អាហារទាំងនេះឪពុកម្តាយគួរតែចាំ ព្រោះវាធ្វើឲ្យទារកទល់លាមកបាន
នៅពេលទារកដល់អាយុដែលអាចញ៉ាំអាហារក្រៅបានហើយ រាងកាយរបស់គេអាចនឹងប្រែប្រួលច្រើនណាស់។ ថ្វីបើពួកគេអាចញ៉ាំអាហារបន្ថែមក្រៅបានក្រោយពេលអាយុ ៦ខែ តែប្រព័ន្ធរំលាយអាហារគេក៏ត្រូវការពេលច្រើនក្នុងការសម្របខ្លួនដែរ។ បើសិនជាអ្នកសង្កេតឃើញថា លាមកគេទៅជារឹង ស្ងួត និង ទំនងជាឈឺចាប់ពេលបន្ទោបង់ម្តងៗ នោះអាចជាសញ្ញានៃការទល់លាមកហើយ។
ដើម្បីបង្ការការទល់លាមក ចូរឲ្យកូនអ្នកញ៉ាំអាហារណាសម្បូរជាតិសរសៃ ដូចជា ផ្លែសារី ផ្លែព្រូន អង្ករសំរូប ធញ្ញជាតិអូត និង ផ្លែបឺរីជាដើម។ ប៉ុន្តែខាងក្រោមខ្ញុំនឹងបង្ហាញអំពីអាហារដែលអាចធ្វើឲ្យទារកទល់លាមកបាន៖
ចេកខ្ចី
ខណៈចេកទុំ គឺជាអាហារបំបាត់ការទល់លាមកដ៏ល្អ តែចេកខ្ចីអាចជាហេតុផលធ្វើឲ្យទល់លាមកបាន។ ទារកមិនអាចរំលាយជាតិអាមីដុងដោយងាយឡើយ ដោយសារតែរាងកាយគេមិនបានផលិតអង់ស៊ីមគ្រប់គ្រាន់។ ជាអកុសល ចេកខ្ចីមានជាតិអាមីដុងច្រើនណាស់ ដែលជាហេតុធ្វើឲ្យពិបាករំលាយ ទើបចេញជាការទល់លាមកកើតឡើងវិញ។
ទឹកដោះគោស្រស់
ទឹកដោះគោស្រស់ អាចមានគ្រោះថ្នាក់ច្រើនជាងផលល្អចំពោះទារកមួយចំនួន។ វាមានជាប់ទាក់ទងនឹងការធ្វើឲ្យទល់លាមករ៉ាំរ៉ៃ ដែលកើតឡើងដោយសារតែការឆ្លើយតបខុសធម្មតានឹងប្រូតេអ៊ីនដែលមានក្នុងទឹកដោះគោស្រស់ ។ បើសិនជាអ្នកសម្គាល់ឃើញមានប្រតិកម្មនេះ ចូរឲ្យកូនចៀសវាងការញ៉ាំយ៉ាអួ ហ្វ្រូម៉ាត និង ផលិតផលធ្វើពីទឹកដោះគោផ្សេងៗទៀត ព្រោះវាអាចធ្វើឲ្យទល់លាមកបាន។
ការ៉ុត
ការ៉ុតជាអាហារសម្បូរជាតិសរសៃ និងសម្បូរវីតាមីន K ប៉ូតាស្យូម និង អង់ទីអុកស៊ីដង់។ ប៉ុន្តែនៅពេលនិយាយដល់ការ៉ុតស្ងោរវិញ ជាតិសរសៃរបស់វាបែរជាថយចុះវិញ។ ជាលទ្ធផល នៅពេលដែលទារកញ៉ាំការ៉ុតស្ងោ ឬ ការ៉ុតកិនម៉ដ្ឋ គេអាចនឹងពិបាករំលាយ រហូតដល់អាចទល់លាមកទៀត។
ដំឡូងបារាំង
ដំឡូងបារាំងសម្បូរទៅដោយជាតិកាបូអ៊ីដ្រាតកំផ្លេច ដែលមានលក្ខណៈដូចអាមីដុងដែរ។ វាត្រូវបានក្រពះរំលាយបានតិចតួច ឬអត់សោះក៏មានដែរ។ សម្រាប់ដំឡូងជ្វាវិញគឺមានលក្ខណៈល្អជាងដំឡូងបារាំងបន្តិច ដោយសារតែវាមានជាតិសរសៃខ្ពស់ និងអាចរំលាយក្នុងប្រព័ន្ធរំលាយអាហាររបស់ទារកបាន។
ចំណាំ៖
ដើម្បីស្រួលដល់ការបន្ទោបង់ និងសុខភាពទូទៅល្អ ចូរប្រាកដថា កូនអ្នកទទួលបានជាតិទឹកគ្រប់គ្រាន់។ ចូរចៀសវាងកុំឲ្យកូនញ៉ាំអាហារបន្ថែមក្រៅមុនពេលគេអាយុ ៦ខែ ព្រោះអាហារដែលឲ្យគេញ៉ាំមុនអាយុ ៦ខែ អាចនឹងធ្វើឲ្យទារកឆ្លាក់បាន៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy
ឧបត្ថម្ភដោយ ៖ UniDry