម្រាប់ការផ្តល់សេវាផ្សេងៗថែមទៀតផង។ បច្ចេកវិទ្យាទំនើបទាំងនោះរួមមាន ដូចជា រថភ្លើងដែលលឿនបំផុត បង្គន់អនាម័យស្វ័យប្រវត្តិ និង មនុស្សយន្តទទួលភ្ញៀវជាដើម។
យ៉ាងណាមិញ បើគិតពីចំនួនអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងហ្វេសប៊ុក ដែលជាបណ្តាញទំនាក់ទំនងដ៏ពេញនិយមបំផុតនៅក្នុងពិភពលោកវីញ នៅក្នុងប្រទេសជប៉ុន គឺមានអ្នកប្រើប្រាស់ប្រហែលតែ ៥% នៃចំនួនប្រជាជនសរុបប៉ុណ្ណោះ។
ហេតុអ្វីបានជាហ្វេសប៊ុកមិនមែនជាទីពេញនិយមនៅក្នុងប្រទេសជប៉ុន?
យោងតាមរយៈលោក Dolores M. Bernal មានហេតុផល ២ សំខាន់ៗដែលធ្វើឱ្យជនជាតិជប៉ុនមិនសូវចូលចិត្តប្រើប្រាស់ហ្វេសប៊ុក។ ហេតុផលទី១ គឺភាសាអង់គ្លេស ដែលបច្ចុប្បន្នប្រជាជនជប៉ុននៅមានភាពយឺតយ៉ាវនៅឡើយ ក្នុងការសិក្សាភាសាអង់គ្លេស បើធៀបជាមួយប្រទេសចិន និងកូរ៉េ។ បើទោះបីជាការសិក្សាភាសាអង់គ្លេសបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់អនុវិទ្យាល័យ តែប្រព័ន្ធអប់រំមិនទាន់មានប្រសិទ្ធភាពនៅឡើយ ក្នុងការបង្រៀនភាសានេះ។
ចំណែកឯហេតុផលទី២ គឺបញ្ហានៃវប្បធម៌ ដែលមិនសូវបង្ហាញទៅខាងក្រៅ ឬ មានអាថ៌កំបាំងផ្ទាល់ខ្លួន។ ក្រៅពីប្រព័ន្ធហ្វេសប៊ុក យុវវ័យជប៉ុនភាគច្រើនចូលចិត្តប្រើប្រព័ន្ធទំនាក់ទំនងឈ្មោះ Mixi ជាង ដែលវាអនុញ្ញាតឱ្យពួកគេមិនចាំបាច់ដាក់ឈ្មោះពិត ពួកគេអាចលេងបែបមិនបញ្ចេញមុខបានច្រើនជាង និងមានលក្ខណៈទាក់ទាញសម្រាប់វប្បធម៌ ដែលមិនសូវចូលចិត្តបង្ហាញអារម្មណ៍ខ្លួនឯង ប្រាប់ទៅកាន់មនុស្សដែលមិនស្គាល់ ឬអ្នកដទៃដែលមិនមែនជាគ្រួសារ មិត្តភក្តិនៅសាលា និងមិត្តរួមការងារជាដើម៕
ប្រភព៖ The Atlantic
អត្ថបទដោយ៖ ចាន់ត្រា