ទាំងនេះជាមូលហេតុ និង កត្តាប្រឈមមុខ ដែលនាំឱ្យស្រ្តីមានផ្ទៃពោះរលូតកូន
បើសិនជាអ្នកមានផ្ទៃពោះ អ្នកប្រហែលជាត្រូវប្រុងប្រយ័ត្ន ឬ បារម្ភអំពីការរលូតកូនហើយ ។ ការរលូតកូនគឺជាការបាត់បង់ ឬ ស្លាប់របស់កូនក្នុងផ្ទៃក្នុងរយៈពេលពរពោះបាន ២០ សប្តាហ៍ដំបូង ។ តាមពិតទៅស្ត្រីមានផ្ទៃពោះប្រហែល ១៥ ទៅ ២០ ភាគរយដែរ ដែលអាចរលូតកូន។
អ្វីទៅជាមូលហេតុញឹកញាប់ដែលនាំឲ្យរលូតកូន ?
ស្ត្រីភាគច្រើនគឺបន្ទោសខ្លួនឯង ឬ ការរស់នៅរបស់ពួកគេ បើសិនជាកូនរបស់គេរលូត ប៉ុន្តែករណីភាគច្រើន អ្វីដែលអ្នកបានធ្វើគឺមិនបង្កឲ្យរលូតកូនទេ ហើយក៏មិនមានអ្វីដែលអ្នកអាចធ្វើបានដើម្បីបង្ការវាដែរ ។ ការរលូតកូនមិនបង្កឡើងដោយការហាត់ប្រាណកម្រិតមធ្យម រួមភេទ ឬ ការញ៉ាំកាហ្វេតិចតួចរាល់ថ្ងៃឡើយ ។ មូលហេតុញឹកញាប់ភាគច្រើនគឺទាក់ទងនឹងហ្សែនខុសធម្មតាក្នុងពេលកូនចាប់កំណើតជាអំប្រ៊ីយ៉ុងមកម្លេះ ហើយរឿងនោះអាចមានដូចជា ៖
• មានបញ្ហាទៅលើក្រូម៉ូសូម : កាលណាក្រូម៉ូសូមនៃមេជីវិតទាំងពីរដែលរលាយចូលគ្នាហើយ កើតជាមិនធម្មតា នោះវានឹងមិនអាចលូតលាស់បានល្អឡើយ ។ តួយ៉ាងអ្នកមានអាយុកាន់តែច្រើន ភាពមិនធម្មតានេះទំនងជាកើតឡើងកាន់តែច្រើន ។
• អតុល្យភាពអ័រម៉ូន : ប្រហែល ១៥ ភាគរយ នៃការរលូតកូនទាំងអស់បង្កឡើងដោយអតុល្យភាពរបស់អ័រម៉ូន ដូចជា ការកង្វះអ័រម៉ូនប្រូជេស្តេរ៉ូនក្នុងការទ្រទ្រង់ដល់ការកាច់សំបុករបស់កូននៅស្បូន ។
• បញ្ហាស្បូន : ការដែលមានដុំសាច់ក្នុងស្បូន សុទ្ធតែអាចរំខានដល់ការកាច់សំបុករបស់កូន ឬ ការគ្រប់គ្រងឈាមទៅចិញ្ចឹមកូន ។ ស្ត្រីខ្លះកើតមកមានលក្ខណៈស្បូនមិនធម្មតា សុទ្ធតែពិបាកនឹងមានកូន ឬ ងាយនឹងរលូតកូនណាស់ ។
• ជំងឺរ៉ាំរ៉ៃ : ជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសធម្មតា ជំងឺលុយពីស ជំងឺបេះដូង ជំងឺតម្រងនោម និង ថ្លើម ឬ ជំងឺទឹកនោមផ្អែម អាចមានលទ្ធភាព ៦ ភាគរយដែរ ក្នុងការធ្វើឲ្យរលូតកូនម្តងទៀត ។
• ក្តៅខ្លួនខ្លាំង : មិនខ្វល់ថាអ្នកមានសុខភាពល្អធម្មតាប៉ុនណាឡើយ តែបើសិនជាអ្នកក្តៅខ្លួនខ្លាំង រហូតដល់ ៣៨.៨ ឡើងទៅ ក្នុងពេលមានផ្ទៃពោះភ្លាមៗ អ្នកប្រហែលជាអាចនឹងរលូតកូនបានដែរ ។ ការដែលក្តៅខ្លួនខ្លាំងគឺជារឿងដែលធ្វើឲ្យខូចខាតដល់អ៊ំប្រ៊ីយ៉ុងខ្លាំងបំផុតមុនពេលពពោះបាន ៦ សប្តាហ៍ ។
តើអ្វីខ្លះដែលអាចធ្វើឲ្យប្រឈមកាន់តែខ្លាំងនឹងការរលូតកូន ?
បញ្ហាផ្សេងៗទៀតដែលអាចពេលខ្លះធ្វើឲ្យរលូតកូនដែរនោះមានដូចជា ៖
• ការលេបថ្នាំ
• ជក់បារី
• ញ៉ាំគ្រឿងស្រវឹងច្រើនៗ
• មានជំងឺ Listeria ដែលជាជំងឺបង្កឡើងដោយបាក់តេរីនៅក្នុងសាច់ឆៅ ស៊ុតឆៅ និង ទឹកដោះគោដែលមិនបានសម្លាប់មេរោគរួច
• មានការប៉ះទង្គិចខ្លាំងលើពោះស្ត្រី ដូចជា គ្រោះថ្នាក់ចរាចរណ៍ ជាដើម
• អាយុច្រើនចាប់ពី ៣៥ ឆ្នាំ ឡើងទៅ
• ការបង្ករោគជាច្រើនក្នុងខ្លួន
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ parents
ឧបត្ថម្ភដោយ ៖ UniDry
www.winsuncambodia.com