
បន្ទាប់ពីមានព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតថា បុរសម្នាក់បានបើករថយន្តចូលក្នុងក្បួនរថយន្តរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី កាលពីព្រឹកម៉ិញនោះ ឥឡូវនេះមន្ត្រីចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញមកបំភ្លឺហើយថា ពុំមែនជាការបើកចូលក្បួនរបស់ថ្នាក់ដឹកនាំដូចការចុះផ្សាយនោះទេ ។
ទាក់ទងនឹងរឿងនេះ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ពុំមានការបើករថយន្តចូលក្បួនថ្នាក់ដឹកនាំដូចសារព័ត៌មួយចំនួនបានចុះផ្សាយនោះទេ ដោយនៅវេលាម៉ោង៥ព្រឹក ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កងកម្លាំងចរាចរណ៍នគរបាលផ្លូវគោក ដែលរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ និង សម្រួលចរាចរណ៍ជូនគណ:ប្រតិភូជាតិ អន្តរជាតិ ក៏ដូចជាប្រជពលរដ្ឋនៅតំបន់នោះ បានឃើញរថយន្តម៉ាកព្រុសមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AZ-5242 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនរ៉េចង្កូតពេញផ្លូវ ទើបក្រុមអន្តរាគមន៍ចរាចរណ៍ចល័ត តាមឃាត់រថយន្តនោះដើម្បីធ្វើការឃាត់ខ្លួនអ្នកបើកបរ និង ជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុនោះ កម្លាំងនគរបាលក៏បានឃាត់រថយន្តនោះបាន នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ជិតរោងចក្រមិថុនានៅខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក សែម គន្ធា បានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើការការត្រួតពិនិត្យរួចបានបង្ហាញឱ្យឃើញថា បុរសម្នាក់នោះពិតជាមានសារជាតិស្រវឹង ពិតប្រាកដម៉ែន ។ ហើយបុរសរូបនោះ ក៏មិនបានបើកចូលក្នុងក្បួនរបស់ថ្នាក់ដឹកនាំនោះដែរ ៕
ដោយ ៖ ចំណូល
អត្ថបទដោយ៖ ឧត្តម