កសិករចិញ្ចឹមទាកាប៉ា មេ ១០ ក្បាល រយៈពេល ៣ ខែលក់បានចំណូលជាង ៥ លានរៀល
ចាប់តាំងពីវិបត្តិជំងឺកូវី ១៩ ផ្ទុះឡើងមក ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅទីជបទមិនបានចេញទៅរកការងារធ្វើនៅខាងក្រៅនោះឡើយ ហើយពួកគាត់បានចាប់យកមុខរបរដាំបន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រីវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ របស់ពួកគាត់ ។ ជាក់ស្តែងដូចកសិករ ខួយ លាភ រស់នៅក្នុងភូមិបារាយណ៍ ឃុំក្រយា ស្រុកប្រសាទបាលង្គ ខេត្តកំពង់ធំ បានចាប់យករបរចិញ្ចឹមទាកាប៉ាដើម្បីយកសាច់លក់ ដែលក្នុងមួយរយៈនេះបានធ្វើឱ្យគាត់បានចំណូលច្រើនគួរសមពីការចិញ្ចឹមទាកាប៉ា នេះ ។
ស្ត្រីជាកសិករ ឈ្មោះ ខួយ លាភ បានឱ្យដឹងថា ពីមុនគាត់ចិញ្ចឹមទាកាប៉ានេះតិចតួចជាលក្ខណគ្រួសារប៉ុណ្ណោះ គ្រាន់ទុកហូបក្នុងគ្រួសារផង និង លក់ផង ប៉ុន្តែដោយមានការជួយជ្រោងជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ធំ តាមគម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប ជុំហ៊ានទី ២ ក្រោមការឧបត្ថម្ភពី ADB គាត់ត្រូវបានមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តបង្ហាត់បង្រៀនបន្ថែមលើការចិញ្ចឹមថែទាំឱ្យចំណី និង ផ្តល់កូនពូជ ទាកាប៉ាដល់គាត់ ធ្វើឱ្យការចិញ្ចឹមទាកាប៉ារបស់គាត់រីកធំជាងមុន ។
ពេនេះគាត់មានទាកាប៉ាចិញ្ចឹមយកសាច់ ១៤០ ក្បាល មេពូជ ១០ ក្បាល ដែលកូនពូជ ១០០ ក្បាលឧបត្ថម្ភដោយមន្ទីរកសិកម្ម ដើម្បីការចាប់ផ្តើមចិញ្ចឹមដំាបូងរបស់គាត់ ។ ក្រោយពីការចិញ្ចឹមរបស់គាត់រយៈពេល ៣ ខែគាត់អាចលក់ទាកាប៉ាសាច់ទាំងនោះដោយក្នុង ១ ក្បាល ទម្ងន់ ៣ គីឡូក្រាម បើគិតទៅគាត់អាចលក់ទាកាប៉ា សាច់បានជាង ៤០០ គីឡូក្រាម ដែលក្នុង ១ គីឡូក្រាមបាន ១២ ០០០ រៀល សរុបទាំងអស់គាត់លក់បានជាង ៥ លានរៀល ពីការចិញ្ចឹមទាកាប៉ាយកសាច់នេះក្នុងរយៈពេ ៣ ខែដំបូង ។
លោក ហ៊ាង ប៊ុណា មន្ត្រីទទួលបន្ទុកគម្រោងនេះ កាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប ជុំហ៊ានទី ២ បានឱ្យដឹងថា ក្រុមការងាររបស់យើងបានជួយបង្ហាត់បង្រៀនពីការថែទាំផលិតចំណីការចំណីណាខ្លះធ្វើឱ្យទាកាប៉ាឆាប់ធំមានសុខភាពល្អ ព្រមទាំងពិគ្រោះជាមួយគាត់ក្នុងការថែទាំកុំឱ្យសត្វមានជម្ងឺ ព្រមទាំងផ្តល់ពូជ និង កូនទាកាប៉ាដល់កសិករដែលខ្វះខាតហើយមានឆន្ទៈពិតប្រាកដចង់ចិញ្ចឹមវា ដើម្បីធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង ។ ប្រសិនបើបងប្អូនចង់ទិញសាច់ទាកាប៉ាអាចទាក់ទងទៅកាន់កសិករ ខួយ លាភ តាមរយៈលេខទូរសព្ទ ០៩៧ ៣៣៤ ០៩៩៦ និង លេខទូរស័ព្ទអ្នក ប្រឹក្សាក្នុងការចិញ្ចឹម ០៧៧ ៨០៦ ៦១៥ ៕