យល់ដឹងពីតម្រូវការគេងរបស់ទារក ចៀសជាងបញ្ឈរភ្នែក ព្រោះកូនមិនព្រមគេង
វាមិនខុសគ្នាពីការលូតលាស់របស់គេទេ ទារកទាំងអស់សុទ្ធតែត្រូវការពេលវេលាគេងខុសៗគ្នា។ ប៉ុន្តែអារម្មណ៍ និង ភាពសប្បាយរីករាយរបស់ទារកច្រើនតែជាការណែនាំដ៏ល្អថា គេកំពុងតែគេងបានគ្រប់គ្រាន់ឬនៅ។ បើសិនជាកូន៖
• ភ្ញាក់ ហើយយំ គេប្រហែលជាត្រូវការគេងបន្ថែមច្រើនហើយ
• ភ្ញាក់ ហើយមានអារម្មណ៍សប្បាយ គេប្រហែលជាគេងបានគ្រប់ហើយ
ពេលវេលាដែលក្មេងអាយុក្រោម ១២ ខែ ត្រូវការគេង៖
ចាប់ពី ០ ទៅ ៣ ខែ
ទារកទើបនឹងកើត ភាគច្រើនមិនអាចដឹងថា ត្រូវការគេងថ្ងៃ ឬ យប់ឡើយ ។ គេនៅកំពុងតែរៀនដើម្បីប្រាប់នូវភាពខុសគ្នារវាងថ្ងៃ និង យប់នៅឡើយទេ។ ជាទូទៅ ទារកទើបនឹងកើតត្រូវការគេង ១៦ ទៅ ២០ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង ប៉ុន្តែគេអាចនឹងភ្ញាក់ជារៀងរាល់ ២ ទៅ ៤ម៉ោងដើម្បីបៅ។ ពួកគេត្រូវការបៅច្រើនដោយសារតែក្រពះតូច។ ដល់អាយុបាន ១២ សប្តាហ៍ដំបូង គេចាប់ផ្តើមដឹងថាពេលណាថ្ងៃ និង យប់ហើយ។ ដល់អាយុបាន ៣ ខែ ទារកអាចនឹងគេងជាមធ្យមពី ១៤ ទៅ ១៥ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង។
ចាប់ពី ៣ ទៅ ៦ ខែ
ក្នុងពេលវេលានេះ ទារកភាគច្រើនគេងពី ១០ ទៅ ១៨ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង។ ជាមធ្យម គេត្រូវការគេងប្រហែល ១៤ ម៉ោង។ ថ្វីបើគេកំពុងតែលូតលាស់យ៉ាងលឿន តែទារកភាគច្រើននៅតែភ្ញាក់ដើម្បីបៅច្រើនដែរ។ ការគេងអាចមានការប្រែប្រួលច្រើនណាស់ ប៉ុន្តែជាទូទៅ គេត្រូវការគេងថ្ងៃ ៣ ដងអីដែរ។ ទារកភាគច្រើនត្រូវការការជួយពីអ្នកដើម្បីឲ្យគេគេងស្រួល។
ចាប់ពី ៦ ទៅ ១២ ខែ
ក្នុងរយៈពេល ៣ ខែ ទារកភាគច្រើនត្រូវការគេងប្រហែល ១៤ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួរតែរំពឹងទុកនៅពេលថ្ងៃ៖
• ទារកភាគច្រើនត្រូវការគេងថ្ងៃ
• ការគេងថ្ងៃច្រើនតែមានរយៈពេលយូរបំផុត ១ ទៅ ២ ម៉ោង។ ទារកខ្លះគេងយូរជាងនេះទៀត។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកគួររំពឹងទុកនៅពេលយប់៖
• ទារកភាគច្រើនត្រៀមខ្លួនសម្រាប់ការគេងនៅចន្លោះម៉ោង ៦ល្ងាច ដល់ ១០យប់
• ទារកភាគច្រើនមិនត្រូវការពេលច្រើនជាង ៣០ នាទីឡើយក្នុងការគេងលក់
• ទារកភាគច្រើនភ្ញាក់នៅពេលយប់ និង ត្រូវការមនុស្សធំជួយឲ្យគេគេងវិញ។ ទារកប្រហែលម្នាក់ក្នុងចំណោម ១០ នាក់ នឹងធ្វើបែបនេះ ៣ ទៅ៤ ដងក្នុងមួយយប់។
ឪពុកម្តាយច្រើនជាងមួយភាគបីហើយដែលនិយាយថា ពួកគេមានបញ្ហាច្រើននៅពេលកូនអាយុប៉ុណ្ណឹងគេងម្តងៗ។
ពេលវេលាដែលក្មេងអាយុចាប់ពី ១២ ខែឡើងទៅត្រូវការគេង៖
ដល់ពេលកូនអាយុចាប់ពី ១២ ទៅ ១៨ ខែហើយ ជាទូទៅគេត្រូវការគេងពី ១៣ ទៅ ១៥ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង។ ទារកភាគច្រើនគេងពីរដងក្នុងមួយថ្ងៃរហូតដល់អាយុ ១៨ឆ្នាំ។ ដល់ពេលនេះ ទារកច្រើនតែគេងថ្ងៃពីរដង។ ទារកខ្លះចាប់ផ្តើមមិនព្រមចូលគេងពេលយប់ឡើយដោយសារតែគេងថ្ងៃច្រើន ដែលជាហេតុធ្វើឲ្យឪពុកម្តាយបញ្ឈរភ្នែកតាមដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ raisingchildren.net.au
ឧបត្ថម្ភដោយ ៖ UniDry