ស្រ្តីមានផ្ទៃពោះដែលស្គមៗ ហើយចង់ឡើងទម្ងន់ គួរជ្រើសរើសទទួលទានគ្រាប់ស្វាយចន្ទី !
ការទទួលទានអាហារក្នុងពេលមានផ្ទៃពោះ គឺជារឿងដែលត្រូវប្រុងប្រយ័ត្នខ្លាំង ដោយសារតែអាហារខ្លះអាចប៉ះពាល់ដល់សុខភាពទាំងម្តាយទាំងកូន ប៉ុន្តែក្នុងនោះដែរ គ្រាប់ស្វាយចន្ទីត្រូវបានគេរកឃើញថា អាចមានប្រយោជន៍ច្រើនសម្រាប់ស្ត្រីដែលស្គមៗ ហើយចង់ឡើងទម្ងន់ត្រឹមត្រូវដូចស្ត្រីមានផ្ទៃពោះឯទៀត ។
អ្នកនឹងអាចទទួលបានជាតិកាបូអ៊ីដ្រាតប្រមាណ ៨.៥៦ ក្រាម ពីគ្រាប់ស្វាយចន្ទី ២៨.៣៤ ក្រាម ហើយអាចបំលែងទៅជា ១៥៧ កាឡូរី ។ រឿងនេះគួរតែអាចជួយអ្នកទទួលបានថាមពលល្មម និង បំបាត់ភាពនឿយហត់ ឬ អស់កម្លាំងក្នុងពេលមានផ្ទៃពោះបាន ។ គ្រាន់តែចាំថា អ្នកញ៉ាំម្តងតែមួយកូនចានចង្កឹះបានហើយ និង កុំញ៉ាំច្រើនពេក ។
ដោយសារតែគ្រាប់ស្វាយចន្ទីមានជាតិខ្លាញ់ល្អៗ និង កាបូអ៊ីដ្រាតខ្ពស់ ដូច្នេះវាគឺជាអាហារសម្បូរជីវជាតិដ៏ល្អមួយសម្រាប់ស្ត្រីមានផ្ទៃពោះស្គមៗ ឬ អ្នកដែលកំពុងតែព្យាយាមឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ ។ ចូរចាំថា ការដែលទម្ងន់មិនគ្រប់គ្រាន់ក្នុងពេលមានផ្ទៃពោះ អាចនឹងធ្វើឲ្យកូនក្នុងផ្ទៃមានទម្ងន់ស្រាលដែរ ។ ទារកបែបនេះពេលខ្លះអាចនឹងពិបាកបៅដោះ និង ប្រឈមខ្ពស់នឹងការមានជំងឺ ។ ទារកខ្លះប្រហែលជាអាចមានការយឺតយ៉ាវលើការលូតលាស់ ទោះបីជាអាយុប៉ុនគ្នានឹងក្មេងដទៃក៏ដោយ ។ ដូច្នេះបើសិនជាអ្នកមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI) ទាបជាង ១៨.៥ មុនពេលមានផ្ទៃពោះ មានន័យថាអ្នកកំពុងតែស្គម ហើយក៏ត្រូវតែឡើងទម្ងន់ពី ១២.៥ ទៅ ១៨ គីឡូក្រាមដែរក្នុងពេលមានផ្ទៃពោះ ។
ការទទួលទានតែគ្រាប់ស្វាយចន្ទីសុទ្ធនឹងមិនអាចផ្តល់នូវជីវជាតិ និង កាឡូដែលរាងកាយត្រូវការទាំងអស់ឡើយ ប៉ុន្តែចូរជ្រើសរើសយកគ្រាប់ស្វាយចន្ទីនេះជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព ដើម្បីបង្កើនទម្ងន់ឲ្យនៅថេរល្អ និង ទទួលបានជីវជាតិដែលវាផ្តល់ឲ្យវិញ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com