ទារកកាន់តែឆាប់ចេះដើរ បើសិនជាឪពុកម្តាយដឹងពីគន្លឹះទាំងនេះ !
ទារកអាយុចាប់ពី ៤ ទៅ ១៥ ខែ នឹងរៀនអំពីរបៀបនៃការអង្គុយរហូតដល់ដើរដោយខ្លួនឯង។ ក្នុងពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ អ្នកអាចជួយគេអាចឆាប់មានទំនុកចិត្តលើការបោះជំហ៊ានដំបូងរបស់គេបាន ជាមួយនឹងរបៀបសាមញ្ញៗ និងការនិយាយលើកទឹកចិត្តជាដើម។
អាយុ ៤ ទៅ ៧ខែ៖ ការអង្គុយ
ក្នុងពេលលេងជាមួយគេ ចូររុញបាល់មួយលេងចុះឡើយជាមួយគេ ដើម្បីជម្រុញដល់ការប្រើប្រាស់សាច់ដុំតូចៗរបស់គេ។
អាយុ៧ ទៅ ១០ខែ៖ ការវា
ចូរជួយដល់ទារកឲ្យរៀនចេះវាពីបន្ទប់មួយទៅបន្ទប់មួយទៀត។ ក្រោយពីគេអាចធ្វើបានហើយ ចូរនិយាយលើកទឹកចិត្តគេគ្រប់អ្វីដែលគេបានធ្វើ។
អាយុ ៨ខែ៖ តោងឈរ
ចូរជួយទារកដើម្បីអាចតោងឈរបាន បន្ទាប់មក ចូរបង្ហាញគេអំពីរបៀបបន្ទច់ជង្គង់ដើម្បីអាចអង្គុយវិញ។ រឿងនេះនឹងជួយគេការពារកុំឲ្យដួលនៅពេលគេចាប់ផ្តើមដើរដោយខ្លួនឯង។
អាយុ ៨ ទៅ៩ខែ៖ ដើរមានការជួយពីមនុស្សធំ
អ្នកគួរតែអនុវត្តជួយគេបែបនេះម្តងហើយម្តងទៀត ព្រោះវាជាគន្លឹះសម្រាប់ទារកនៅពេលគេស្ថិតក្នុងដំណាក់កាលមួយនេះ។ កាលណាគេឈរដោយប្រើជើងខ្លួនឯងកាន់តែច្រើន គេកាន់តែមានអារម្មណ៍ល្អក្នុងការបោះជំហ៊ានពីរបីជំហ៊ានដោយខ្លួនឯង។
អាយុ ៨ ទៅ៩ខែ៖ តោងដើរ
ការលើកទឹកចិត្តឲ្យកូនកាន់តែមានទំនុកចិត្តខ្លាំងជាងមុននៅពេលគេដើរបានដោយការតោងរបស់របរនៅក្នុងផ្ទះ ឬជញ្ជាំងជាដើម។ ប៉ុន្តែចូរប្រាកដថា គេស្ថិតនៅកន្លែងដែលមានកម្រាលនៅខាងក្រោមទន់ៗផងដើម្បីចៀសវាងការដួលមានរបួស។
អាយុ ៩ ទៅ១២ខែ៖ ការឈរដោយមិនមានការជួយ
តុល្យភាពគឺជាគន្លឹះដ៏សំខាន់មួយសម្រាប់ការដើររបស់ទារក។ ចូរអង្គុយជាមួយកូនអ្នកនៅលើដី ហើយជួយឲ្យគេងើបឈរ។ បន្ទាប់មកចាំរាប់ថា តើគេអាចឈរយូរប៉ុណ្ណាមុនពេលគេអង្គុយចុះវិញ។ បន្ទាប់មក ចូរលើកទឹកចិត្តគេផងក្រោយពីគេព្យាយាមងើបឈរម្តងៗ។
អាយុ ៩ ទៅ ១២ខែ៖ ជំហ៊ានដំបូង
ចូរប្រើវិធីទះដៃអបអរសាទរដល់កូនអ្នកនៅពេលគេអាចដើរបានជាលើកដំបូងតាមរយៈការអង្គុយលើដី ហើយព្យាយាមងើបឈរយឺត រក្សាលំនឹងបានល្អ ហើយដើរខ្លួនឯងបាន។
អាយុ ១២ ទៅ ១៥ខែ៖ ការដើរ
វាអាចនឹងត្រូវការពេលវេលាដួលពីរបីដងដែរមុនពេលគេអាចដើរដោយខ្លួនឯងបាន។ ចូរលើកទឹកចិត្តឲ្យគេដើរឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ឧទាហរណ៍ នៅពេលអ្នកដាក់កូនចុះ ចូរដាក់គេឲ្យស្ថិតក្នុងទម្រង់ដើរចៀសជាងដាក់ឲ្យអង្គុយ។
ការពិតអំពីចង្រងដាក់ឲ្យកូនដើរ
សាលាបណ្តុះបណ្តាលផ្នែកជំងឺកុមារអាមេរិក (American Academy of Pediatrics, AAP) មិនបានលើកទឹកចិត្តឲ្យប្រើប្រាស់ឧបករណ៍នេះជាដាច់ខាត។ គេនិយាយថា ចង្ក្រងដាក់ឲ្យកូនរៀនដើរ មិនត្រឹមតែបន្ថយការចេះដើររបស់ទារកទេ តែក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ ដោយសារតែមានទារកទើបចេះដើរតេសតាសរាប់ពាន់នាក់បានចូលសម្រាកពេទ្យដោយសារតែឧបករណ៍ដ៏ពេញនិយមមួយនេះ។ ប្រទេសកាណាបានដាក់បម្រាមទៅលើការលក់ឧបករណ៍នេះនៅតាមទីផ្សា របស់គេ ហើយសហរដ្ឋអាមេរិកក៏ដូច្នេះដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry