មុនកូនអាយុបាន ១ ខួប គួរប្រយ័ត្នមិនត្រូវឱ្យញ៉ាំអាហារទាំងនេះ !
ការចាប់ផ្តើមឲ្យកូនញ៉ាំអាហារបន្ថែមក្រៅ គឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ពួកគេអាចរីករាយនឹងរសជាតិថ្មី និង ប្រភេទអាហារថ្មីៗ។ ប៉ុន្តែមានអាហារមួយចំនួនដែលឪពុកម្តាយមិនគួរណាឲ្យកូនញ៉ាំឡើយបើសិនជាគេមិនទាន់អាយុគ្រប់មួយឆ្នាំទេនោះ ទោះបីជាអាហារនោះឆ្ងាញ់ខ្លាំងប៉ុនណាក៏ដោយ។ ដូច្នេះ តើអាហារអ្វីខ្លះទៅ ដែលអ្នកគួរប្រយ័ត្នមិនត្រូវឱ្យញ៉ាំ?
អាហារមានជាតិប្រៃ
អាហាររបស់កូនមិនត្រូវការបន្ថែមជាតិប្រៃឡើយ ព្រោះវាមិនល្អសម្រាប់សុខភាពគេឡើយ ហើយក៏មិនល្អសម្រាប់សុខភាពមនុស្សធំដែរ។ ដល់ពេលគេអាយុបានមួយឆ្នាំ គេក៏មិនត្រូវញ៉ាំជាតិប្រៃច្រើនជាងមួយក្រាមក្នុងមួយថ្ងៃដែរ ឬ ជាតិសូដ្យូមតិចជាង ០.៤ក្រាម។
ទឹកឃ្មុំ
ទឹកឃ្មុំពេលលាបនំបុ័ងចំណិត ពិតជាឆ្ងាញ់ណាស់មែនទេ? ប៉ុន្តែកុំទាន់ឲ្យកូនញ៉ាំអី លុះត្រាតែគេអាយុបានមួយឆ្នាំសិនទៅ។ ក្នុងទឹកឃ្មុំអាចមានបាក់តេរីមួយឈ្មោះថា Botulism ដែលបានមកពីសត្វឃ្មុំ ហើយអាចជាដើមហេតុធ្វើឲ្យកូនតូចអ្នកឈឺធ្ងន់ផង។
ស៊ុត
តាមក្បួនណែនាំថ្មីបានឲ្យដឹងថា របបអាហារសម្រាប់ទារកអាយុ ៦ ខែដំបូង មិនគួរណាដាក់ឲ្យញ៉ាំស៊ុតឡើយ។ ព្រោះថា គេអាចប្រឈមនឹងជំងឺគ្រុនពោះវៀន ដូច្នេះដល់ពេលគេអាយុបានមួយឆ្នាំហើយ ចូរប្រាកដថា ស៊ុតដែលអ្នកចម្អិនឲ្យគេញ៉ាំគឺឆ្អិតល្អហើយ។
សាច់អាហារដែលមានសម្បក
ចូររង់ចាំកូនអាយុបានមួយឆ្នាំសិន មុនពេលអ្នកឲ្យគេញ៉ាំពពួកអាហារបង្គា ឬ អាហារមានសម្បកផ្សេងទៀត ព្រោះវាអាចធ្វើឲ្យគេប្រឈមនឹងការពុលអាហារ ដែលអាចបង្កគ្រោះថ្នាក់កាន់តែច្រើនទៀត។ អ្នកគួរតែឲ្យគេញ៉ាំអាហារថ្មីម្តងមួយៗ ជាពិសេសចូរធ្វើរឿងនេះដោយប្រុងប្រយ័ត្នផងបើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ីស្រាប់ ឬ គ្រួសារមានបញ្ហាអាឡែហ្ស៊ីនឹងអាហារណាមួយ។
អាហារផ្អែមៗ
ដោយសារតែកូនមិនទាន់មានធ្មេញ តែមិនមែនមានន័យថា ជាតិផ្អែមមិនអាចបង្កបញ្ហាលើសុខភាពមាត់ធ្មេញគេឡើយ។ នោះគឺអញ្ចាញធ្មេញ។
អាហារមានជាតិខ្លាញ់ប្រភេទ Saturated Fat ឬ Trans Fats ខ្ពស់
អាហារកៃឆ្នៃដូចជាសាច់ក្រកថោកៗ ឬបឺរ និងសាច់ជាប់ខ្លាញ់ មិនល្អសម្រាប់កូនទទួលទានឡើយ។ អាហារទាំងនេះផ្ទុកទៅដោយជាតិខ្លាញ់មិនផ្តល់សុខភាពច្រើនណាស់ ដែលវាជាប់ទាក់ទងនឹងជំងឺបេះដូង ដូច្នេះអ្នកគួរតែចៀសវាងឲ្យបាន។
ញ៉ាំត្រីច្រើនពេក
សម្រាប់ត្រីសាច់សៗគឺមិនអីទេ ប៉ុន្តែចូរកុំឲ្យកូនញ៉ាំត្រីសមុទ្រដូចជា ត្រីដាវអី ព្រោះវាផ្ទុកទៅដោយជាតិបារ៉តខ្ពស់ ដែលអាចបង្កបញ្ហាច្រើនដល់ការលូតលាស់របស់គេ។ អ្នកជំនាញមិនបានណែនាំឲ្យក្មេងញ៉ាំត្រីដាវ ឬត្រីឆ្លាមឡើយបើសិនជាគេមិនទាន់អាយុបាន ១៦ ឆ្នាំទេនោះ។ ត្រីសម្បូរជាតិប្រេងដូចជា ត្រីសាលម៉ុន អាចជួយដល់ការលូតលាស់ខួរក្បាល និងការពារគេពីជំងឺរយៈពេលយូរៗបាន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ motherandbaby.co.uk
ឧបត្ថម្ភដោយ ៖ UniDry