គាំទ្រស្នាដៃខ្មែរ កាបូបកំប្លោករបស់អ្នកស្រី សូរ សម្បត្តិ ច្នៃម៉ូដស្អាតៗ កាន់ឬស្ពាយលើកមុខមាត់ណាស់
កំប្លោក គឺជារុក្ខជាតិទឹកម៉្យាង ដែលដុះពាសពេញបឹង ទន្លេ ដែលមនុស្សភាគច្រើនមើលរំលង និង ទុកវាចោល ប៉ុន្តែអ្នកស្រី សូរ សម្បត្តិ បានខិតខំប្រែក្លាយវាពីរបស់ឥតបានការ ទៅជាវត្ថុមានតម្លៃ សម្រាប់ធ្វើការនាំចេញទៀតផង ។ រយៈពេលជាង ១០ឆ្នាំមកហើយ ដែលអ្នកស្រី បានខិតខំប្រឹងប្រែងកែច្នៃកាបូបពីកំប្លោក ដើម្បីលើកកម្ពស់ផលិតផលខ្មែរ និង ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសផង និង ក្រៅប្រទេស ។
បច្ចុប្បន្ននេះអ្នកស្រី សូរ សម្បត្តិ រស់នៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ខេត្តសៀមរាបបានប្រែក្លាយ និង កែច្នៃកំប្លោក ទោជាកាបូប កន្ត្រក មួក មើលទៅពិតជាមានភាពស្រស់ស្អាត និង ទាក់ទាញយ៉ាងខ្លាំង ។ បច្ចុប្បន្ន នៅក្នុងសិប្បកម្មរបស់អ្នកស្រីមានបុគ្គលិកជាច្រើននាក់ ដែលភាគច្រើនជាស្រ្តី រស់នៅក្នុងសហគមន៍នេះផ្ទាល់តែម្តង ។ សិប្បកម្មរបស់អ្នកស្រីអាចផលិតកាបូបកំប្លោកបានចន្លោះពី ៥០០ ទៅ ១ ០០០ កាបូបក្នុង១ខែៗសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ។
អ្នកស្រី សូរ សម្បត្តិ បានឱ្យដឹងថា គាត់បានច្នៃកាបូបកំប្លោកបានជាង ១០០ ម៉ូត តាមតម្រូវការរបស់អតិថិជននៅភ្នំពេញ និង នៅតាមបណ្ដាខេត្ត និង មានគេកុម៉ង់យកទៅអាមេរិក ជប៉ុន កូរ៉េខាងត្បូង និង អាល្លឺម៉ង់ ទៀតផង ។ ជាមធ្យម អតិថិជនទាំងនោះ បានបញ្ជាទិញកាបូបកំប្លោកពីអ្នកស្រី ជិត ១០០០ កាបូប ជារៀងរាល់ខែ ។ អ្នកភ្នំពេញ និង តាមបណ្ដាខេត្តនានា ភាគច្រើនទិញយកទៅលក់បន្ត អ្នកខ្លះឱ្យធ្វើឱ្យគេ ៣០ ទៅ ៥០ កាបូប អ្នកខ្លះកុម៉ង់ដល់ទៅ ១០០ កាបូបក៏មាន បើគិតទៅប្រមាណជា ៤០០ ទៅ ៥០០ កាបូប សម្រាប់អ្នកទិញនៅក្នុងប្រទេស។ សម្រាប់អ្នកក្រៅប្រទេសបញ្ជាទិញពី ២០០ ទៅ ៥០០កាបូប សម្រាប់ ខែខ្លះ គេទិញរហូតដល់ទៅ ១០០០ កាបូបក្នុងមួយខែក៏មាន ។
អ្នកស្រី សម្បត្តិ បានបញ្ជាក់ទៀតថា ដំបូងឡើយគាត់ធ្វើកាបូបកំប្លោកលក់ធម្មតាៗ ប៉ុន្តែក្រោយមកគាត់ទទួលការបង្រៀនពីអង្គការមួយមកពីប្រទេស ជប៉ុន ក្នុងការច្នៃកំប្លោកត្បាញទៅជាកាបូបតាំងពី ឆ្នាំ២០០៧នោះមក បានធ្វើឱ្យគាត់បានចាប់យកជំនាញថ្មីនេះរហូតដល់សព្វថ្ងៃ ។ ការផលិតការបូបកំប្លោកមុនដំបូង មិនសូវទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកប៉ុន្មានទេ ពោលគឺភាគច្រើនមានការបញ្ជាទិញពីក្រៅប្រទេស ប៉ុន្តែពេលនេះ អ្នកនៅក្នុងស្រុកក៏ចាប់អារម្មណ៍ក្នុងការប្រើប្រាស់កាបូបកំប្លោករបស់គាត់យ៉ាងច្រើនដែរ ។
ចំពោះការនាំចេញទៅក្រៅប្រទេសវិញ ភាគច្រើនអ្នកបញ្ជាទិញយកតែតួខ្លួននៃកាបូបប៉ុណ្ណោះ ពោលគឺពួកគេយកទៅច្នៃដាក់ដៃ ឬ ខ្សែស្បែកជាម៉ូតថ្មីបន្តទៀត ខុសពីពលរដ្ឋខ្មែរ ដែលទិញយកកាបូបស្រាប់ៗទៅលក់បន្ត ឬ ប្រើប្រាស់ ។ ចំពោះតម្លៃកាបូប គឺចាប់ពី ១០ ទៅដល់ ៣០ ដុល្លារ ទៅតាមម៉ូតនិមួយៗ ហើយកាបូបកំប្លោកអាចប្រើបានពី ៧ ទៅ ៨ ឆ្នាំ។ តាមរយៈការធ្វើការបូបកំប្លោកលក់នេះ បានធ្វើឱ្យសិប្បកម្មផលិតកាបូបកំប្លោក បានផ្តល់ប្រាក់ខែឱ្យបុគ្គលិកបានយ៉ាងសមរម្យទៀតផង ។ ប្រសិនបើ ភ្ញៀវទេសចណ៍ ឬ លោកអ្នកចង់ទិញកាបូបកំប្លោក យកទៅប្រើប្រាស់ ឬ លក់បន្តអាចទាក់ទងទៅកាន់លេខទូរសព្ទ ០៩៥ ៥៨៦ ៥០៣ /០៩៧៦០២ ២៤ ២៥ ៕
(រូថត៖ ភោគផលយើង)