ការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិ កំពុងតែត្រូវប៉ាន់ខ្លាំង!
មុខរបរចិញ្ចឹមឃ្មុំតាមបែបធម្មជាតិកំពុងតែត្រូវប៉ាន់ ដោយសារតែបច្ចុប្បន្ននេះ ទឹកឃ្មុំធម្មជាតិ មានតម្រូវការយ៉ាងខ្លាំងនៅលើទីផ្សារ ។ ប្រជាពលរដ្ឋមួយចំនួនបានទិញទឹកឃ្មុំយកទៅធ្វើថ្នាំសម្រាប់សុខភាព និង សម្រាប់ហូបប៉ូវកម្លាំងជាដើម ។ កសិដ្ឋានចិញ្ចឹមឃ្មុំភ្នំខៀវគឺជាកសិដ្ឋានចិញ្ចឹមឃ្មុំដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ សួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ដោយក្នុងមួយខែៗកសិដ្ឋានចិញ្ចឹមឃ្មុំភ្នំខៀវបានផលិតទឹកឃ្មុំរាប់ពាន់លីត្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ។
លោកបណ្ឌិត គួយ ធាវី អតីតជាសាស្ត្រាចារ្យបង្រៀននៅរាជបណ្ឌិតសភាកម្ពុជា បានងាកមកចាប់យករបរចិញ្ចឹមឃ្មុំនេះ ដោយលោកមានប្រសាសន៍ថា តាមពិតទៅកសិដ្ឋានចិញ្ចឹមឃ្មុំភ្នំខៀវនេះគឺបានបើកដំណើរការ និង ចិញ្ចឹមអស់រយៈពេលជាង ៣ឆ្នាំ និង ៨ខែមកហើយ ប៉ុន្តែរូបខ្ញុំទើបចូលរួមក្នុងការចិញ្ចឹមឃ្មុំនេះទេ កន្លងមកមានសហគ្រិនម្នាក់ឈ្មោះគ្រុយ សារិទ្ធ ដែលគាត់បានប្រកបរបរចិញ្ចឹមឃ្មុំនេះ តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧មកម្ល៉េះ ដែលការចិញ្ចឹមឃ្មុំរបស់គាត់ទទួលបានជោគជ័យ ប៉ុន្តែគាត់មានការលំបាកនៅក្នុងការលក់លើទីផ្សារ គាត់ក៏បានហៅខ្ញុំមកចូលរួម ខ្ញុំទើបតែបានចូលរួមចិញ្ចឹមឃ្មុំនេះរយៈពេលជាង៣ខែកន្លងមកនេះទេ តែខ្ញុំចាប់ផ្តើមធ្វើទីផ្សារឃ្មុំនេះ ទើបតែបានរយៈពេលជាងមួយខែកន្លងមកនេះទេ ។ ទីផ្សារទឹកឃ្ុុំរាល់ថ្ងៃនេះល្អខ្លាំងណាស់ យើងប្រមូលបានទឹកឃ្មុំមកគឺលក់ដាច់អស់ពីស្តុកតែម្តង មិនដែលសល់នោះទេ។
បច្ចុប្បន្ននេះ នៅក្នុងកសិដ្ឋានចិញ្ចឹមឃ្មុំរបស់យើងមានធុងចិញ្ចឹមឃ្មុំចំនួន ១០៨ធុង ប៉ុន្តែចាប់តាំងពីចិញ្ចឹមឃ្មុំមកគឺយើងមានធុងចិញ្ចឹមឃ្មុំជាង ៨០០ធុង តែយើងបានលក់ឱ្យអតិថិជនអស់មួយចំនួនធំ នៅសល់តែ ១០៨ធុងប៉ុណ្ណោះ ។ ឥឡូវដល់ខែវស្សាទឹកដមធម្មជាតិរបស់ឃ្មុំល្អ ដូច្នេះយើងនឹងពង្រីកធុងចិញ្ចឹមឃ្មុំឱ្យបានដល់ ១០០០ធុង ។
