ដោយសារតែរបរដាំផ្សិត ធ្វើឱ្យគ្រួសារអ្នកស្រី អុន សុខុម ងើបផុតពីភាពក្រីក្រ
កាលពីប៉ុន្មានឆ្នាំមុន នៅពេលមិនទាន់ប្រកបរបរបណ្តុះផ្សិតចំបើងលក់នោះ គ្រួសាររបស់អ្នកស្រី អុន សុខុម ត្រូវបានគេចាត់ទុកថា ជាគ្រួសារដ៏ក្រីក្រមួយ នៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ប៉ុន្តែបន្ទាប់ពីអ្នកស្រីបានចាប់យករបរដាំផ្សិតនេះមក បានធ្វើឱ្យគ្រួសាររបស់អ្នកស្រីមានជីវភាពធូរធារសល់លុយកាក់ពង្រីករបរដាំផ្សិត និង ទិញដីធ្លីបានជាច្រើនកន្លែងថែមទៀត ។
នៅក្នុងការប្រកបរបរដាំផ្សិតនេះ អ្នកស្រីមិនមានលុយធ្វើរោងបណ្តុះផ្សិតនោះទេ ប៉ុន្តែអ្នកស្រីបានអង្គការជួយខ្លះ និង លុយអ្នកស្រីខ្ចីបុលគេខ្លះ ដើម្បីយកមកធ្វើរោងបណ្តុះផ្សិតនេះ ។ រោងផ្សិត ដែលអ្នកស្រីធ្វើមុនដំបូងមានទំហំ ៤ ម៉ែត្រ គុណ ៦ម៉ែត្រ ចំណាយដើមទុនអស់ជិត ៥ លានរៀល ប៉ុន្តែឥឡូវនេះ អ្នកស្រីមានរោងបណ្តុះផ្សិតចំនួន ៥ រោង ដែលក្នុងមួយថ្ងៃៗ អ្នកស្រីបានប្រមូលផលផ្សិតបានចន្លោះពី ២០ គីឡូក្រាម ទៅ ៣០គីឡូក្រាម ។ ដោយក្នុងមួយគីឡូក្រាមអាចលក់បានចន្លោះពី ១៣ ០០០ រៀល ទៅ ១៥ ០០០រៀល ។
អ្នកស្រី អុន សុខុម បានរៀបរាប់ថា ខ្ញុំបានចាប់ផ្តើមប្រកបរបរដាំផ្សិតនេះ កាលពីឆ្នាំ ២០១៧ កាលពីដើមឡើយគ្រួសាររបស់ខ្ញុំជាប់ជាគ្រួសារក្រីក្រមួយនៅក្នុងភូមិនេះ ហើយត្រូវបានគេជ្រើសរើសឱ្យចូលទៅក្នុងអង្គការបឹងទន្លេសាប ហើយត្រូវបានគេជ្រើសរើសឱ្យធ្វើជាអនុប្រធានក្រុម គេក៏បានហៅទៅប្រជុំនៅសាលាឃុំ ហើយក៏មានអង្គការមួយ មានគម្រោងឱ្យប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំនេះដាំផ្សិត ប៉ុន្តែមិនមានអ្នកយកគម្រោងដាំដុះផ្សិតនេះឡើយ ហើយខ្ញុំក៏ទទួលយកគម្រោងដាំផ្សិតនេះ ។ ពេលនោះខ្ញុំអត់មានលុយដាំផ្សិតនេះសោះ ខ្ញុំប្រថុយដាំ ហើយគម្រោងនេះ បើយើងមិនមានលទ្ធភាពគឺគេជួយដើមទុនយើងក្នុងការបង្កើតរោងដាំផ្សិតនេះ ។ ចំពោះការដាំផ្សិតនេះ ខ្ញុំខ្ចីលុយខាងអង្គការបឹងទន្លេសាបចំនួន ៤០ម៉ឺនរៀល ក្រៅពីនោះគឺខាងគម្រោងជាអ្នកជួយទាំងអស់ ហើយសរុបលុយក្នុងការធ្វើរោងដាំផ្សិតដំបូងគឺអស់ជិត ៥ លានរៀល ។
** បច្ចេកទេសក្នុងការដាំផ្សិតចំបើង
រោងដែលយើងធ្វើសម្រាប់ដាំផ្សិតនេះគឺត្រូវបិទបាំងវាឱ្យជិត នៅពេលយើងធ្វើរោងបានហើយ យើងធ្វើអាងតង់កៅស៊ូមួយ ហើយដាក់ទឹកចូលទៅក្នុងអាងនោះត្រឹមចង្គង់ ចំពោះទំហំរោង ៤ម៉ែត្រ គុណ ៦ម៉ែត្រនេះ យើងដាក់កំបោរសចំនួន ៥គីឡូក្រាម និង ជីអ៊ុយរ៉េបន្តិច ទៅក្នុងទឹកនោះ ហើយកូវឹកវាឱ្យសព្វទើបយើងដាក់ចំបើងចូល ។ យើងត្រាំចំបើងនៅក្នុងទឹកនោះរយៈពេល ២យប់ ២ថ្ងៃ ទើបយើងបង្ហូរទឹកនោះចេញ ហើយយើងផ្អប់វាទុករយៈពេល៥ថ្ងៃទៀត ដល់ពេលយើងផ្អប់វាគ្រប់ថ្ងៃហើយ យើងលើកវាមូលប៉ុនៗកជើង ហើយដាក់តម្រៀបវាឱ្យពេញនៅលើធ្នើរហើយ យើងយកអាចម៍រណាមកដាក់ពង្រាយពីលើវា ហើយវីវាឱ្យស្មើ លុះដល់ស្អែកឡើង ទើបយើងចំហុយវា ។ ហើយលក្ខណចំហុយនេះ គឺយើងប្រើចង្ក្រាន្តធុងសាំងចំនួន៤ ហើយតទុយោចូលទៅក្នុងរោងបណ្តុះផ្សិត ដែលបិទជិត ដោយម្ខាងដាក់ចង្ក្រាន្តចំហុយចំនួនពីរ ពេលចំហុយវារួចហើយយើងទុកមួយយប់ លុះស្អែកឡើងទើបយើងដាក់មេផ្សិត ដែលធ្វើពីសម្បកសណ្តែកបាយ សម្បកសណ្តែកសៀង ដែលគេបានលក់នៅលើទីផ្សារ ប៉ុន្តែយើងក៏ត្រូវជ្រើសរើសរកមេល្អដែរ ទើបយើងទទួលបានផលល្អ ។ បន្ទាប់ពីដាក់មេហើយ រយៈពេល បីយប់ បីថ្ងៃ ទើបយើងបាញ់ទឹកស្អាតផ្តាច់សសៃស្ព័រផ្សិតនោះ ដែលស្ព័រនោះគឺដូចជាសម្បុកពីងពែងដែរ ការដាំផ្សិតនេះ បើស្ព័រវាលូតលាស់ល្អ ទើបផ្សិតដុះល្អ ។ នៅពេលយើងបាញ់ទឹកផ្តាច់ស្ព័រនេះហើយ រយៈពេល ៧ថ្ងៃ ឬ ៨ថ្ងៃគឺយើងអាចបេះផ្សិតនេះបានហើយ ។
រោងដែលខ្ញុំធ្វើនេះ មានចំនួន ៥ធ្នើរ ហើយទីផ្សារផ្សិតចំបើងរាល់ថ្ងៃនេះ គឺល្អខ្លាំងណាស់ ឱ្យតែមានផ្សិតលក់ មានម៉ូយមកទិញដល់កន្លែងតែម្តង ដោយក្នុងមួយគីឡូក្រាមថ្លៃ ១៥ ០០០រៀល ។ ក្នុងមួយរោងគឺយើងបេះផ្សិតបានចំនួន២ដង ម្តងបេះបានចន្លោះពី ៣០ ទៅ ៥០គីឡូក្រាម ក្នុងចំណោមរោងទាំង៥នេះគឺយើងបេះវិលជុំ ជារៀងរាល់ថ្ងៃ មិនមែនបេះម្តងទាំង៥រោងនោះទេ ។ ក្នុងរោងនីមួយៗបន្ទាប់ពីយើងបេះផ្សិតបានចំនួន ២ដងហើយ យើងដូរ និង រៀបចំវាសារជាថ្មីទៀត តែមុននឹងយើងបណ្តុះផ្សិតជាថ្មី យើងត្រូវលាងសម្អាតរោង និង ធ្នើរបណ្តុះនោះឱ្យបានស្អាត ហើយបាចកំបោរសម្លាប់មេរោគជាមុនសិន ទើបយើងរៀបចំបណ្តុះផ្សិតម្តងទៀត ។
អ្នកស្រី អុន សុខុម បានរៀបរាប់បន្តទៀតថា បន្ទាប់ពីខ្ញុំប្រកបរបរដាំផ្សិតនេះមក ជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុនច្រើន ដោយខ្ញុំបានយកលុយពីរបរដាំផ្សិតនេះ ទៅទិញដីដាំកៅស៊ូ និង ដំឡូងមី ។ កាលពីមុន ខ្ញុំមានដីតែមួយកន្លែង នៅកន្លែងផ្ទះរស់នៅរាល់ថ្ងៃនេះតែម្តង ហើយមានមុខរបរចៀនចេកលក់ក្នុងភូមិគឺរកបានព្រឹកខ្វះល្ងាច រកបានល្ងាចខ្វះព្រឹក ជីវភាពគ្រួសារនាពេលនោះ មានការពិបាកខ្លាំងមែនទែន ប៉ុន្តែក្រោយពីចាប់យករបរដាំផ្សិតនេះមក ជីវភាពគ្រួសាររបស់ខ្ញុំបានធូរធារច្រើនជាងមុន មានការហូបចុកគ្រប់គ្រាន់ សល់លុយឱ្យកូនទៅរៀនសូត្រ និង បានទិញដីបន្ថែមជាច្រើនកន្លែងទៀត ។
បើបងប្អូនចង់ដឹងពីបច្ចេកទេសក្នុងការបណ្តុះផ្សិតចំបើងនេះបន្ថែមទៀត អាចទាក់ទងទៅអ្នកស្រី អុន សុខុម ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ០៨៨ ៥០ ២៩ ១៧៩ ៕