អាត្មានិយមឬអត់? មិនអាចស្រឡាញ់គេ តែមិនចង់បាត់បង់គេ ព្រោះស្ដាយមិត្តភាព
តើវាជាកំហុសដែរទេ? តើវាជាភាពអាត្មានិយមដែរទេ ? ប្រសិនបើយើងមិនបានស្រឡាញ់គេ តែយើងក៏មិនចង់បាត់បង់មិត្តភាពមួយដែលធ្លាប់មានជាមួយគ្នា ។
មិត្តភាពប្រែមកជាស្នេហា វាគឺជារឿងដ៏ភ្ញាក់ផ្អើលមួយនៅពេលដែលនរណាម្នាក់បានជួបប្រទះ ។ ពេលខ្លះអ្នកពិតជាគ្មានចេតនា គ្មានបំណងឱ្យនរណាម្នាក់លង់ស្រឡាញ់អ្នកឡើយ តែពេលខ្លះសកម្មភាព ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ភាពស្និទស្នាល ដែលអ្នកផ្ដល់ឱ្យគេ ធ្វើឱ្យគេលង់លើអ្នកទាំងមិនដឹងខ្លួន អាចមកពីគេយល់ច្រឡំទង្វើរបស់អ្នកថាជាស្នេហា ឬ មួយគេមិនបានយល់ច្រឡំ គេដឹងច្បាស់ថា អ្នកទុកគេត្រឹមមិត្តតែគេហាមបេះដូងខ្លួនឯងមិនបាន ។ រឿងរ៉ាវក្លាយជាបែបនេះ តើអ្នកគួរធ្វើបែបណា ? រវាងមិត្តភាព និង ស្នេហា អ្នកពិតជាមិនអាចលាយឡំគ្នាបានឡើយ ។ អ្នកមិនអាចស្រឡាញ់គេ តែមិនមែនមានន័យថា អ្នកស្អប់គេ គឺអ្នករាប់អានទុកគេជាមនុស្សល្អម្នាក់ជីវិត ។
មកដល់ចំណុចនេះ អ្នកពិតជាពិបាកក្នុងការសម្រេចចិត្តថាតើគួរប្រាប់គេតាមត្រង់ដែរទេ ថាអ្នកមិនបានចាត់ទុកគេក្នុងន័យស្នេហាឡើយ ហើយក៏មិនអាចប្រែមិត្តភាព ទៅជាស្នេហាបានដែរ ។ បើអ្នកប្រាប់គេតាមត្រង់ តើគេអាចនឹងខូចចិត្ត ហើយមិនអាចទទួលយកបាន ដោយជ្រើសរើសដើរចេញពីជីវិតអ្នកដែរទេ ? ប៉ុន្តែបើអ្នកនៅតែបន្តផ្ដល់ក្ដីសង្ឃឹមដល់គេ អ្នកនឹងកាន់តែធ្វើឱ្យគេលង់កាន់តែខ្លាំង ហើយអ្នកប្រៀបដូចជាមនុស្សម្នាក់ កំពុងបោកប្រាស់ចិត្តគេដូច្នោះដែរ ។ តើគួរធ្វើបែបណាល្អទៅ ?
បើថ្ងៃណាមួយអ្នកត្រូវបាត់បង់គេ ព្រោះតែគេហត់នឿយនឹងតាមស្រឡាញ់អ្នក អ្វីដែលអ្នកស្ដាយបំផុត គឺមិត្តភាព អានុស្សាវរីយ៍ល្អៗធ្លាប់មានជាមួយគ្នា ហើយអ្នកពិតជាមិនអាចទទួលយកបានទេ បើថ្ងៃណាមួយត្រូវជួបមុខគ្នា តែបែរជាធ្វើមើលគ្នាមិនឃើញ ។ ជម្រើសមួយដែលល្អសម្រាប់អ្នក គឺមានតែព្យាយាមបង្ហាញឱ្យគេដឹងថា អ្នកនឹងគេត្រឹមជាមិត្ត កុំព្យាយាមទៅណាមកណាតែពីរនាក់ បើចង់ទៅមើលកុន ត្រូវទៅជាក្រុម បើចង់ញ៉ាំអីក៏គួរញ៉ាំអីជាក្រុម កុំ React Love លើរូបដែលគេបង្ហោះលើហ្វេសប៊ុក កុំចូល View story របស់គេ ។ ធ្វើយ៉ាងណាក៏ដោយសូមកុំឱ្យទង្វើរបស់អ្នកក្លាយជាការយល់ច្រឡំ សម្រាប់គេតទៅទៀត ៕