មិនបាច់ទាល់ជាសង្សារ គ្រាន់តែលើសពីមិត្តល្អូកល្អិនគ្នាខ្លាំងក៏បាន មិនបាច់បែកគ្នា
ពាក្យថាគូស្នេហ៍ ឬ គូសង្សារ គឺមនុស្សពីរនាក់បានចាប់ផ្ដើមទំនាក់ទំនងរកទៅផ្លូវស្នេហាតាំងពីដើមទី រហូតម្នាក់ៗបាក់ចិត្តស្រលាញ់គ្នាទៅវិញទៅមក ។ ពាក្យថាគូស្នេហ៍ អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាយ៉ាងស្អិតរមួត តែពេលខ្លះក៏ផ្អែមល្ហែមខ្លាំង ពេលខ្លះក៏ឈ្លោះគ្នាខ្លាំង រហូតអ្នកខ្លះដល់បែកគ្នា ហើយថែមទាំងមិនវិលមកធ្វើជាមិត្តជាមួយនឹងគ្នាវិញបានក៏មាន ។
ចំពោះស្នេហាលក្ខណៈលើសពីមិត្តភក្ដិ តែមិនមែនជាស្នេហា ហាក់កំពុងចាប់ផ្ដើមមានឥទ្ធិលពល ព្រោះស្នេហាមួយនេះ វាហាក់ស្រស់បំព្រង និង មិនសូវខ្វល់ខ្វាយចិត្តច្រើន ដូចជាស្នេហាពេញលក្ខណៈនោះទេ ។ ចំពោះគូស្នេហ៍ក្រៅពីភាពផ្អែមល្ហែមដែលមានឱ្យគ្នា អ្វីដែលពួកគេនឹងជួបប្រទះគឺ អន់ចិត្ត ប្រចណ្ឌ ឈ្លោះគ្នា ហើយត្រូវប្រឈមរឿងស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ។ ហេតុនេះអ្នកខ្លះហាក់ហត់នឿយនឹងពាក្យថាគូស្នេហ៍នេះ រហូតពេលខ្លះគិតថា គ្រាន់តែមានមិត្តល្អមួយក្នុងជីវិត អាចស្ដាប់រឿងរ៉ាវគ្រប់បែបយ៉ាងពីគេក៏គ្រប់គ្រាន់ហើយ ។
ទំនាក់ទំនងមួយស្រដៀងនឹងស្នេហាដែរ តែមិនមែនជាស្នេហា ចាប់ផ្ដើមកើតឡើង រវាងមនុស្សពីរនាក់ រាប់អានគ្នាក្នុងនាមជាមិត្តល្អ ទៅណាមកណាជាមួយគ្នា ឆាតរកគ្នាជាប្រចាំ ចេះខ្វល់ខ្វាយពីគ្នា បង្កើតភាពរីករាយជាមួយគ្នា ។ ដោយសារអ្នកទាំងពីរតែងមានស្នាមញញឹមឱ្យគ្នាជាប្រចាំនេះ ទើបពួកគេគិតថា មិនចាំបាច់ជាសង្សារនឹងគ្នាក៏បាន ត្រឹមមានមនុស្សបែបនេះម្នាក់ក្នុងជីវិតមិនចាំបាច់បែកគ្នាផង ។ តាមពិត ក្នុងទំនាក់ទំនងនេះ អ្នកទាំងពីរកំពុងឆ្ពោះទៅរកពាក្យថា គូស្នេហ៍ពេញលក្ខណៈដូចគ្នា តែនៅមិនទាន់ អាចរំលងបន្ទាត់នេះបាន ព្រោះម្នាក់ៗនៅចាំសង្កេតមើលទង្វើ និង អ្វីៗដែលដៃគូម្ខាងទៀតផ្ដល់ឱ្យ ។
ពាក្យថាលើសពីមិត្តនេះ អ្នកទាំងពីរអាចមានសិទ្ធិកាន់ដៃគ្នា ទៅណាមកណាជាមួយគ្នា អាចថើប ឱបគ្នា និង ផ្អែមល្ហែមជាមួយគ្នាខ្លាំង តែអ្នកទាំងពីរគ្មានសិទ្ធិឈ្លោះ គ្មានសិទ្ធិប្រច័ណ្ឌ គ្មានសិទ្ធិហួងហែង ដែលនាំឱ្យអ្នកទាំងពីរធ្វើមិនដឹងមិនឮរឿងខ្លះដែលជាភាពឯកជនរបស់ដៃគូ ។ ពេលខ្លះអ្នកទាំងពីរ ក៏មានអារម្មណ៍អន់ចិត្ត ខឹង ច្រណែន ម្ដងម្កាលដែរ តែក៏មិនខ្លាំងដូចគូស្នេហ៍គេមែនទែននោះទេ ។
ទំនាក់ទំនងនេះ អាចនឹងឆ្លងផុត ពីពាក្យថា មិត្តភក្ដិនឹងឈានទៅរកស្នេហាមួយជាក់លាក់នៅថ្ងៃណាមួយមិនខាន នៅពេលដែលអ្នកទាំងពីរស្គាល់ពីគ្នាកាន់តែច្បាស់ ហើយមិនអាចរស់ខ្វះគ្នាបាន ៕
អត្ថបទ ៖ រាជ