ទំនេរពីការសិក្សា យុវជន ម៉ា ស៊ីឃុន ឆ្លៀតចិញ្ចឹមមាន់ខ្មៅលក់ រកចំណូលបានមិនស្ទើរ
មានមុខរបរតូចតាចជាច្រើនដែលប្រជាកសិករខ្មែរយើនៅតាមទីជនបទភាគច្រើនមើលរំលង ដោយពួកគាត់សម្លឹងទៅរកតែមុខរបរធំៗរកលុយបានច្រើនប្រសើរជាង ប៉ុន្តែមុខរបរធំៗទាំងអស់នោះមិនមែនសុទ្ធតែធ្វើឱ្យអ្នកទាំងអស់គា្នរកទទួលទានទៅបានជោគជ័យនោះឡើយ ។ អ្វីដែលគួរឱ្យសរសើរយុជនម្នាក់បានចាប់យកមុខរបរតូចតាចមួយ គឺការចិញ្ចឹមមាន់ខ្មៅតែ ៣០ ក្បាលសោះ ក៏អាចឱ្យគាត់រកចំណូលបានច្រើនគួរសមទៀតផង ។
ប្អូនប្រុស ម៉ា ស៊ីឃុន រស់ក្នុងភូមិសាក់សំរោង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអ្នកចិញ្ចឹមមាន់ខ្មៅ នោះបានឱ្យដឹងថា ប្អូនមិនប្រកបរបរចិញ្ចឹមមាន់ខ្មៅនេះធំដុំអីទេ គឺគ្រាន់ប្អូនមានពេលទំនេរពីការរៀនជាងជួសជុលរថយន្ត ឧស្សាហ៍លេងហ្វេសប៊ុកហើយក៏ចាប់អារម្មណ៍ទៅនឹងហ្វេសប៊ុកមួយចំនួនផុសរូបការចិញ្ចឹមមាន់ខ្មៅ ហើយ បានឃើញម្តាយទិញសាច់មាន់ខ្មៅមកទទួលទានមានតម្លែខ្ពស់ ក៏ចាប់អារម្មណ៍ចង់ចិញ្ចឹម មានខ្មៅសាកល្បងដោយដំបូងទិញកូនពូជមានខ្មៅពីគេតែ ៣ ក្បាលប៉ុណ្ណោះ ដោយឃើញថាលក់កូនវាបានថ្លៃ ក្រោយមកក៏ពង្រីកបន្ថែម និង ទិញពូជល្អៗខ្លះទៀតរហូតដល់បាន មេពូជ និង ឈ្មោល ៣០ ក្បាលមកបង្កាត់កូនលក់ ។
សព្វថ្ងៃ ប្អូនប្រុស ម៉ា ស៊ីឃុន មានពូជមាន់ ៤ ប្រភេទ គឺមាន់សេម៉ានី កាត់ខ្មៅថៃ ម៉ុងហ្គោល ជាប្រភេទពូមាន់ខ្មៅ និង សាកចិញ្ចឹមពូជមាន់ជើងធំទៀតផង ។ ក្នុងមួយខែៗប្អូនបង្កាត់បានកូនមាន់ខ្មៅ និង មាន់សាច់ជើងធំ ពី ៣០ ទៅ ៥០ ក្បាល ដែលលក់កូនមាន់ខ្មៅកូនកាត់ និង មាន់សាច់ជើងធំ ១ ក្បាល ៤០ ០០០ រៀល ឯមាន់ខ្មៅសុទ្ធ ១ ក្បាល ៣៥ ដុល្លារ ពេលនេះប្អូនមិនទាន់ចង់ពង្រីកការចិញ្ចឹមមាន់ខ្មៅនេះឱ្យបានធំនៅឡើយទេ ព្រោះជាប់រៀនជាងជុសជុលរថយន្ត ពេលរៀនចប់ចាំគិតបន្តទៀត ព្រោះការចិញ្ចឹមមាន់វាទាមទារឱ្យមានពេលវេលាច្រើនថែទាំវាបានដិតដល់ទើបបានផល ។
ប្អូនប្រុស ម៉ា ស៊ីឃុន បានឱ្យដឹងទៀតថា ការចិញ្ចឹមមាន់ខ្មៅយកកូននេះវាមិនងាយស្រួលប៉ុន្មានឡើយ វាទាមទារឱ្យយើង ថែទាំវា ឱ្យចំណី មើលកំដៅ និង ចាក់វ៉ាសាំងវាឱ្យត្រឹមត្រូវ តាំងពីវាញាស់ រហូតគម្រប់ ១ ខែទើបអាលក់វាចេញបាន ការលក់កូនមាន់មិនខ្វះអ្នកទិញឡើយ ឱ្យតែបង្កាត់កូនបានលក់គ្មានសល់ឡើយ ។ ប្រសិនបើបងប្អូនចង់ទិញពូជមាន់ខ្មៅ យកទៅចិញ្ចឹមអាចទាក់ទងមកកាន់លេខទូរសព្ទ ០៩៧ ៩៩ ៥៨ ១៦៩ /០៩៦ ៩៥ ៦៩ ១១៨ ៕