សេវាកម្មជួលកង់ជិះរបស់លោក ភឿក ឧត្តម កំពុងត្រូវប៉ាន់
បច្ចុប្បន្ននេះ សេវាកម្មជួលកង់ជិះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកន្លងមកគឺមានតែជនជាតិបរទេសប៉ុណ្ណោះ ដែលគាំទ្រ និង ជួលកង់ជិះហាត់ប្រាណ ឬ ដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ។ ប៉ុន្តែឥឡូវនេះ និន្នាការជិះកង់ហាត់ប្រាណ និង ដើរកម្សាន្តកំពុងតែមានការពេញនិយម សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ។ ហើយនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជា មិនមានហាងបម្រើសេវាកម្មជួលកង់ច្រើនឡើយគឺមានតិចតួចបំផុត ។
លោក ភឿក ឧត្តម ជាម្ចាស់ហាងបម្រើសេវាកម្មជួលកង់ដ៏ធំមួយ នៅក្នុងរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅកំពុងចម្លងអរិយក្សត្រត្រើយខាងកើត ហើយហាងរបស់លោកមានឈ្មោះថា « ហាងកង់សុខភាពល្អ »កង់របស់លោក សម្រាប់ដាក់ជួលឱ្យភ្ញៀវជិះដើរកម្សាន្តនោះ ភាគច្រើនសុទ្ធតែជាប្រភេទកង់ម៉ាកល្បីៗ ថ្មីៗ ដែលមានតម្លៃ ។ ពេលជួបជាមួយ «ប្រជាប្រិយ»លោក ភឿក ឧត្តម បានរៀបរាប់ពីអាជីវកម្មជួលកង់របស់លោកថា ខ្ញុំបានបង្កើតសេវកម្មជួលកង់នេះ ចាប់ផ្តើមតាំពីឆ្នាំ ២០០៨ – ២០០៩មកម្ល៉េះ មូលហេតុដែលខ្ញុំបើកសេវាកម្មជួលកង់ជិះនេះគឺទី ១ ដោយសារខ្ញុំស្រឡាញ់ខាងវិស័យជិះកង់នេះផង ទី២ ខ្ញុំចង់បង្កើតឱ្យមានការជិះកង់កាន់តែច្រើននៅក្នុងប្រទេសកម្ពុជាយើង ។ ហើយជាចំណុចផ្តើម ដែលពួកខ្ញុំធ្វើមកនេះ គឺចំនួនអ្នកជិះកង់មានតិចតួចបំផុត ប៉ុន្តែដោយសារតែការព្យាយាមផ្សព្វផ្សាយពីបណ្តាក្រុមហ៊ុនផ្សេងៗ ព្រមទាំងមានការចូលរួមពីខាងយើងផង ដែលបានធ្វើការផ្សាព្វផ្សាយពីតម្លៃកង់ ហើយបានធ្វើការដឹកនាំជិះកង់ជាក្រុម ជាបណ្តើរៗតាំងពីឆ្នាំ ២០០៩ ២០១០ ។ ហើយនៅពេលក្រុមផ្សេងៗនិង ប្រជាពលរដ្ឋបានឃើញ ពួកគាត់ក៏ការចាប់អារម្មណ៍ ចង់ទិញកង់ជិះហាត់ប្រាណ ទាំងនេះជាចំណុចសំខាន់ ដែលពួកខ្ញុំបង្កើតនូវសេវាកម្មជិះកង់នេះឡើង ។
បច្ចុប្បន្ននេះ «ហាងកង់សុខភាពល្អ»របស់លោក ភឿក ឧត្តម មានប្រភេទកង់ម៉ាកល្បីសម្រាប់ដាក់ជួលឱ្យភ្ញៀវជិះរហូតដល់ទៅ ២០០គ្រឿង ដែលកាលពីចាប់ផ្តើមបើកដំបូងគឺមានកង់តែ ៧ ឬ ៨គ្រឿងតែប៉ុណ្ណោះ ។ ហើយសេវាកម្មជួលកង់របស់លោក នាពេលបច្ចុប្បន្ននេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលនិយមជិះកង់ដើរកម្សាន្ត ។ លោក ភឿក ឧត្តម បានរៀបរាប់បន្តទៀតថា ដោយសារទីផ្សារកង់ចេះតែមានការរីកចម្រើន ការផ្សព្វផ្សាយព័ត៌មានអំពីកង់ចេះតែទូលំទូលាយ ហើយនិន្នាការជិះកង់ក៏កាន់តែច្រើន