Connect with us

សង្គម

ក្រុមអ្នកស្រាវជ្រាវប្រាសាទអកយំរកឃើញខឿនប្រាសាទ កប់ក្នុងទំនប់ខាងត្បូងបារាយណ៍ខាងលិច !

on

Advertisement

ក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សារាបានធ្វើការកំណាយ និង ស្រាវជ្រាវ នៅប្រាសាទអកយំ ហើយក៏បានរកឃើញខឿនប្រាសាទ ដែលកប់នៅក្នុងទំនប់ ខាងត្បូងបារាយខាងលិច ។ ការធ្វើកំណាយនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិចនោះឡើងវិញ ។

បណ្ឌិតផ្នែកបុរាណវិទ្យា  លោក ជា សុជាតិ ប្រធានគម្រោង និង ជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវនេះបានឱ្យដឹងថា ក្រុមអ្នកបុរាណវិទ្យាបានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ ទីតាំងដើម្បីស្វែងរកខឿនទី១ផ្នែកខាងជើងរបស់ប្រាសាទអកយំ និង ដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទ និង ការតាំងទីរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។ លទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញថា ក្នុងរណ្តៅកំណាយបុរាណវិទ្យាចំនួន៣មានសំណល់ខឿនក្រោមបង្អស់ ឬខឿនទីមួយរបស់ប្រាសាទអកយំ ដែលបានលុបបាត់ក្នុងតួទំនប់ខាងត្បូងបារាយណ៍កាលពីគេលើកបារាយណ៍ទាំងមូលនេះឡើងនៅក្នុងអំឡុងសតវត្សទី១១នៃគ.ស។ សំណល់ខឿនទាំងនោះត្រូវបានរកឃើញនៅក្នុងជម្រៅចន្លោះជាមធ្យមពី១០ស.ម. ទៅ១៣០ស.ម។ ក្រុមអ្នកបុរាណវិទ្យាយល់ថា លទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទីមួយរបស់ប្រាសាទអកយំដែរ។

បច្ចុប្បន្នក្រុមការងារកំពុងជីកបន្ថែម ដោយរំពឹងថា នឹងអាចទៅដល់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និង កម្រិតទឹកក្នុងបារាយណ៍។ល។ រីឯនៅក្នុងរណ្ដៅចំនួន៤ធំៗ ស្ថិតនៅខាងលិចនៃជ្រុងពាយ័ព្យនៃខឿនទីមួយរបស់ប្រាសាទអកយំវិញ ក្រុមអ្នកបុរាណវិទ្យាបានរកឃើញមានថ្មភ្នំដែលមានទំហំធំៗជាច្រើន។ តាមការវិភាគបឋមក្រុមអ្នកបុរាណវិទ្យាយល់ឃើញថា ថ្មទាំងនោះ ត្រូវបានអ្នកជំនាន់មុនយកមកតំរៀបដើម្បីទប់ជើងទេរផ្នែកខាងជើងនៃទំនប់ខាងត្បូង ហើយក៏អាចប្រើទប់កុំឱ្យដីហូរច្រោះ បើទោះបីជាដីដែលគេលើកយកមកធ្វើទំនប់នោះ ជាប្រភេទដីឥដ្ឋដែលត្រូវបានបង្ហាប់ មានពណ៌ប្រផេះ និងមានលាយខ្សាច់ក្នុងបរិមាណតិចតួចបំផុតក្តី ។

លោកបណ្ឌិត ជា សុជាតិ បានបន្តទៀតថា ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឱ្យបានដិតដល់នោះទេ បើទោះបីជាមានការរុករកខឿនទីមួយផ្នែកខាងជើងរបស់ប្រាសាទអកយំនេះក្នុងចន្លោះឆ្នាំ១៩៣២ និង ឆ្នាំ១៩៣៥ ដោយអ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Georges Trouvé (ហ្សក ទ្រូវេ)ក៏ដោយ។ តាមរយៈការស្រាវជ្រាវ ជនជាតិបារាំងរូបនេះបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនូវឯកសារជាច្រើនដូចជា សំណេរដៃក្នុងទិនានុប្បវត្តិកំណាយ (Journaux de fouilles) របាយការណ៍ប្រចាំខែ ឯកសារប្លង់់ចំនួន៥៨ផ្ទាំង និង រូបថតចំនួន១៣៥សន្លឹក ដើម្បីជាឯកសារយោង។ បើយោងតាមការស្រាវជ្រាវរបស់លោក ហ្សក ទ្រូវេ នៅពេលនោះ គេអាចដឹងបានថា ខឿនទីមួយរបស់ប្រាសាទអកយំមានប្រវែង ១០០ម៉ែត្របួនជ្រុង កម្ពស់ប្រវែង២,៦០ម៉ែត្រ និងមានកម្រាស់ទទឹងប្រវែង ៣ម៉ែត្រ ។ រីឯការស្រាវជ្រាវជាបន្តដោយលោក Christophe Pottier (គ្រីស្តូហ្វ ប៉ូត្យេ) ដែលធ្វើឡើងក្នុងឆ្នាំ ២០០១ ឆ្នាំ២០១២ និងឆ្នាំ២០១៦ បានរំលេចឱ្យឃើញនូវទិន្នន័យថ្មីជាច្រើនបន្ថែមទៀតនៅផ្នែកខាងត្បូងប្រាសាទ និង លើសអំពីអ្វីដែលលោក ហ្សក ទ្រូវេ ធ្លាប់បានរកឃើញ។

គួរបញ្ជាក់ផងដែរថា គម្រោងស្រាវជ្រាវរចនាសម្ព័ន្ធផ្នែកខាងជើងប្រាសាទអកយំនៅពេលនេះ គឺស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យានេះ គឺធ្វើឡើងទាំងសម្រាប់ការស្រាវជ្រាវផង និង សម្រាប់កំណាយបុរាណវិទ្យាបង្ការផងដែរ។ គម្រោងស្រាវជ្រាវនេះ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩ នេះ ។ នេះបើយោងតាមក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ៕

ដោយ ៖ ចំណូល

 

អត្ថបទពេញនិយម

លោកជំទាវ យឹម ឆៃលីន ស្រ្តីខ្មែរទី ១ ដែលផ្តល់កិត្តិយសដើរលើកម្រាលព្រំក្រហមជាមួយកំពូលតារាល្បីលើពិភពលោក ក្នុងកម្មវិធី Cannes Film Festival
បាត់មុខរាប់ឆ្នាំ​ ​អ៊ិ​ន​ ​វល​ក្ខ័​ទេពី​ ​នៅតែ​ស្អាតមិនចាញ់ពីដើម ពេលទើបចូលសិល្បៈ​ ​!​
រំភើបខ្លាំងណាស់ បុរសម្នាក់បែកពីម្តាយជិត ៣០ឆ្នាំ ទើបតែរកឃើញ (វីដេអូ)
តំបន់ទេសចរណ៍ធម្មជាតិតម្លៃ ៥០០ លានដុល្លារ នឹងមានវត្តមាននៅខេត្តកំពង់ស្ពឺ

មតិរបស់អ្នក

Sponsored
Sponsored