ធ្លាប់តែលាដៃសុំលុយម៉ែចាយ ដល់ពេលចេញធ្វើការរកលុយខ្លួនឯង ទើបដឹងអត្ថន័យជីវិតពិតយ៉ាងណា
លើលោកនេះគ្មានអ្វីដែលទៀតទាត់ ស្ថិតស្ថេរអមតៈបានទេ ដូចជាជីវិតមនុស្សយើងម្នាក់ៗ តែងផ្លាស់ប្ដូរទៅតាមពេលវេលា ។ កាន់តែធំ អ្នកក៏កាន់តែចេះគិត ពេលអ្នកក្លាយជាមនុស្សធំពេញលេញ អ្នកនឹងកាន់តែកាត់បន្ថយស្នាមញញឹមកាន់តែច្រើន ព្រោះរឿងអនាគត រឿងស្មុគ្រស្មាញជាច្រើន ចាប់ផ្ដើមចូលជីវិតអ្នក ។ កាលនៅក្មេងមិនទាន់ចេះគិតរឿងរកប្រាក់ចំណូល ព្រលឹមឡើងអ្វីដែលអ្នកតែងធ្វើមុនគេគឺលាដៃសុំលុយឪពុកម្ដាយ ដោយមិនខ្វល់ថាគាត់រកលុយនោះបានមកដោយត្រូវឆ្លងកាត់ ជួបរឿងរ៉ាវអ្វីខ្លះឡើយ ។ ទើបដល់ពេលអ្នកចេះរកលុយចាយខ្លួនឯង ទើបអ្នកមើលឃើញថា ពិភពលោកនេះធំធេងប៉ុនណា ប្រកួតប្រជែងពុះពារប៉ុនណា ជួបឧបសគ្គអ្វីខ្លះទម្រាំបានលុយទាំងនោះ ចូលហោប៉ៅរបស់អ្នក ។
ជីវិតក្មេងម្នាក់ដែលធ្លាប់តែរីករាយ មិនដែលចេះគិតខ្វល់អ្វីសោះ ប្រែមកចេះគិតគូរ ដឹងច្បាស់ថា អ្វីទៅដែលហៅថាជីវិត ហើយត្រូវជួបរឿងរ៉ាវអ្វីខ្លះ នៅពេលដែលអ្នកចេះរកលុយនេះឯង ។ អ្នកនឹងយល់កាន់តែច្រើនពីសង្គមមួយ មានមនុស្សច្រើនប្រភេទដែលអ្នកបានជួប អ្នកខ្លះបាននាំមកនូវមេរៀនល្អៗក្នុងជីវិត អ្នកខ្លះទៀតក៏បានបង្ហាញឱ្យអ្នកយល់ថា លើលោកនេះមានមនុស្សខ្លះអ្នកគួរតែជៀសវាង ទើបជីវិតមួយនេះរស់បានស្ងប់សុខ ។ ចេះរកលុយខ្លួនឯង អ្នកនឹងកាន់តែពិបាកដកលុយចំណាយ ព្រោះអ្នកយល់ច្បាស់ថា ទម្រាំបានលុយនោះ អ្នកត្រូវរងសម្ពាធអ្វីខ្លះ? ត្រូវស៊ូទ្រាំអត់ធ្មត់អ្វីខ្លះ? ហើយពេលនោះអ្នកនឹងយល់ថា ហេតុអ្វីពេលសុំលុយពីម៉ាក់ទិញរបស់ប្រេនម្ដងៗតឹងទ្រូងខ្លាំងម្ល៉េះ ។
ចេះរកលុយខ្លួនឯង អ្នកនឹងឃើញផ្លូវដ៏វែងឆ្ងាយ ក្ដីសង្ឃឹម ក្ដីរំពឹង កាន់តែឆ្ងាយសន្លឹម មិនអាចដើរមួយជំហានដល់ ហើយក៏មិនអាចដើរទៅដោយរលូនដោយគ្មានបន្លានោះទេ ។ ជីវិតនេះវាមិនងាយស្រួលមែន តែវាបង្រៀនឱ្យអ្នកស្គាល់អំពីតម្លៃជីវិត ថាហេតុអ្វីមនុស្សម្នាក់ៗខិតខំប្រឹងប្រែងម្ល៉េះ? អ្នកនឹងក្លាយជាមនុស្សរឹងមាំ ចេះថ្លឹងថ្លែង ចេះគិតត្រិះរិះពិចារណា ដឹងខ្ពស់ ដឹងទាប នៅពេលអ្នកចេះរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងនេះហើយ ៕