មានលុយជាង ២ពាន់ដុល្លារ អាចបង្កើតកសិដ្ឋានភ្ញាស់កូនមាន់ រកចំណូលបានរាប់លានរៀល
មិនចាំបាច់តែមុខរបរធំដុំឡើយ គ្រាន់តែមានលុយតែជាង ២ ពាន់ដុល្លារ ក៏កសិករមួយគ្រួសារ អាចបង្កើតកសិដ្ឋាន ចិញ្ចឹម និង ភ្ញាស់កូនមាន់លក់បានកម្រៃច្រើនគួរសម ដោយមិនបាច់ធ្វើចំណាកស្រុក ឬ ទៅធ្វើការឱ្យគេឡើយ ។ នេះជាសម្តីរបស់កសិករម្នាក់ឈ្មោះ ប៊ិន ថេង រស់នៅ ភូមិទឹកចេញ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយគាត់បានចិញ្ចឹមមេមាន់យកពងភ្ញាស់តែ ២០០ ក្បាលប៉ុណ្ណោះ គាត់អាចរកចំណូលបានរាប់លានរៀលក្នុង១ខែៗពីការលក់កូនមាន់របស់គាត់នេះ ។
កសិករ ប៊ិន ថេង បានឱ្យដឹងថា បច្ចុប្បន្នគាត់ចិញ្ចឹមបំប៉នមាន់មេចំនួន ២០០ក្បាល មាន់ឈ្មោល ៣០ក្បាល មាន់ស្ទាវ ១៣០ក្បាល ដោយប្រើប្រាស់កម្លាំងពលកម្ម ពីរនាក់ប្តីប្រពន្ធ ។ គាត់បង្កាត់កូនមាន់បែបសិប្បនិម្មិត ហើយអាចភ្ញាស់កូនមាន់បានពី ៥០០ ក្បាល ទៅ ៦០០ ក្បាល ក្នុងមួយខែ ហើយកូនមាន់ ដែលមានអាយុ ២១ ថ្ងៃគឺលក់ក្នុងតម្លៃ ៦ ០០០ រៀលក្នុងមួយក្បាល បើគិតទៅគាត់អាចរកចំណូលពីការលក់កូនមាន់បានចន្លោះពី ៣ ០០០ ០០០រៀល ទៅ ៣ ៦០០ ០០០ រៀល ក្នុងមួយខែៗ ហើយទៅថ្ងៃមុខទៀត រូបគាត់ចង់បង្កើនមេមាន់ឱ្យបាន ៥០០ ក្បាល ដើម្បីលក់កូនមាន់ឱ្យបានច្រើនជាងនេះ ព្រោះនៅពេលនេះ គាត់បង្កាត់កូនមាន់លក់មិនគ្រប់ឱ្យអ្នកបញ្ជាទិញឡើយ ។
កសិករ ប៊ិន ថេង បានឱ្យដឹងទៀតថា គាត់បានប្រកបរបរចិញ្ចឹមមាន់នេះអស់រយៈពេល ៥ ឆ្នាំមកហើយ ដោយបានធ្វើការព្រីកវាបន្តិចម្តងៗ ប៉ុន្តែទើបតែ ២ឆ្នាំនេះប៉ុណ្ណោះ ដែលគាត់មានបទពិសោធន៍គ្រប់គ្រាន់អាចចាប់ពង្រីក ជាកសិដ្ឋានទ្រង់ទ្រាយតូចល្មមមួយបាន ។ បើបងប្អូនកសិករចង់បើកកសិដ្ឋាន ចិញ្ចឹមមាន់ ឬ ភ្ញាស់កូនមាន់លក់ដូចគាត់ មានលុយ ចាប់ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារ ក៏អាចបង្កើតកសិដ្ឋានដូចគាត់បានហើយ និង អាចរកប្រាក់ចំណូលបានពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ខែៗ ដោយមិនបាច់ធ្វើចំណាកស្រុក ទៅធ្វើការឱ្យគេឡើយ ។
កសិករ ប៊ិន ថេង បានផ្តល់បទពិសោធន៍ក្នុងការចិញ្ចឹមមាន់នេះថា ដើម្បីឱ្យការចិញ្ចឹមមាន់ទទួលបានជោគជ័យត្រូវតែធ្វើតាមលក្ខខណ្ឌ ៥ ចំណុណនេះគឺ ទី១- ត្រូវធ្វើការបាញ់ថ្នាំសម្លាប់មេរោគទាំងក្នុងទ្រុងនិង ក្រៅទ្រុង ឱ្យបានជាប្រចាំ ,ទី២-ចាក់ថ្នាំការពារជំងឺ ,ទី៣-សម្អាតទ្រុងប្រមូលអាចម៍មាន់ចេញជាប្រចាំ ចៀសវាងជះក្លិនអាម៉ូញាក់ បណ្តាលឱ្យមាន់រលាកបំពង់ក,ទី៤-ប្រកាន់ខ្ជាប់ចិញ្ចឹមមាន់ស្រែពូជសុទ្ធ ដែលអាចប្រកួតប្រជែងទីផ្សារ ទាំងសាច់ ទាំងកូនពូជ និង ទី៥-ត្រូវចងក្រងក្រុមអតិថិជន ដែលទិញកូនមាន់ទៅចិញ្ចឹម ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា និង ជួយគ្នាទៅវិញទៅមកផ្នែកទីផ្សារ ។ ប្រសិនបើបងប្អូនចង់ដឹងពីបទពិសោធន៍ ឬ ព័ត៌មានបន្ថែមអាចទាក់ទង ទៅកាន់កសិករ ប៊ិន ថេង តាមរយៈលេខទូរស័ព្ទ៖០៩២ ២២០០ ៧៨ ៕