វិធីសាមញ្ញៗដែលស្រ្តីមានផ្ទៃពោះអាចធ្វើបាននៅផ្ទះ ដើម្បីធូរស្បើយពីជំងឺរលាកទងសួត !
ការរស់នៅប្រកបដោយសុខភាពល្អក្នុងពេលមានផ្ទៃពោះគឺជារឿងសំខាន់ ព្រោះវាមិនមែនជាពេលវេលាដែលអ្នកត្រូវទទួលខុសត្រូវចំពោះសុខភាពខ្លួនឯងទេ តែក៏ត្រូវទទួលខុសត្រូវចំពោះសុខភាពទារកក្នុងផ្ទៃផង ។ អ្នកក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងពេលនេះ ដោយសារការមានផ្ទៃពោះអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដូច្នេះអ្នកក៏ងាយនឹងមានជំងឺរយៈពេលយូរដែរ ។ អ្នកច្រើនតែរំពឹងថា អាចនឹងកើតបញ្ហាឈឺបំពង់ករ ឬ តឹងច្រមុះក្នុងពេលនេះ ប៉ុន្តែបើសិនជាអ្នកមានអាការនេះធ្ងន់ធ្ងរ នោះវាអាចជាការរលាកទងសួតបានដែរ ។
សញ្ញាដ៏សំខាន់នៃជំងឺរលាកទងសួតគឺការក្អកមានកំហាកពណ៌បៃតង លឿងប្រផេះ ឬ ពណ៌ថ្លា ។ អ្នកក៏អាចមានអាការផ្សេងៗទៀតដែលស្រដៀងនឹងជំងឺផ្តាសាយដែរដូចជា ឈឺក្បាល ឈឺបំពង់ករ តឹងច្រមុះ អស់កម្លាំង និង ឈឺខ្លួន ។ ជំងឺរលាកទងសួតអាចបង្កឡើងទាំងបាក់តេរី ឬ វីរុស (៩០ ភាគរយ) ។ ភាគច្រើនវីរុសដែលបង្កជាជំងឺផ្តាសាយ ឬ ផ្តាសាយធំ ក៏អាចធ្វើឲ្យកើតជាការរលាកទងសួតផងដែរ ។
ជាធម្មតាជំងឺរលាកទងសួតច្រើនតែជាទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីសប្តាហ៍ តែអ្នកអាចធ្វើរឿងមួយចំនួនដើម្បីឲ្យរាងកាយមានផាសុកភាព និង បំបាត់រោគសញ្ញា ។ ចាប់តាំងពីករណីរលាកទងសួតភាគច្រើនបង្កឡើងដោយវីរុសមក ការប្រើថ្នាំផ្សះច្រើនតែមិនមានប្រយោជន៍ចំពោះករណីនេះឡើយ ។ បើសិនជាអាការជំងឺនេះកើតឡើងយូរជាង ៣ សប្តាហ៍ ការក្អកកាន់តែធ្ងន់ធ្ងរ ក្តៅខ្លួនខ្លាំងជាប់ ស្លេស្មមានឈាម វង្វេងវង្វាន់ ឬ មានការឈឺដូចគេចាក់ក្នុងទ្រូង វាគឺជាពេលវេលាដែលត្រូវទៅជួបពេទ្យហើយ ព្រោះវាអាចជាសញ្ញានៃការបង្ករោគដោយបាក់តេរី ដែលត្រូវការព្យាបាលដោយថ្នាំផ្សះពីគ្រូពេទ្យ ។ ចូរពិនិត្យមើលអ្វីដែលអ្នកអាចធ្វើបានខាងក្រោមនេះដើម្បីជួយឲ្យជំងឺកាន់តែឆាប់ជាលឿន ៖
• ចូរសម្រាកឲ្យបានគ្រប់គ្រាន់ដើម្បីរាងកាយឆាប់ជាពីជំងឺ
• ចូរប្រាកដថាអ្នកបានញ៉ាំទឹកច្រើនដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន ។ ជាតិទឹកក៏ជួយពង្រាវស្លេស្ម ដើម្បីស្រួលខាកចេញដែរ
• ក្នុងបន្ទប់គួរតែបើកដំណើរការម៉ាស៊ីនផ្តល់សំណើមដល់បរិយាកាស និង គេងក្បាលខ្ពស់ដើម្បីបន្ថយការតឹងច្រមុះ
អ្នកក៏អាចប្រើវិធីព្យាបាលដោយខ្លួនឯងសាមញ្ញៗដូចខាងក្រោមបានដែរ ដើម្បីជួយឲ្យអ្នកកាន់តែឆាប់មានអារម្មណ៍ល្អវិញ ៖
• ខ្ពុរទឹកអំបិល ៖ ចូរលាយទឹកប្រហែល ២៣៦ មីលីលីត្រ ជាមួយអំបិលមួយស្លាបព្រាកាហ្វេ ហើយលាយវាឲ្យសប់ បន្ទាប់មកយកវាទៅខ្ពុរក្នុងមាត់
• ទឹកឃ្មុំ និង ក្រូចឆ្មា ៖ ចូរច្របាច់ទឹកក្រូចឆ្មាមួយផ្លែដាក់ក្នុងទឹកក្តៅឧណ្ហៗមួយកែវ ជាមួយនឹងទឹកឃ្មុំបន្តិច ។ ទឹកក្រូចឆ្មាមានសារធាតុ Flavonoids និង វីតាមីន C ដែលអាចជួយប្រឆាំងនឹងការបង្ករោគ ខណៈពេលដែលទឹកឃ្មុំវិញត្រូវបានគេដឹងថាមានសារធាតុប្រឆាំងវីរុស និង បាក់តេរី ។
• ខ្ញី ៖ ខ្ញីត្រូវបានគេដឹងថាមានសារធាតុប្រឆាំងការរលាក និង អាចប្រើដើម្បីព្យាបាលជំងឺផ្តាសាយបានថែមទៀត ។ ចូរយកខ្ញីហាន់ឲ្យម៉ដ្ឋ ហើយដាក់ក្នុងទឹកដាំពុះដើម្បីធ្វើជា«តែ»ផឹក ដោយវាមានប្រសិទ្ធភាពក្នុងការបំបាត់ការរលាក និង ការរលាកក្នុងទងសួត ។
• យ៉ាអួ ៖ យ៉ាអួផ្ទុកទៅដោយបាក់តេរីមានប្រយោជន៍ (ប្រូបាយអូទិច) ដែលអាចជួយពង្រឹងដល់សុខភាពអ្នកបាន ។ យោងទៅតាមការស្រាវជ្រាវបានឲ្យដឹងថា ប្រូបាយអូទិចប្រហែលជាជួយបន្ថយទាំងភាពធ្ងន់ធ្ងរនៃអាការការបង្ករោគក្នុងផ្លូវដង្ហើមផង និង ពន្លឿនដល់ការឆាប់ជាផង ។
• ឆ្ពុង ៖ ចូរប្រើចានដែកមាត់ធំមួយ ហើយចាក់ទឹកក្តៅចូលទៅក្នុងនោះដើម្បីឆ្ពុងច្រមុះ ។ អ្នកក៏អាចប្រើកន្សែងពោះគោដាក់លើក្បាល ដើម្បីទទួលបានភាពសើមកាន់តែខ្លាំងដែរ ។ ចូរធ្វើបែបនេះ ៥ ទៅ ១០ នាទី ដើម្បីជួយសម្រួលភាពតឹងក្នុងច្រមុះ ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com