ចិញ្ចឹមមេទាកាប៉ាតែ ២០០ ក្បាល ភ្ញាស់កូនលក់ក្នុង ១ ខែៗរកចំណូលបានជាង ២០ លានរៀល
មិនបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅស្រុកគេនោះទេ កសិករ លី ហ៊ាង បានប្រកបរបរចិញ្ចឹមមេទាកាប៉ាមានចំនួនជាង ២០០ ក្បាល ដើម្បីយកពងភ្ញាស់លក់ ដោយសារតែមុខរបរចិញ្ចឹមទានេះ បានធ្វើឱ្យគ្រួសាររបស់គាត់ អាចរកចំណូលបានយ៉ាងច្រើនគួរសម សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់រស់យ៉ាងស្រួល ដោយពួកគាត់មិនបាច់ខ្វល់ខ្វាយទៅស្វែងរកការងារធ្វើនៅក្រៅស្រុកឡើយ ។
កសិករ លី ហ៊ាង បច្ចុប្បន្នរស់នៅក្នុងភូមិតាងើត ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តពត បានឱ្យដឹងថា ដំបូងឡើយ គាត់បានធ្វើចំណាកស្រុកទៅរកការងារធ្វើឱ្យគេ ប៉ុន្តែមួយឆ្នាំៗគ្មានសល់អ្វីឡើយ ថ្ងៃមួយពេលគាត់ត្រឡប់មកផ្ទះលេងប្រពន្ធកូន ក៏បានឃើញប្រពន្ធរបស់គាត់ចិញ្ចឹមទាមួយសម្បុក មានកូនយ៉ាងច្រើន មានធំ មានតូច គ្រាន់តែទាមួយសម្បុកនោះប្រពន្ធរបស់គាត់ ចាប់លក់ម្តងបានលុយជាង ៤០ ម៉ឺនរៀលឯណោះ ។ ពេលនោះ គាត់ក៏ភ្ញាក់ខ្លួនព្រើត ហើយក៏គិតថា ខ្ញុំខំទៅធ្វើការឱ្យគេរាប់ខែមកផ្ទះម្តង ឱ្យលុយប្រពន្ធបានតែ ១០០ដុល្លារ ទៅ ២០០ ដុល្លារ គ្រាន់តែប្រពន្ធនៅផ្ទះធ្វើស្រែផង មើលកូនផង លក់ទាមួយសម្បុកក៏បានលុយជិតប្រហែលខ្ញុំទៅធ្វើការឱ្យគេពីរ ឬ បីខែឯណោះ ។
ដោយដេកគិតម្នាក់ឯមួយយប់ ក៏សម្រេចចិត្តឈប់ទៅធ្វើការឱ្យគេ ហើយក៏បានចាប់ផ្តើមចិញ្ចឹមមេទាកាប៉ាចំនួន ៤ ទៅ ៥ ក្បាល និង ជួយធ្វើការស្រែចម្ការប្រពន្ធ ប៉ុន្តែក្រោយមក ដោយឃើញគេភ្ញាស់កូនមាន់លក់ គាត់ក៏បែកគំនិតពង្រីកការចិញ្ចឹមេទាឱ្យបានច្រើនជាបន្តបន្ទាប់រហូតដល់ទៅជាង ២០០ ក្បាល និង ទិញមេទាពូជប៉េកាំងខ្លះទៀត ។ ហើយក៏ទិញទូភ្ញាស់ កូនទាកាប៉ា និង កូនទាប៉េកាំងលក់បន្តិចម្តងៗរហូតមកដល់សព្វថ្ងៃនេះ ។ ពេលនេះ គាត់មានម៉ូយទិញកូនទាកាប៉ា និង កូនទាប៉េកាំង យកទៅចីញ្ចឹមស្ទើរគ្រប់ខេត្ត និង អ្នកទទួលទិញពីគាត់តិចពេក គាត់មិនទទួលដឹកឱ្យទេ ទាល់តែទិញ ១ ០០០ ក្បាលឡើងទៅ ទើបដឹកឱ្យ និង ម៉្យាងទៀតគាត់រវល់ណាស់ គ្រាន់តែភ្ញាស់កូនឱ្យគេសឹងធ្វើមិនទាន់ផង ។
កសិករ លី ហ៊ាង បានបន្តទៀតថា ក្រៅពីភ្ញាស់ពងទារបស់គាត់ គាត់ក៏ទិញពងទាកាប៉ា របស់អ្នកភូមិទៀតមកភ្ញាស់បន្ថែម ដែលក្នុងមួយខែៗ គាត់បានភ្ញាស់កូនទាចំនួន ៤ ដង ដែលម្តង ៗគាត់ភ្ញាស់បានកូនទាចំនួន ១ ០០០ ក្បាល មុននឹងលក់ រូបគាត់ក៏ចាក់វ៉ាក់សាំង ទើបបានដឹកឱ្យម៉ូយ ឬ ក៏ម៉ូយមកយកដល់ផ្ទះក៏មាន ។ សម្រាប់កូនទាមួយក្បាល គាត់លក់ក្នុងតម្លៃ ៥ ៥០០ រៀល នេះមិនគិតដល់ការលក់កូនទាប៉េកាំង ១ ក្បាល ៤ ០០០ រៀលផង ។ បើគិតពីចំណូលប្រចាំខែរបស់គាត់ ចំពោះតែការលក់កូន ទាកាប៉ា មួយមុខ គឺបានជាង ២០ លានរៀល នេះមិនទាន់គិតពីចំណូលក់កូនទាប៉េកាំង និង មិនទាន់គិតពីចំណាយផ្សេងៗទៀតឡើយ ។
កសិករ លី ហ៊ាង បានបន្តទៀតថា គាត់ចាប់ផ្តើម បង្កើត «កសិដ្ឋាន កូនទាកាប៉ា កូនមាន់ស្រែ 100% »ជារបរចិញ្ចឹមទាការប៉ា និង ភ្ញាស់កូនលក់នេះអស់រយៈពេល ២ ឆ្នាំមកហើយ ដែលពូជទាកាប៉ារបស់គាត់ ចិញ្ចឹមចាប់ពី ២ ខែ ២០ថ្ងៃ ទៅ ៣ ខែគឺបានលក់ ដែលទាញី១ក្បាល មានទម្ងន់ ៣ គីឡូក្រាម និង ទាឈ្មោល ១ ក្បាល មានទម្ងន់ ពី ៤ ទៅ ៥ គីឡូក្រាម សាច់ទាកាប៉ាត្រូវបានគេលក់ចាប់ពី ១៦ ០០០រៀល ទៅ ១៨ ០០០ រៀលក្នុង១គីឡូក្រាម ។ ប្រសិនបើ បងប្អូនចង់ចិញ្ចឹមទាកាប៉ាសាច់ ឬ ទាប៉េកាំង អាចទាក់ទងទៅកាន់កសិករ លី ហ៊ាង ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ ០៨៨ ៥១ ៤៧ ៦២៦ / ០៩៦ ៨៤ ៧៨ ៨៤៤ ៕