
ឃើញម៉ូតូចាស់ ម្ចាស់គេចតទុកចោលនៅមុខផ្ទះ លោកចោរបានមកលួចយកទៅបាត់ តែដឹងអី ម៉ូតូនោះត្រូវបានម្ចាស់របស់វាបំពាក់ប្រព័ន្ធ GPS ហើយប៉ុន្មានថ្ងៃក្រោយមក ត្រូវបានម្ចាស់របស់វាតាមរកឃើញវិញ តាមការចង្អុលបង្ហាញរបស់ប្រព័ន្ធ GPS ហើយក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ។
ករណីចោរលួចម៉ូតូនេះ បានកើតឡើង នៅវេលាម៉ោង ១៥.០០នាទី កាលពីរសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅមុខផ្ទះជនរងគ្រោះក្នុងភូមិ ព្រែករាំង សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ហើយជនរងគ្រោះដែលបាត់ម៉ូតូនោះមានឈ្មោះ ស៊ីម ផេងហុង ភេទប្រុសអាយុ ៣៩ឆ្នាំ មុរបរជាអ្នកលក់ដូរ នៅក្នុងភូមិកើតហេតុ ។ ចំណែកជនសង្ស័យជាចោរលួចម៉ូតូមានឈ្មោះ ហែល សុខហាក់ ភេទ ប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ ហើយម៉ូតូដែលជនសង្ស័យលួច ម៉ាក Honda wave C១១០ ពណ៌ខ្មៅ គ្មានផ្លាកលេខ ។
បន្ទាប់ពីបាត់ម៉ូតូប៉ុន្មានថ្ងៃ ម្ចាស់ម៉ូតូបានខិតខំដើរស្វែងរកតាមការចង្អុលបង្ហាញរបស់ប្រព័ន្ធ GPS លុះដល់វេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនឃើញវិញ នៅផ្ទះជនសង្ស័យ ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ ហើយក៏បានរាយការណ៍ជូននគរបាលប៉ុស្តិ៍រការខ្ពស់ ចុះអន្តរាគមន៍ធ្វើការឃាត់ខ្លូនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទដោយ៖ ឧត្តម