ក្នុងការយកទឹកឃ្មុំនេះគឺ១០ថ្ងៃ ឬ ១៤ ថ្ងៃយើងយកម្តង ក្នុងមួយធុងឃ្មុំ ដែលយើងបានដាក់ចិញ្ចឹមនោះ វាបានផ្តល់ទឹកឃ្មុំចំនួន ៤លីត្រ ប៉ុន្តែ៤លីត្រនេះ យើងយកពីផ្កាត្រង៉ែន តែបើចិញ្ចឹមនៅក្នុង ឬ យកពីផ្កាដំឡូងមី យើងបានពី៦ទៅ៨លីត្រក្នុងមួយធុង ។ ដោយសារការចិញ្ចឹមនៅក្នុងចម្ការដំឡូងឃ្មុំមានទឹកដមច្រើនជាងចិញ្ចឹមនៅក្នុងចម្ការត្រង៉ែន ។ ប៉ុន្តែបន្ទាប់ពីដំឡូងមី និង ត្រង៉ែន យើងចូលរដូវកៅស៊ូ និង រដូវផ្កាគរ ។ សក្តានុពល នៅខេត្តប៉ៃលិន នាពេលបច្ចុប្បន្ននេះ យើងមានចម្ការត្រង៉ែនជាង ៥០០០ហិកតា បើក្នុង១ហិកតា យើងដាក់ធុងចិញ្ចឹមឃ្្មុំបានចំនួន ១០ធុង ដូច្នេះលើផ្ទៃដីទំហំ ៥ ០០០ហិកតានោះ យើងអាចដាក់បាន ៥ម៉ឺនធុង ។ ហើយដំឡូងមីមានផ្ទៃដីទំហំ ៤១ ០០០ហិកតា ដោយ១ហិកតា យើងអាចដាក់ធុងចិញ្ចឹមឃ្មុំបានចំនួន ២០ធុង ដូច្នេះលើផ្ទៃដីជាង ៤ម៉ឺនហិកតានោះ គឺយើងអាចដាក់ធុងចិញ្ចឹមឃ្មុំបានជាង ៨២ម៉ឺនធុង ប៉ុន្តែវាមិនមែនជាចម្ការរបស់យើងនោះទេគឺយើងបានសហការជាមួយម្ចាស់ចម្ការ ដោយយើងយកធុងចិញ្ចឹមឃ្មុំទៅដាក់ចល័តពេញខេត្តប៉ៃលិនតែម្តង ។ ម្ចាស់ចម្ការគឺគេចង់ឱ្យយើងយកធុងចិញ្ចឹមឃ្មុំទៅដាក់ ដើម្បីឱ្យវាបង្្កាត់ពូជបានល្អ ធ្វើឱ្យវាកាន់ផ្លែបានច្រើន ហើយវានឹងជួយកម្ចាត់សត្វចង្រៃដទៃទៀត កុំឱ្យមកយាយីផ្ការផ្លែដំណាំទាំងនោះផងដែរ ។
ឥឡូវនេះ ខ្ញុំកំពុងធ្វើការជាមួយរដ្ឋាភិបាល និង អង្គការជាដៃគូ ដើម្បីរុញខេត្តប៉ៃលិនទាំងមូលឱ្យទៅជាខេត្តមួយមានសក្តានុពលផលិតទឹកឃ្មុំធំជាងគេនៅកម្ពុជា យើងចង់ឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនមានធុងចិញ្ចឹមឃ្មុំឱ្យបានច្រើនកន្លែង ។ បើ់ខ្ញុំគិតពីទំហំលុយនោះ ក្នុងមួយធុងយកម្តងបាន ៤លីត្រ ក្នុងរយៈពេល ១០ថ្ងៃ យើងយកម្តង អ៊ីចឹងក្នុង១ខែ យើងយកបាន១២លីត្រ ក្នុង៨២ម៉ឺនធុងនោះ យើងយកបាន១០,៤៤លានលីត្រ បើយើងលក់តែ ១០ដុល្លារក្នុង១លីត្រ យើងអាចលក់បានលុយជិត ១៥០លានដុល្លារ ។ រាល់ថ្ងៃនេះ ក្នុងចំណោមធុងចិញ្ចឹមឃ្មុំ ១០៨ធុង ហើយក្នុងរយៈពេល១០ថ្ងៃយើងយកម្តង យើងអាចប្រមូលបាន ១២៩៦លីត្រ ។ ការចិញ្ចឹមឃ្មុំរបស់យើងនេះគឺយើងចិញ្ចឹមតាមបែបធម្មជាតិទាំងអស់ គ្រាន់តែយើងរៀបចំកន្លែងឱ្យវានៅតាមចម្ការតែប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ ក្រៅពីលក់ទឹកឃ្មុំ កសិដ្ឋានចិញ្ចឹមឃ្មុំភ្នំខៀវ ក៏មានលក់ធុងចិញ្ចឹមឃ្មុំឱ្យទៅអតិថិជន ដែលចង់ប្រកបរបរចិញ្ចឹមឃ្មុំនេះផងដែរ ដោយធុងចិញ្ចឹមឃ្មុំមួយគឺលក់ក្នុងតម្លៃពី ១៥០ដុល្លារទៅ២០០ដុល្លារ ដោយមានមេឃ្មុំសម្រាប់ចិញ្ចឹមនៅក្នុងនោះ រួចជាស្រេច ។ ចង់ដឹងព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់លោកបណ្ឌិត គួយ ធាវី ដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០១៧ ៨៨ ៣០ ៤១ ៕