ដូច្នេះហើយ ទើបយើងចេះតែទិញកង់ដាក់បន្ថែមដើម្បីតម្រូវការតាមទីផ្សារ នាពេលបច្ចុប្បន្ននេះ ។ ចំពោះតម្លៃកង់ និង ម៉ាកកង់ដែលយើងប្រើរាល់ថ្ងៃនេះគឺយើងមានប្រភេទកង់ ម៉ាកស៊ីភី ចាយអិន និង មេរេដា និយាយរួមទៅគឺយើងប្រើច្រើនចម្រុះទៅតាមទីផ្សារ ទៅតាមអតិថិជន ដែលគាត់ចង់បាន ចង់ជិះកង់ប្រភេទ ឬ ម៉ាកអ្វី ហើយយើងចេះតែទិញទៅតាមតម្រូវការរបស់អតិថិជន ។ ជាទូទៅបច្ចុប្បន្ននេះ យើងប្រើប្រាស់ប្រភេទកង់ថ្មីៗ ម៉ាកល្បីៗ ដែលមានតម្លៃពី ៨០០ដុល្លារ រហូតដល់ទៅជាង ១០០០ដុល្លារ ។ សម្រាប់កង់គឺយើងមានពីរជម្រើស ដោយជម្រើសទី១ បើភ្ញៀវចង់ជួលកង់ប្រភេទធម្មតា កង់ដែលមានម៉ាករៀងទាបបន្តិចគឺយើងជួលតម្លៃ ៦ដុល្លារក្នុងមួយថ្ងៃ ។ ហើយសម្រាប់កង់សេរីថ្មីប្រភេទហ្វ្រាំងឌីស រង្វង់ធំ គឺយើងជួលតម្លៃ៨ដុល្លារក្នុងមួយថ្ងៃគឺយើងគិតចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៩យប់ ។ ហើយសម្រាប់ឯកសារដែលដាក់តម្កល់ ពេលភ្ញៀវមកជួលកង់មានដូចជា អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនជាដើម ប៉ុន្តែបើពួកគាត់មិនមានឯកសារទាំងអស់នេះទេ ពួកគាត់ត្រូវតម្កល់លុយទៅតាមតម្លៃកង់នីមួយៗ បើកង់មានតម្លៃ ៧០០ដុល្លារពួកគាត់តម្កល់លុយ ៧០០ដុល្លារដែរ ។ នៅមុនកូវីដ អតិថិជនដែលមកជួលកង់ គឺយើងមានអតិថិជនជាជនជាតិបរទេសច្រើន ដែលពួកគាត់មកលេងស្រុកលខ្មែរ តែបច្ចុប្បន្ននេះភ្ញៀវខ្មែរយើងមានសន្ទុះខ្លាំងជាងបរទេស ដែលមានប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតៗ ក្រុមហ៊ុនឯកជន ជារៀងរាល់សប្តាហ៍ គឺមានការកើនឡើងច្រើនមែនទែន ។
នៅមុនសម័យកូវីដគឺទាក់ទងខាងវិស័យទេសចរណ៍ផង ដែលយើងបានសហការនៅតាមបណ្តាក្រុមហ៊ុនទេសចរណ៍ឯកជនមួយចំនួន ជារៀងរាល់សប្តាហ៍ មិនថាចុងសប្តាហ៍ឬដើមសប្តាហ៍នោះទេ សម្រាប់ភ្ញៀវអឺរ៉ុប គឺពួកគេដើរជាប្រចាំ ដែលពួកគាត់មកដើរលេងជាក្រុម ដែលមានគ្នា ២០- ៣០នាក់ អ៊ីចឹង ក្នុងមួយថ្ងៃយើងបាន២ក្រុម ឬ ៣ក្រុមសម្រាប់ថ្ងៃធម្មតា ។សម្រាប់ចុងសប្តាហ៍គឺយើងមានចំនួនច្រើន ដូចបច្ចុប្បន្ននៅចុងសប្តាហ៍ក៏មានអ្នកមកជួលកង់ច្រើនផងដែរ ដែលជួលបានពី១០០គ្រឿងទៅជាង ១០០គ្រឿងដែរ ។ បច្ចុប្បន្ននេះ ក្នុងថ្ងៃធម្មតាពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ អាចរកចំណូលបានពីការជួលកង់ចន្លោះពី ៧០ដុល្លារ ទៅ ១០០ដុល្លារ ។ ហើយនៅថ្ងៃចុងសប្តាហ៍ យ៉ាងហោចណាស់ ក៏យើងអាចរកចំណូលបានចន្លោះពី ៣០០ ឬ ៤០០ដុល្លារឡើងដែរក្នុងមួយថ្ងៃ ។
