ហេតុផល ៥ យ៉ាង កុំបង្អង់ គួរប្រញាប់សម្រាលកូនដោយវះកាត់
ពេលខ្លះអ្នកមានបំណងចង់សម្រាលកូនតាមធម្មជាតិ តែអ្វីដែលកំពុងតែកើតឡើងក្នុងពេលសម្រាលនោះអាចជារឿងមួយពិបាក និង ត្រូវការផ្លាស់ប្តូររបៀបសម្រាលវិញ ។ អ្នកអាចនឹងត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់ដោយសារតែបញ្ហាសុខភាព ឬ ដោយសារតែករណីត្រូវការសម្រាលកូនទៅតាមពេលវេលាដែលត្រូវការ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនមនុស្សយើងគិតថា ការសម្រាលកូនដោយវះកាត់បន្ទាន់អាចជារឿងមួយមិនចាំបាច់ទេ ប៉ុន្តែវាមិនមែនគ្រប់ករណីទាំងអស់នោះទេ។ ខាងក្រោមនេះ «ប្រជាប្រិយ» នឹងបង្ហាញអំពីហេតុផលមួយចំនួនដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវការសម្រាលកូនដោយវះកាត់៖
កូនថប់ដង្ហើម
នេះគឺជាហេតុផលចម្បងបំផុតមួយដែលត្រូវការសម្រាលកូនដោយវះកាត់បន្ទាន់។ បើសិនជាកូនស្ថិតក្នុងករណីថប់ដង្ហើមគ្រប់ប្រភេទក្នុងពេលសម្រាលនោះ យកល្អគួរតែជ្រើសរើសការវះកាត់វិញទៅ។ គ្រូពេទ្យអាចនឹងតាមដានចង្វាក់បេះដូងកូន។ បើសិនជាមានបញ្ហាថប់ដង្ហើម ម៉ាស៊ីននឹងប្រាប់ឲ្យដឹង ហើយគ្រូពេទ្យច្រើនតែណែនាំឲ្យសម្រាលដោយវះកាត់វិញ។
អាងត្រគាកម្តាយតូច
នេះគឺជាបញ្ហាធម្មតាមួយរបស់ម្តាយដែលបណ្តាលឲ្យមានបញ្ហាច្រើនក្នុងពេលសម្រាលតាមធម្មជាតិ។ បើសិនជាម្តាយមានអាងត្រគាកតូច និង កូនមានទំហំធំ វាអាចនឹងបណ្តាលឲ្យមានបញ្ហាមួយសម្រាប់ទារកដែលត្រូវការឆ្លងកាត់ផ្លូវដ៏តូចជាងខ្លួន។
កូនកើតបញ្ច្រាស
បើសិនជាកូនអ្នកស្ថិតក្នុងទម្រងជើងមកមុន ឬ ទម្រងទទឹងខ្លួននោះ វាពិតជារឿងមួយដែលពិបាកសម្រាលតាមធម្មជាតិណាស់។ ដូច្នេះមានតែការសម្រាលដោយវះកាត់ទើបមានសុវត្ថិភាព។
ធ្លាប់សម្រាលដោយវះកាត់ពីមុនមក
រឿងនេះមិនមែនមានន័យថា ការសម្រាលកូនតាមធម្មជាតិមិនអាចធ្វើបានក្រោយពីធ្លាប់សម្រាលដោយវះកាត់នោះទេ តែបើសិនជាអ្នកមានប្រវត្តិសម្រាលដោយវះកាត់ពីរដងហើយនោះ ឱកាសហូរឈាមក្នុងពោះក្នុងពេលសម្រាលកូនដោយធម្មជាតិគឺខ្ពស់។
ទារកបន្ទោបង់ក្នុងផ្ទៃ
បើសិនជាទារកបន្ទោបង់ក្នុងស្បូន ឬ ជុះលាមកព្រៃហើយនោះ វាអាចបញ្ជាក់ថា ទារកនឹងថប់ដង្ហើម ហើយរឿងដ៏ល្អបំផុតដែលត្រូវធ្វើនោះគឺសម្រាលកូនឲ្យបានលឿនបំផុត ជាមួយនឹងការវះកាត់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite
ឧបត្ថម្ភដោយ ៖ UniDry