ទារកតូចរាករូស ឪពុកម្តាយគប្បីយល់ដឹងពីវិធីថែទាំទាំងនេះ !
វាគឺជារឿងធម្មតាទេ សម្រាប់លាមករបស់ទារកមានលក្ខណៈទន់ ជាពិសេសក្នុងរយៈពេលពីរខែដំបូងនៃជីវិត។ ប៉ុន្តែនៅពេលដែលកូនអ្នករាករូសហើយ វាអាចនឹងជារឿងពិបាកវិញ ដោយសារតែគេអាចរាកមកសុទ្ធតែទឹក និង ច្រើនដង។ ទារកដែលរាកក៏ប្រហែលជាក្តៅខ្លួន ឬ មិនបៅបានផងដែរ។
មូលហេតុញឹកញាប់ដែលធ្វើឲ្យទារកទើបនឹងកើតរាករូសនោះមានដូចជា៖
• ការបង្ករោគដោយវីរុស
• ការប្រើថ្នាំផ្សះច្រើនពេក
• មានការបង្ករោគដោយពពួកប៉ារ៉ាសិត
• អាឡែហ្ស៊ីនឹងទឹកដោះគោ
ដោយសារតែការរាករូសគឺជារបៀបដែលរាងកាយធ្វើការបញ្ចេញចោលមេរោគ ដូច្នេះវាគឺល្អបំផុតដែលអ្នកគួរបណ្តោយឲ្យជំងឺនេះកើតឡើងធម្មតាដោយមិនបាច់ប្រើថ្នាំអ្វីព្យាបាលទាំងអស់សិន ហើយក៏មិនបាច់ប្រើថ្នាំបំបាត់ការរាករូសដែរ។ ម្យ៉ាងវិញទៀត អ្នកអាចធ្វើរឿងមួយចំនួនដូចខាងក្រោមនេះ ដើម្បីជួយសម្រួលដល់ការមិនមានផាសុកភាពរបស់កូនអ្នកបាន៖
ឲ្យគេញ៉ាំទឹកច្រើន
ទារកទើបនឹងកើតដែលមានបញ្ហារាករូស ជាពិសេសពេលសង្ស័យថាខ្សោះជាតិទឹក ហើយរាងកាយគេអាចនឹងបាត់បង់ជាតិទឹកលឿនជាងក្មេងធំៗ ឬមនុស្សធំណាស់។ ដូច្នេះអ្នកគួរតែផ្តល់ឲ្យគេបៅដោះឲ្យបានញឹកញ៉ាប់ជាងធម្មតា ព្រមទាំងសុំគ្រូពេទ្យប្រើប្រាស់ទឹកបង្គ្រប់ជាតិទឹកក្នុងខ្លួន (ទឹកអូរ៉ាលីត្រ) ។
ឲ្យគេញ៉ាំអាហារផ្តល់សុខភាព
ទារកដែលញ៉ាំអាហារបន្ថែមក្រៅហើយ អាចបន្តញ៉ាំធម្មតាទៀតបាន។ បច្ចុប្បន្ននេះគ្រូពេទ្យបានណែនាំឲ្យប្រើប្រាស់សាច់គ្មានខ្លាញ់ ដូចជាសាច់មាន់ធ្វើជាម្ហូបឲ្យកូនញ៉ាំ ដើម្បីជួយជំនួសនូវការបាត់បង់ជាតិសូដ្យូមពីការរាករូស។ ប្រូបាយអូទិចដែលមានក្នុងយ៉ាអួ អាចជួយស្តារនូវបាក់តេរីល្អៗក្នុងពោះវៀនបាន។
ការពារការរលាកគូថ
ជាតិអាស៊ីតក្នុងលាមកដែលរាក អាចធ្វើឲ្យខោទឹកនោមទទឹក និង បង្កជាការរលាក និង កន្ទួលរមាស់លើស្បែកគេបាន។ ចូរឧស្សាហ៍ផ្លាស់ប្តូរខោទឹកនោមកូន ដោយការប្រើប្រាស់ក្រណាត់សើមទន់ និងទឹកក្តៅឧណ្ហៗសម្អាតគូថរបស់កូន។ អ្នកក៏អាចប្រើក្រែមលាបផ្តល់សំណើមដល់ស្បែករបស់គេបានដែរ។ ចូរឲ្យគ្រូពេទ្យដឹងផងបើសិនជាកន្ទួលរមាស់នោះមិនធូរស្រាល ឬកាន់តែធ្ងន់ធ្ងរទៅៗក្នុងរយៈពេលពីរបីថ្ងៃក្រោយ ព្រោះវាអាចជាការបង្ករោគដោយមេរោគផ្សិតហើយ។
ពេលដែលត្រូវទាក់ទងទៅពេទ្យ
ដោយយោងទៅតាមមូលហេតុរបស់វា ការរាករូសរបស់ក្មេងប្រហែលជាអាចកើតឡើងយូរបំផុតពី ៥ ទៅ១៤ថ្ងៃ។ អ្នកគួរតែទាក់ទងទៅគ្រូពេទ្យបើសិនជាកូនអ្នកមាន៖
• អាការៈនៃការខ្សោះជាតិទឹកក្នុងខ្លួន (បង្ហើយរូបខូង សើមខោទឹកនោមពីរបី យប់គ្មានទឹកភ្នែក ស្ងួតមាត់ ភ្នែករូងខូង ឬឡេះឡាស)
• មានសំបោរ ឬក្លិនស្អុយក្នុងលាមកដែលរាកបីដងឡើងទៅ (សម្រាប់ទារកទើបនឹងកើតអាយុ មួយខែចុះ)
• លាមកមានឈាម
• រាកធ្ងន់ធ្ងរ ខណៈពេលដែលកំពុងតែប្រើថ្នាំផ្សះ
• ក្តៅខ្លួន (ក្មេងអាយុច្រើនជាង ៣ខែ ក្តៅចាប់ពី៣៨អង្សារឡើងទៅ ក្មេងអាយុ ៣ខែ ទៅ ១២ខែក្តៅចាប់ពី ៣៨.៨អង្សារឡើងទៅ)៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry