សារៈសំខាន់នៃវីតាមីន B ចំពោះស្រ្តីក្នុងពេលមានផ្ទៃពោះ !
វីតាមីន B មិនគ្រាន់តែជាវីតាមីនដ៏សំខាន់មួយទេ តែវាដើរតួនាទីច្រើនក្នុងការផ្តល់ជាជីវជាតិដល់រាងកាយ។ អ្នកអាចទទួលបានវីតាមីន B ទាំងអស់តាមរយៈរបបអាហារប្រចាំថ្ងៃ ខណៈពេលដែលមួយចំនួនតូចត្រូវការប្រើថ្នាំបំប៉នបន្ថែម។ ខាងក្រោមនេះគឺជារបៀបដែលវីតាមីន B ផ្តល់ប្រយោជន៍ដល់អ្នកក្នុងពេលមានផ្ទៃពោះ។
វីតាមីន B1
វាត្រូវបានគេរកឃើញថា មាននាទីដ៏សំខាន់ក្នុងការលូតលាស់របស់ទារក។ តម្រូវការសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ១.៤មីលីក្រាមក្នុងមួយថ្ងៃ។ អ្នកអាចរកវាបានក្នុងសាច់ជ្រូក សណ្តែកស្ងួត ត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ និងនំបុ័ងជាដើម។
វីតាមីន B2
តើអ្នកកំពុងតែចង់ឲ្យស្បែកមើលទៅស្រស់ស្អាត និងភ្លឺរលោងទេ? ចូរញ៉ាំអាហារសម្បូរវីតាមីន B2 ទៅ ព្រោះវាគឺជាអង់ទីអុកស៊ីដង់ និងជួយការពារមិនឲ្យមានសារធាតុគ្រោះថ្នាក់កើតច្រើនក្នុងរាងកាយទៀត។ តម្រូវការសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ១.៤មីលីក្រាមក្នុងមួយថ្ងៃ។ អ្នកអាចរកវាបានក្នុងមឺមការ៉ុត ផ្សិត ផ្លែអាលម៉ុនលីង សណ្តែកបណ្តុះ សាច់មាន់ សាច់គោ គ្រាប់ធញ្ញជាតិ ប្រូខូលី ឬស្ពៃស្ពីណាច។
វីតាមីន B3
ស្ត្រីមានផ្ទៃពោះតែងតែមានអាការៈដូចជា អស់កម្លាំង និងនឿយហត់តាមជាមួយ។ សម្រាប់តម្រូវការថាមពលចាំបាច់ និងការលូតលាស់ទាំងម្តាយ និងកូន វីតាមីន B3 ដើរតួនាទីដ៏សំខាន់សម្រាប់រឿងនេះ។ ស្ត្រីមានផ្ទៃពោះគួរតែញ៉ាំវីតាមីននេះ ១៨មីលីក្រាមក្នុងមួយថ្ងៃ។ អ្នកអាចរកវីតាមីននេះបាន ក្នុងត្រីសាលម៉ុន ធូណា សណ្តែកដី សាច់មាន់ ម្ទេសប្លោក ប៉េងប៉ោះ ដំឡូងជ្វា ថ្លើមសត្វ អង្ករសម្រូបជាដើម។
វីតាមីន B5
វីតាមីននេះមាននាទីក្នុងការរំលាយអាហារ ដែលវាចូលរួមក្នុងការបំបែកកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងខ្លាញ់។ វាជួយដល់ប្រតិកម្មគីមីសំខាន់ៗសម្រាប់ជីវិតដែលកើតឡើងក្នុងកោសិការបស់មនុស្សយើង។ ជាមធ្យម ស្ត្រីជាម្តាយគួរតែញ៉ាំ ៦មីលីក្រាមក្នុងមួយថ្ងៃ។ អ្នកអាចរកវីតាមីននេះបានក្នុង ដំឡូងជ្វា ពោត ផ្កាខាត់ណា ត្រីសាលម៉ុន ទឹកដោះគោ ក្រូច ចេក ផ្លែបឺរ សាច់មាន់ ប៉េងប៉ោះ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ។
