តោះ! យល់ដឹងទាំងអស់គ្នាអំពីអាការក្តៅខ្លួន និង គ្រុនចំពោះស្រ្តីកំលុងពេលមានផ្ទៃពោះ !
វាមិនមែនជារឿងធម្មតាទេដែលអ្នកមានអាការក្តៅខ្លួន ឬ គ្រុននៅពេលមានផ្ទៃពោះ ។ បើសិនជាអ្នកធ្លាប់មានរោគសញ្ញាទាំងអស់នេះ អ្នកប្រហែលជាមានជំងឺណាមួយដែលមិនទាក់ទងនឹងការមានផ្ទៃពោះទេ ។ ការមានផ្ទៃពោះងាយនឹងមានជំងឺណាស់ ដោយសារតែប្រព័ន្ធភាពស៊ាំថយចុះខ្សោយ ។ យើងនឹងបង្ហាញអំពីហេតុផលញឹកញាប់ដែលនាំឲ្យក្តៅខ្លួន និង គ្រុន ។ បើសិនជាអ្នកកំពុងតែមានអារម្មណ៍ថាក្តៅខ្លួន ឬ គ្រុន អ្នកប្រហែលជាអាចមានបញ្ហាណាមួយក្នុងចំណោមបញ្ហាខាងក្រោម ។ ចូរសម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចជារឿងកើតឡើងបណ្តោះអាសន្ន និង ត្រូវព្យាបាលដែរ ។
ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
ស្ត្រីមានផ្ទៃពោះអាចជាមានឱកាសប្រហែល ១០ ភាគរយដែរ ក្នុងការមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ។ ប្រព័ន្ធផ្លូវទឹកម៉ូត្រមានដូចជា បង្ហួរនោម ប្លោកនោម បំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម និង តម្រងនោម ។ ការបង្ករោគមួយអាចកើតឡើងនៅពេលបាក់តេរីចូលទៅក្នុងប្រព័ន្ធមួយនេះ ហើយបំបែកកូនចៅ ។ ក្នុងនោះភាគច្រើនគឺមានការបង្ករោគនៅប្លោកនោមតែម្តង ហើយវាមិនធ្ងន់ធ្ងរទេ បើសិនជាអ្នកព្យាបាលភ្លាមៗជាមួយនឹងថ្នាំផ្សះ និង ញ៉ាំទឹកច្រើន ។ រោគសញ្ញានៃការបង្ករោគនៅផ្លូវទឹកម៉ូត្រខ្លះអាចជា ការចង់នោមខ្លាំង នោមមកក្រហាយៗ ទឹកនោមល្អក់ និង ទឹកនោមមានឈាមជាមួយនឹងការក្តៅខ្លួន ។
ជំងឺផ្តាសាយធំ
អ្នកប្រហែលជាធ្លាប់មានអាការក្តៅខ្លួន គ្រុន ឈឺខ្លួន ក្អក ចង្អោ និង ក្អួត ដែលជាសញ្ញារបស់ជំងឺផ្តាសាយធំហើយ ។ ស្ត្រីមានផ្ទៃពោះអាចប្រឈមខ្ពស់នឹងជំងឺផ្តាសាយ ហើយអាចនឹងធ្លាក់ខ្លួនឈឺខ្លាំងផងដោយសារតែប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ជំងឺផ្តាសាយធំកើតឡើងលឿន ហើយរោគសញ្ញាគឺច្រើនជាងផ្តាសាយធម្មតា ។ បើសិនជាអ្នកសង្ស័យថាមានជំងឺនេះ ចូរទៅជួបគ្រូពេទ្យភ្លាម ។ អ្នកអាចសម្រាកឲ្យបានច្រើន និង ព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីបន្ថយរោគសញ្ញារបស់វា ។ យកល្អស្ត្រីមានផ្ទៃពោះទាំងអស់គួរតែចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយឲ្យហើយ ។
ការបង្ករោគនៅផ្លូវដង្ហើមខាងលើ
មនុស្សយើងគ្រប់គ្នាសុទ្ធតែឆ្លងកាត់ការបង្ករោគដោយវីរុសមួយនៃនៅលើផ្លូវដង្ហើមខាងលើ ដែលមានដូចជា ប្រហោងឆ្អឹងនៅមុខ ផ្លូវដកដង្ហើម បំពង់អាហារ និង បំពង់សំឡេង។ អ្នកប្រហែលជាអាចចេញជាអាការស្រដៀងគ្នានឹងផ្តាសាយ ព្រមទាំងហៀរសម្បោ ឈឺបំពង់-ក ក្អក និង ពិបាកដកដង្ហើមដែរ ។ ការបង្ករោគនៅផ្លូវដង្ហើមខាងលើមិនធ្ងន់ធ្ងរដូចជំងឺផ្តាសាយធំឡើយ ហើយវាច្រើនតែជាទៅវិញដោយខ្លួនឯងពី ៣ ទៅ ១៤ ថ្ងៃ ។
វីរុសនៅក្រពះពោះវៀន
ការរាករូស និង ក្អួតកើតចេញដោយសារតែមេរោគនៅក្រពះពោះវៀន ហើយវាក៏អាចបង្កជាផលវិបាកធ្ងន់ធ្ងរច្រើនសម្រាប់ស្ត្រីមានផ្ទៃពោះដែរបើសិនជាមិនបានព្យាបាលទេ ដោយសារតែការខ្សោះជាតិទឹកអាចធ្វើឲ្យស្បូនកន្ត្រាក់ និង សម្រាលកូនមិនគ្រប់ខែផង ។ ផលវិបាកផ្សេងៗទៀតមានដូចជា ខ្សោយសម្ពាធឈាម វិលមុខ ខ្សោយ សន្លប់ និង ករណីធ្ងន់ធ្ងរ រហូតដល់មានអតុល្យភាពអេឡិចត្រូលីត្រផង ។ ប៉ុន្តែករណីភាគច្រើននៃវីរុសនេះ នឹងជាវិញដោយខ្លួនឯងទេ ហើយបើមានការញ៉ាំទឹកបានគ្រប់គ្រាន់វិញ នឹងមានប្រយោជន៍ច្រើន ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com