
ឃាតក បាញ់សម្លាប់មនុស្សទម្លាក់ពីលើរថយន្ត និង ឃាតក រំលោភសង្សារបស់ខ្លួនហើយសម្លាប់ទម្លាក់ចូលទឹកអូធ្វើឱ្យផ្អើលខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ដែលបានរត់គេចខ្លួនមួយរយៈកន្លងមកនោះ ឥឡូវនេះសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមប្រមាញ់រកចាប់ខ្លួនទាំងយប់ ទាំងថ្ងៃរបស់សមត្ថកិច្ចខេត្តព្រះសីហនុមកនោះ ។
នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបង្ហោះរូបភាពឃាតក ដែលកម្លាំងសមត្ថកិច្ចចាប់បាន ជាមួយនឹងការសរសេរសារធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ថា «ឯងហ៊ានប្រព្រឹត្តបទល្មើស បាញ់សម្លាប់មនុស្ស រំលោភសម្លាប់មនុស្ស សមត្ថកិច្ចរបស់យើងក៍ហ៊ានតាមចាប់ឯងទាំងយប់ទាំងថ្ងៃ យកមកផ្ទន្ទាទោសដែរ ។ ទី១-ករណីជនសង្ស័យបាញ់សម្លាប់មនុស្សទម្លាក់ពីលើឡាន រត់រួចពីរនាក់ និង អាវុធ មួយដើម ចាប់បានហើយ ។ ទី២-ជនសង្ស័យរំលោភសម្លាប់សង្សារបស់ខ្លួនទម្លាក់ទឹកអូ ចាប់បានហើយ »។
អត្ថបទដោយ៖ ឧត្តម