ដើម្បីបើកអាជីវកម្មមួយឱ្យទទួលបានគឺយើងធ្វើយ៉ាងម៉េច ដើម្បីរក្សាអតិថិជន និង ធ្វើយ៉ាងម៉េចដើម្បីបង្កើនអតិថិជនថ្មីៗឱ្យគេស្គាល់ច្រើន ជាទូទៅសេវាកម្មជួលកង់នៅកន្លែងយើងខ្ញុំនេះ គឺយើងធ្វើសេវាកម្មមួយ ដែលមានលក្ខណៈពិសេស ជាមួយការជួលកង់ គឺកង់របស់យើងជាប្រភេទកង់ថ្មីៗ ដែលមានក្រុមបច្ចេកទេសមានជាង មានសម្ភារគ្រប់គ្រាន់ក្នុងការជួសជុល និយាយរួមយកចិត្តទុកដាក់ជាមួយអតិថិជន ដែលមកជួលកង់ពីកន្លែងយើងគឺយើងត្រូវយកចិត្តទុកដាក់ខ្លាំងមែនទែន ជាមួយគ្នានោះដែរ ក៏យើងមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មាន ក៏ដូចជាទំព័រហ្វេសប៊ុក ដោយផលិតជាវីដេអូផ្សាព្វផ្សាយអំពីកង់ ធ្វើឱ្យគេស្គាល់ច្រើនពីហាងរបស់យើង ។
ពេលដែលភ្ញៀវមកជួលកង់ មុននឹងពួកគាត់ជួលកង់យកទៅ យើងត្រួតពិនិត្យបច្ចេកទេសឱ្យពួកគាត់ និង ឱ្យពួកគាត់ជិះសាកជាមុនសិន ។ នៅពេលពួកគាត់យកកង់ទៅជិះ យើងហ្វ្រីមួកមួយ និង ផ្តល់ជាសម្ភារៈមួយចំនួន ឱ្យគាត់ ។ តែនៅពេលគាត់ជិះទៅឱ្យមានការប៉ះពារ ឬ បាក់បែកនោះគឺជាបន្ទុករបស់គាត់ ត្រូវចេញសង ។ មួយរយៈចុងក្រោយបន្ទាប់ពីកូវីដមកនេះ គឺសន្ទុះនៃការជិះកង់នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ជាពិសេសសម្រាប់ប្រជាពលរដ្ឋខ្មែរយើងតែម្តងគឺមានការកើនឡើងខ្ពស់ សូម្បីតែទីផ្សារកង់ ឬហាងកង់នៅក្នុងប្រទេសកម្ពុជាយើងមានការកើនឡើងច្រើនក្រុមហ៊ុនតែម្តង ដែលកាលពីមុនមានក្រុមហ៊ុនលក់កង់តែ៣ ឬ៤ក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះមានច្រើនក្រុមហ៊ុន មិនថាកង់មានតម្លៃខ្ពស់ ឬ កង់តម្លៃទាបគឺមានការនាំចូលមកច្រើនតែម្តង ។ ហើយប្រជាពលរដ្ឋដែលនាំគ្នាទៅរកវិស័យជិះកង់នេះ ប្រហែលជាពួកគាត់គិតថា បន្ទាប់ជំងឺកូវីដចូលវាយលុកនៅក្នុងប្រទេសកម្ពុជាមក ប្រហែលជាពួកគាត់ទំនេរពីការងារច្រើន អ៊ីចឹងនៅពេលពួកគាត់ទំនេរពួកគាត់យកពេលនេះជិះកង់ដើរលេង ឬ ហាត់ប្រាណដើម្បីសុខភាព ដែលការជិះកង់នេះធ្វើឱ្យអារម្មណ៍ស្រស់ថ្លា ធ្វើឱ្យសុខភាពរបស់ពួកគាត់មាំមួនតែម្តង ។
នៅពេលជំងឺកូវីដចូលមកដល់ គឺ មានការប៉ះពាល់បន្តិចដែរ ដោយសារប្រជាពលរដ្ឋខ្មែរយើងមានក្តីបារម្ភលើបញ្ហាជំងឺ មានអ្នកខ្លះមិនហ៊ានចេញពីផ្ទះផង បានធ្វើឱ្យសេវាកម្មជួលកង់របស់លោក ភឿក ឧត្តម ក៏ស្ងាត់ភ្ញៀវខ្លះដែរ ប៉ុន្តែសន្ទុះឡើងខ្លាំងមកវិញ នៅក្រោយចូលឆ្នាំខ្មែរ ដែលមានការធូរស្បើយពីជំងឺកូវីដខ្លះៗ ទើបប្រជាពលរដ្ឋខ្មែរយើងងាកមករកវិស័យជិះកង់នេះច្រើនមែនទែនតែម្តង ។ បើលោកអ្នកចង់ជួលកង់ពី «ហាងកង់សុខភាពល្អ»របស់លោក ភឿក ឧត្តម អាចទាក់ទងទៅលោកដោយផ្ទាល់តាមរយៈលេខទូស័ព្ទ ៖ ០១៥ ៩៩ ៧៩ ៣៩ ៕