សញ្ញាសំខាន់ៗដែលឪពុកម្តាយគួរចាប់អារម្មណ៍ ចៀសជាងចាំឱ្យត្រចៀកកូនហូរខ្ទុះ
ជំងឺដែលកើតឡើងច្រើនបន្ទាប់ពីជំងឺផ្តាសាយ គឺការបង្ករោគនៅត្រចៀកដែលកើតឡើងជាញឹកញាប់ទៅលើកុមារតូចៗដែរ។ ការឈឺចាប់ខ្លាំងគឺជាអាការៈដែលអាចបញ្ជាក់បានថាក្មេងមានការបង្ករោគនៅត្រចៀកបានរហូតដល់ច្រើនជាង ៨០ ភាគរយឯណោះ ហើយវាក៏ច្រើនតែកើតឡើងទៅលើទារកអាយុបីឆ្នាំដែរ ខណៈពេលដែលអាយុ ៦ ទៅ ២៤ ខែក៏ងាយនឹងរងការប៉ះពាល់ដូចគ្នា។
ការបង្ករោគនៅត្រចៀកកើតឡើងនៅពេលដែលទឹកចូលត្រចៀកនោះជាប់ក្នុងត្រចៀកផ្នែកកណ្តាល និង ក្លាយទៅជាការបង្ករោគដោយបាក់តេរី ឬ វីរុស។ រឿងនេះទំនងជាកើតឡើងនៅពេលដែលបំពង់ដែលតភ្ជាប់ពីបំពង់ករទៅត្រចៀកផ្នែកកណ្តាល (Eustachian Tube) រងការស្ទះដែរ។ ជាធម្មតា ការស្ទះនេះបង្កឡើងដោយការហើមដោយសារតែជំងឺផ្តាសាយ ហើយក៏ជាហេតុផលមួយធ្វើឲ្យការបង្ករោគក្នុងត្រចៀកកើតឡើងក្រោយពីមានជំងឺផ្តាសាយ។ ការអាឡែហ្ស៊ីក៏អាចធ្វើឲ្យមានការររលាក ដែលបង្កជាការស្ទះក្នុងបំពង់ Eustachian Tube នេះដែរ។
ដោយសារតែទារកទើបនឹងកើត និង ក្មេងចេះដើរតេសតាសមិនទាន់ចេះនិយាយឲ្យអ្នកដឹងថា គេមានអារម្មណ៍បែបណា ដូច្នេះការសម្គាល់មើលការបង្ករោគនៅត្រចៀកអាចជារឿងពិបាកសម្រាប់ឪពុកម្តាយ។ ក្មេងធំៗនឹងអាចនិយាយឲ្យអ្នកដឹងថា គេឈឺត្រចៀកបាន ប៉ុន្តែទារកទើបនឹងកើតគឺមិនអាចនិយាយបានទេ។ ដូច្នេះតើឪពុកម្តាយអាចធ្វើអ្វីបានទៅដើម្បីដឹងអំពីរឿងនេះ? ជាទូទៅ ការក្តៅខ្លួនចាប់ពី ៣៨.៨ឡើងទៅ គឺជាសញ្ញាសម្គាល់នៃការបង្ករោគនៅត្រចៀកចំពោះក្មេងដែលមិនអាចនិយាយឲ្យអ្នកដឹងបាន។
ការដែលចេះតែយកដៃទាញស្លឹកត្រចៀកចុះឡើងមិនមែនជាសញ្ញាអាចទុកចិត្តបានទេ ប៉ុន្តែការបង្ករោគនៅត្រចៀកគឺជាការឈឺចាប់ខ្លាំង ដូច្នេះអ្នកនឹងឃើញកូនយំច្រើន ឬ រញ៉ាំរញ៉ូវកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ បើសិនជាកូនអ្នកមិនសូវមាត់ករ ហើយគេងជាប់ នោះវាអាចជាការបង្ករោគនៅត្រចៀកហើយ ដោយសារតែការគេងរបស់គេមិនសូវមានសម្ពាធនៅបំពង់ Eustachian Tubes ច្រើន រហូតដល់ឈឺចាប់ទេ។ អ្វីដែលសម្គាល់ថែមទៀតដើម្បីបញ្ជាក់អំពីការបង្ករោគនៅត្រចៀកគឺថា គេពិបាកគេង មិនបៅ ក្អួត ឬរាក។ ហើយបើសិនជាអ្នកសម្គាល់ឃើញថា គេមិនអាចស្តាប់លឺល្អទេ គេប្រហែលជាមិនឆ្លើយតបនឹងការលឺសម្លេងនៅជុំវិញខ្លួនគេដូចធម្មតាឡើយ។
អ្វីដែលជាភ្លើងក្រហមសម្រាប់ឪពុកម្តាយត្រូវដឹងនោះគឺថា មានការហូរទឹក ឬខ្ទុះចេញពីត្រចៀករបស់កូន។ រឿងនេះអាចជាសញ្ញាធ្លាយក្រដាសត្រចៀក ដោយសារតែវាមានសម្ពាធខ្លាំងពេកនៅក្នុងត្រចៀកផ្នែកកណ្តាល។ ថ្វីបើការរហែកក្រដាសត្រចៀកស្តាប់ទៅគួរឲ្យខ្លាច និងអាចឈឺចាប់ខ្លាំងក៏ដោយ តែប្រហោងរហែកនេះមិនមានអ្វីធ្ងន់ធ្ងរទេ ហើយវាក៏នឹងជាវិញដោយខ្លួនឯងដែរ។
ដើម្បីបន្ថយការមិនមានផាសុកភាពរបស់កូនដោយសារតែការបង្ករោគនៅត្រចៀក គ្រូពេទ្យជំនាញខាងរោគកុមារអាចណែនាំឲ្យប្រើថ្នាំ Acetaminophen ឬ Ibuprofen។ ប៉ុន្តែចូរចៀសវាងទឹកបន្តក់ត្រចៀកដែលមិនមានវេជ្ជបញ្ជាបើសិនជាគ្រូពេទ្យមិនបានណែនាំឲ្យប្រើទេ ព្រោះវាអាចធ្វើឲ្យខូចក្រដាសត្រចៀកកូនជាប់រហូតបើសិនជាក្រដាសត្រចៀកកូនរហែកហើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry