រៀនឆ្នាំទី ២ ផ្នែកសំណង់ បែរបោះបង់ចោល មកបើកហាងលក់បាយទាខ្វៃវិញ
មកដល់ពេលនេះ ហាងបាយទាខ្វៃ ហេង ឡុង បានបើកដំណើរការអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដោយបានជំនះការលំបាកជាច្រើន ទម្រាំតែមានអតិថិជនជាច្រើនស្គាល់ និង គាំទ្រដូចពេលនេះ ។
មានហេតុផលសំខាន់ ៣ យ៉ាង ដែលធ្វើឱ្យអាជីវកម្មមួយនេះ ទទួលបានជោគជ័យ ។ ម្ចាស់ហាងបាយទាខ្វៃ ហេង ឡុង ដែលមានឈ្មោះ តាំង ប៊ុនឡុង អាយុទើបតែ ២៨ ឆ្នាំប់ុណ្ណោះ បានបង្ហើបឱ្យដឹងពីមូលហេតុសំខាន់ ៣ យ៉ាង ដែលនាំឱ្យអាជីវកម្មនេះទទួលបានជោគជ័យនោះ មូលហេតុទី១គឺទាខ្វៃ ហេង ឡុង មានរសជាតិឈ្ងុយឆ្ងាញ់ទៅតាមបែប សាំងហ្កាពួរ ពោលគឺស្បែកទាស្រួយឆ្ងាញ់រីឯសាច់ទាវិញគឺផុយស្រួលញ៉ាំ គួបផ្សំទឹកជ្រលក់ និង ជ្រក់ក៏ឆ្ងាញ់ ។
មូលហេតុទី ២គឺចាប់តាំងពីបើកលក់ដំបូងកាលពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ តម្លៃទាខ្វៃនៅដដែលមិនឡើងថ្លៃគឺក្នុងមួយគីឡូក្រាមមានតម្លៃ ៤០.០០០ រៀល , បាយទាខ្វៃ មួយចានថ្លៃ ៨ ០០០ រៀល សូម្បីតែពេលមានពិធីបុណ្យធំៗផ្សេងៗក៏មិនលក់ឡើងថ្លៃដែរ ដោយអនុវត្តនូវទ្រឹស្តីសុខចិត្តលក់ចំណេញតិច តែលក់ឱ្យបានច្រើន ។
មូលហេតុទី៣គឺ ទោះជាមានពិធីបុណ្យតូចធំក្តីគឺហាងបាយទាខ្វៃ ហេង ឡុង នៅតែបើកទ្វារលក់រហូត ព្រោះយល់ថា នៅពេលហាងនានាគេឈប់លក់ច្រើន វាជាឱកាសមាសសម្រាប់គាត់ក្នុងការលក់ដូរ ព្រោះអតិថិជនច្បាស់ជានាំគ្នាសំដៅមករកហាងគាត់ ដោយសារគេទៅរកអាហារហូបនៅកន្លែងផ្សេងគ្មាន ហើយដឹងច្បាស់ថា ហាងបាយទាខ្វៃរបស់គាត់មិនដែលបិទទ្វារអត់លក់ឡើយ ឱ្យតែទៅទីនោះដឹងតែមាន ដូច្នេះចេះតែល្បីតៗគ្នាពីមាត់មួយទៅមាត់មួយធ្វើឱ្យអតិថិជនចេះតែកើនឡើងជាបន្តបន្ទាប់ ។
ហាងបាយទាខ្វៃ ហេង ឡុង បើកលក់ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ២ រសៀល ទីតាំងហាងស្ថិតនៅផ្លូវ199 ផ្ទះលេខB52.B54 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ( ម្តុំផ្សាទំនើបសុវណ្ណា )មានលក់បាយទាខ្វៃ,បាយជ្រូកខ្វៃ,បាយសាស៊ីវ,បាយសាច់មាន់ស្ងោ,បាយគ្រឿងក្នុងទា ដែលក្នុង១ចានមានតម្លៃ ៨០០០ រៀល និង មានលក់ទាខ្វៃ១គីឡូក្រាមតម្លៃ ៤០ ០០០រៀល ។
រំលឹកពីពេលបើកអាជីវកម្មដំបូង លោក តាំង ប៊ុនឡុង បានឱ្យដឹងបន្តទៀតថា៖ ពេលនោះគាត់លក់ទាខ្វៃក្នុង១ថ្ងៃបានតែ ១៥ ក្បាលប៉ុណ្ណោះ ។ តែពេលនេះគាត់លក់ទាខ្វៃបានពី ៨០ ទៅ ១០០ ក្បាល និង លក់បាយបានមិនក្រោម ១ ០០០ចានឡើយក្នុងមួយថ្ងៃ ។ ពិសេសកាលពីពេលបុណ្យចូលឆ្នាំចិនកន្លងទៅ គាត់លក់ទាខ្វៃបានចំនួន ១ ០០០ ក្បាល និង ពេលបុណ្យសែនក្បាលទឹកលក់បានជាង ៨០០ ក្បាលក្នុងមួយថ្ងៃ ។
ក្រៅពីការលក់ដាច់ជាប្រចាំថ្ងៃ ក៏មានពេលវេលា និង រដូវដែលលក់ដាច់ខ្លាំងដូចជា ឆេងម៉េង,បុណ្យចូលឆ្នាំចិន,សែនក្បាលទឹក,បុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំខ្មែរ …ជាដើម ។
លោកតាំង ប៊ុនឡុង ចេះជំនាញខ្វៃទានេះពីពូបង្កើតរបស់លោក បន្ទាប់ពីចេះជំនាញខ្វៃទាយ៉ាងស្ទាត់ជំនាញហើយ រូបលោកក៏សម្រេចចិត្តបើកអាជីវកម្មនេះដោយខ្លួនឯង ដោយសុខចិត្តបោះបង់ការសិក្សាត្រឹមឆ្នាំទី២ផ្នែកសំណង់ ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន ៕