
ជារៀងរាល់ខែ មានក្រុមហ៊ុនថ្មីៗជាបន្តបន្ទាប់បានមកស្នើសុំធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងចំណោមក្រុមហ៊ុនទាំងនោះគឺមានក្រុមហ៊ុនមួយចំនួនមកបង្កើតរោងចក្រផលិតស្បែកជើង , រោងចក្រសម្លៀកបំពាក់ និង រោងចក្រកាបូប ជាដើម ។ នៅមុននេះបន្តិច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC)បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនធំៗចំនួន ៣ ដែលបានស្នើសុំមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ក្រុមហ៊ុនទាំង ៣ ដែលទទួលបានវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន ៖
១-ក្រុមហ៊ុន “EASTCROWN FOOTWEAR INDUSTRY CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជា ៤លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ១ ៥២៩កន្លែង ។
២-ក្រុមហ៊ុន “QY BAG & LUGGAGE (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជា ៣,២លានដុល្លារអាមេរិក និង អាចបង្កើតការងារជូនពលរដ្ឋធ្វើបានចំនួន ១ ០៧០កន្លែង។
៣-ក្រុមហ៊ុន“PRISTINE TEXTILE (CAMBODIA) CO., LTD.” មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណជា ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៥៩៥កន្លែង ៕
ដោយ ៖ ឧត្តម (ប្រភព CDC )
អត្ថបទដោយ៖ ឧត្តម