វីតាមីន B6
វីតាមីនមួយនេះសំខាន់ក្នុងការលូតលាស់ខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់ទារកក្នុងពេលមានផ្ទៃពោះ។ សម្រាប់ស្ត្រីដែលចាញ់កូនខ្លាំង វីតាមីននេះអាចជួយបានច្រើន។ គ្រូពេទ្យក៏ច្រើនតែចេញជាថ្នាំវីតាមីនមួយនេះលើករណីចាញ់កូនខ្លាំងក្លាដែរ។ ស្ត្រីអាចញ៉ាំបាន ១.៩មីលីក្រាមក្នុងមួយថ្ងៃ។ ប្រភពនៃវីតាមីននេះមានដូចជា ផ្លែល្ហុង ផ្លែបឺ ដំឡូងជ្វា សណ្តែក ខ្ទឹមស ចេក ស្ពៃស្ពីណាច គ្រាប់ផ្កាឈូករ័ត្ន សាច់ជ្រូក សាច់មាន់។
វីតាមីន B7
ចូរប្រាកដថា អ្នកបានវីតាមីនមួយនេះគ្រប់គ្រាន់ពីចំណីអាហារ ដើម្បីទទួលបានស្បែក សក់ និងក្រចកប្រកបដោយសុខភាពល្អក្នុងពេលមានផ្ទៃពោះ។ ក្រៅពីជួយឲ្យកូនលូតលាស់ វាក៏ជួយដល់យន្តការណ៍នៃការផលិតថាមពលក្នុងរាកាយ តាមរយៈបំបែកកាបូអ៊ីដ្រាត និងប្រូតេអ៊ីនទៅជាថាមពល។ ចូរចាំថា ស្ត្រីមានផ្ទៃពោះអាចញ៉ាំបានត្រឹម ៣០ម៉ៃក្រូក្រាមទេក្នុងមួយថ្ងៃ។ ការដែលញ៉ាំច្រើនពេកអាចប៉ះពាល់ដល់ការមានផ្ទៃពោះវិញ។ ប្រភពនៃវីតាមីននេះមានដូចជា ផ្សិត ផ្លែរ៉ាសបឺរី ស៊ុតកណ្តាល សាច់មាន់ ស្ពៃស្ពីណាច ដំឡូងបារាំង ប្រូខូលី ផ្កាខាត់ណា សណ្តែកសៀង ទឹកដោះគោ សាច់ជ្រូក ឬថ្លើមសត្វ។
វីតាមីន B9
វីតាមីន B9 គឺជាវីតាមីនដ៏សំខាន់បំផុតមួយក្នុងចំណោមត្រកូលវីតាមីន B ទាំងអស់។ គ្រូពេទ្យច្រើនតែចេញថ្នាំបំប៉នវីតាមីនមួយនេះឲ្យស្ត្រីញ៉ាំក្នុងពេលមានផ្ទៃពោះ។ វាអាចបន្ថយការប្រឈមនឹងការខូចបំពង់សរសៃប្រសាទចំពោះទារកក្នុងដំណាក់កាលលូតលាស់ដំបូងក្នុងផ្ទៃ។ ស្ត្រីគួរតែញ៉ាំវា ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ ប្រភពនៃវីតាមីននេះមានដូចជា សណ្តែកបណ្តុះ ស្ពៃស្ពីណាច ផ្លែបឺរ ថ្លើមគោ។
វីតាមីន B12
វីតាមីនមួយនេះសំខាន់ក្នុងការលូតលាស់របស់ប្រព័ន្ធសរសៃប្រសាទរបស់ទារក យ៉ាងត្រឹមត្រូវ ព្រមទាំងការបង្កើតជាកោសិកាគ្រាប់ឈាមក្រហមទៀត។ ស្ត្រីមានផ្ទៃពោះ ដែលញ៉ាំបួស ត្រូវតែញ៉ាំថ្នាំបំប៉នវីតាមីន B12ជាចាំបាច់។ ប្រភពអាហារនេហមានដូចជា ទឹកសណ្តែកសៀង និងផលិតផលធ្វើពីសណ្តែកសៀង ទឹកដោះគោ យ៉ាអួ សាច់ក្រហម ត្រីសាលម៉ុន បង្គា និងថ្លើមគោ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com