ព្រោះតែប៉ះពាល់ច្រើនយ៉ាងនេះសោះ ទើបស្ត្រីមានផ្ទៃពោះគួរប្រញាប់ចៀសឱ្យឆ្ងាយពីបារី
បើសិនអ្នកជាមនុស្សជក់បារី ហើយព្យាយាមមានផ្ទៃពោះទៀត អ្នកត្រូវតែលះបង់ទម្លាប់ជក់បារីនេះចោល ហេតុអ្វី? ហេតុផលគឺសាមញ្ញទេ ។ ទារកក្នុងផ្ទៃញ៉ាំអ្វីដែលអ្នកញ៉ាំ និង គេស្រូបអ្វីដែលអ្នកស្រូបដែរ ដូច្នេះនៅពេលអ្នកជក់បារី អ្នកនឹងស្រូបជាតិពុលចូលទៅក្នុងខ្លួនដូចជា នីកូទីន សំណរ អាសេណិច និង កាបូនម៉ូណូអុកស៊ីត ហើយវានឹងចូលទៅក្នុងរាងកាយទារកដូចគ្នាដែរ ដែលលទ្ធផលអ្នកប្រហែលជាអាចទាយដឹងហើយ ដូចជា កូនមិនគ្រប់ទម្ងន់ ខូចអវៈយវៈ និង ពេលខ្លះអាចស្លាប់ក្នុងផ្ទៃទៀតផង ។ ការសិក្សាខ្លះបានបង្ហាញថា ការជក់បារីអាចប៉ះពាល់ដល់ប្រព័ន្ធតម្រងនោមរបស់ទារក និង ធ្វើឲ្យកើតជំងឺហឺតថែមទៀត ។ ខាងក្រោមនេះគឺជាការអធិប្បាយលម្អិតឥទ្ធិពលនៃការជក់បារីខណៈពេលមានផ្ទៃពោះ ៖
ប៉ះពាល់ដល់សុក
ការសិក្សាបានបង្ហាញថា ការជក់បារីរ៉ាំរ៉ៃក្នុងពេលមានផ្ទៃពោះភ្លាមៗអាចប៉ះពាល់ដល់សុខភាពសុក ដោយសារតែបន្ថយរំហូរឈាមទៅសរីរាង្គមួយនេះ ដែលជាលទ្ធផលអាចធ្វើឲ្យស្ត្រីងាយនឹងមានជំងឺសុកបាំងមាត់ស្បូនបាន ហើយបើកាលណាស្ត្រីមានជំងឺសុកបាំងមាត់ស្បូន អាចនឹងបង្កជាផលវិបាកច្រើនដល់ការមានផ្ទៃពោះ ។ ការសិក្សាបង្ហាញថា ស្ត្រីដែលជក់បារីអាចមានឱកាសទ្វេដងឯណោះលើការមានជំងឺសុកបាំងមាត់ស្បូន ។
មានឱកាសច្រើនលើការកើតជំងឺកូនក្រៅស្បូន
ផលវិបាកមួយផ្សេងទៀតនៃការជក់បារីចំពោះស្ត្រីមានផ្ទៃពោះគឺជំងឺកូនក្រៅស្បូន ។ តាមការសិក្សាបានបង្ហាញថា ជំងឺកូនក្រៅស្បូននឹងកើតកាន់តែច្រើនលើស្ត្រីដែលជក់បារី ដែលការជក់បារីនេះអាចធ្វើឲ្យប្រែប្រួលដល់បំពង់ដៃស្បូន និង រចនាសម្ព័ន្ធ ព្រមទាំងមុខងាររបស់វា រហូតដល់អាចកើតជំងឺកូនក្រៅស្បូនដូច្នេះឯង ។
រលូតកូន
ស្ត្រីមានផ្ទៃពោះដែលជក់បារីយ៉ាងសកម្មត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការប្រឈមកាន់តែខ្ពស់នឹងការរលូតកូន ដោយកើនឡើងមួយភាគរយជារៀងរាល់ការជក់បារីអស់មួយដើមៗ ហើយចំពោះការស្រូបផ្សែងបារីពីគេ ក៏អាចប្រឈមនឹងការរលូតកូនបាន ១១ ភាគរយដែរ ។ ការជក់បារីក៏មានឥទ្ធិពលធ្វើឲ្យកូនកើតមិនគ្រប់ខែផងដែរ ។
កូនកើតមិនគ្រប់ទម្ងន់
វាមិនមានការតស៊ូមតិណាមួយដែលនិយាយថា ការជក់បារីបង្កើនឱកាសនៃការកើតកូនមិនគ្រប់ទម្ងន់ទេ ប៉ុន្តែការសិក្សារបស់ប្រជាជនជប៉ុនទៅលើអ្នកចូលរួមប្រមាណ ៩២ ៦៤១ នាក់ បានរកឃើញថា វាមានទំនាក់ទំនងដ៏ខ្លាំងមួយរវាងស្ត្រីជក់បារីក្នុងពេលមានផ្ទៃពោះ និង កូនកើតមិនគ្រប់ទម្ងន់ ។ កាលណាស្ត្រីជក់បារីកាន់តែច្រើន ឱកាសធ្វើឲ្យកូនកើតមិនគ្រប់ទម្ងន់កាន់តែច្រើនដែរ ។
ប្រឈមខ្លាំងនឹងកើតមកខូចអវៈយវៈ
ស្ត្រីមានផ្ទៃពោះជក់បារី ច្រើនតែធ្វើឲ្យកូនកើតមកខូចអវៈយវៈ ដូចជា ខូចបេះដូង សរសៃឈាម ខូចគ្រោងឆ្អឹង និង ពេលខ្លះអាចមានម្រាមដៃ ឬ ជើងលើស ខូចមុខមាត់ ឬ ឆែបមុខ ឆែបមាត់ក៏មានដែរ ។
ចង្កោមរោគសញ្ញាទារកទើបនឹងកើតស្លាប់ភ្លាមៗ
ចង្កោមរោគសញ្ញាទារកទើបនឹងកើតស្លាប់ភ្លាមៗ គឺជាមូលហេតុដែលធ្វើឲ្យទារកស្លាប់ច្រើនបំផុតនៅសហរដ្ឋអាមេរិក ដោយសារតែម្តាយជក់បារីពេលមានផ្ទៃពោះ ។
ប៉ះពាល់ដល់ប្រព័ន្ធតម្រងនោមរបស់ទារក
វត្តមានប្រូតេអ៊ីនក្នុងទឹកនោមអាចជាសញ្ញាមួយ ប៉ុន្តែបើសិនជាវត្តមានរបស់វាមានកាន់តែច្រើនទៅៗ នោះអាចជាអ្វីដែលបញ្ជាក់ថា មានជំងឺហើយ ឬ អាចមានការខូចខាតណាមួយក្នុងតម្រងនោមមិនខាន ។ តាមការសិក្សារបស់ប្រជាជនជប៉ុនបានឲ្យដឹងថា ម្តាយដែលជក់បារីក្នុងពេលមានផ្ទៃពោះ គឺជាកត្តាប្រឈមមុខមួយដែលធ្វើឲ្យកូនមានបញ្ហាវត្តមានប្រូតេអ៊ីនក្នុងទឹកនោមនៅពេលជាកុមារភាព ។
តើស្ត្រីមានផ្ទៃពោះស្រូបផ្សែងបារីពីគេអាចមានបញ្ហាអ្វីដែរ ?
ខណៈពេលដែលស្ត្រីមានផ្ទៃពោះជក់បារីដោយខ្លួនឯងគឺជារឿងគ្រោះថ្នាក់សម្រាប់សុខភាពទារក តែការស្រូបផ្សែងបារីពីគេវិញ ក៏អាចបង្កជាផលប៉ះពាល់ដល់សុខភាព និង ការធំធាត់របស់ទារកដែរ ។ ទារកមានសួតតូច ហើយជាតិពុលចេញពីការស្រូបផ្សែងបារីពីគេ នឹងកើនឡើងយូរៗទៅ អាចបង្កជាបញ្ហាធ្ងន់ដល់សុខភាពគេបាន ។ ការស្រូបផ្សែងបារីពីគេអាចបន្ថយទម្ងន់របស់កូន ប៉ុន្តែវាបង្កើនការប្រឈមនឹងការស្លាប់កាន់តែខ្ពស់ដែរ ។ ទារកដែលមានឪពុកម្តាយជក់បារី ទំនងជាងាយនឹងមានជំងឺសួតច្រើន ដូចជា ជំងឺរលាកសួត និង រលាកទងសួតក្នុងរយៈពេលមួយឆ្នាំដំបូង ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com