កសិករ ប្រាក់ សាវី រកចំណូល ១ ឆ្នាំបាន ១៥០០០ ដុល្លារ ពីដំណាំឈើហូបផ្លែចម្រុះ
ជំនួសឱ្យការនាំក្រូចវល្លិ៍ (ផាសិន) ចូលពីប្រទេសវៀតណាម និង ប្រទេសថៃនោះ កសិករឈ្មោះ ប្រាក់ សាវី រស់នៅភូមិដោះក្រមុំ សង្កាត់សុក្តុំ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានដាំវាយ៉ាងច្រើន ដើម្បីបម្រើឱ្យទីផ្សារក្នុងស្រុក ដែលធ្វើឱ្យជីវភាពរបស់គ្រួសារគាត់កាន់តែប្រសើរឡើងជាលំដាប់ ។
កសិករ ប្រាក់ សាវី បានឱ្យដឹងថា គាត់មានផ្ទៃដី ៧ ហិកតា ដាំដំណាំចំរុះ មានក្រូចវល្លិ៍ ប៊ឺ និង ទុរេន ហើយបច្ចុប្បន្នដំណាំឈើហូបផ្លែខាងលើទទួលបានផលល្អ និង កំពុងពេញនិយមនៅលើទីផ្សារ ពិសេសផ្លែប៊ឺសម្រាប់ភ្ញៀវអញ្ជើញមកពីភ្នំពេញ ព្រោះគាត់ដាំជាលក្ខធម្មជាតិមិនប្រើជីគីមី ប្រើតែជីលាមកគោប៉ុណ្ណោះ ។ ពេលនេះដំណាំហូបផ្លែរបស់គាត់កំពង់តែឱ្យផល ហើយគាត់បានលក់ស្ទើរតែទាំងអស់បោះដុំទៅឱ្យម៉ូយភ្នំពេញ ដោយផ្លែក្រូចវល្លិ៍ ១ គីឡូក្រាម លក់ក្នុងតម្លៃ ៨០០០ រៀល ប៊ឺ ១ គីឡូក្រាម ៧០០០ រៀល និង ទុរេនពូជម៉ាន់ថង ១ គីឡូក្រាម ១៨០០០ រៀល ដែលគិតជាមធ្យមក្នុង ១ ឆ្នាំ គាត់លក់ផ្លែឈើសរុបបាន ១០០០០ ដុល្លារទៅ ១៥០០០ ដុល្លារ ។
កសិករ ប្រាក់ សាវី បានរៀបរាប់ទៀតថា ដោយសារតែដំណាំក្នុងចំការនេះបានធ្វើឱ្យគាត់មានថវិកាគ្រប់គ្រាន់សម្រាប់ឱ្យកូនគាត់ ម្នាក់រៀនចប់បរិញ្ញាបត្រច្បាប់ និង ម្នាក់ទៀតសញ្ញាបត្រវេជ្ជបណ្ឌិត ព្រមទាំងកូនម្នាក់កំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២០ នេះ ។
ក្នុងឱកាសទៅបំពេញការងារនៅខេត្តមណ្ឌលគិរី ឯកឧត្តម វេង សាខុន រមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកទឹកចិត្តកសិករ ប្រាក់ សាវី ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតទាំងទ្រឹស្តី និង ការអនុវត្តជាក់ស្តែងធ្វើយ៉ាងណាធានាទាំងបរិមាណ និង គុណភាពសម្រាប់ផលិតផលផ្លែឈើក្នុងចំការរបស់គាត់ដែលកំពុងមានសក្តានុពលទាំងក្នុងតំបន់ និង រាជធានីភ្នំពេញ ។ ប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ទិញក្រូចវល្លិ៍ ទុរេន និង ផ្លែប៊ឺ របស់កសិករ ប្រាក់ សាវី អាចទាក់ទងទៅកានលេខទូរសព្ទ ០៩៧ ៧៩ ៧០ ១៤៥ ៕