រោគសញ្ញាសំខាន់ៗរបស់ «ជំងឺអំបៅអំបែក» ដែលឪពុកម្តាយគួរប្រញាប់ចាប់អារម្មណ៍លើកូនតូច
ការបង្ករោគនៅត្រចៀកគឺជារឿងដែលឪពុកម្តាយគ្រប់រូបត្រូវតែតាមដានជានិច្ច ព្រោះវាអាចកើតមានញឹកញាប់ណាស់ ដោយក្នុងចំណោមទារក៦នាក់ មាន ៥នាក់ហើយ ដែលកើតជំងឺអំបៅអំបែកត្រចៀក យ៉ាងហោចណាស់ម្តងមុនពេលគេអាយុបាន ៣ឆ្នាំ។
ជំងឺអំបៅអំបែកត្រចៀកដែលកើតឡើងនៅផ្នែកកណ្តាលនៃត្រចៀក ច្រើនតែកើតមានជាញឹកញាប់ នៅពេលដែលមានការកកកុញទឹករំអិលក្នុងផ្នែកកណ្តាលរបស់ត្រចៀក ដោយសារតែជំងឺផ្សេងៗ ជាពិសេសជំងឺផ្តាសាយ។ នៅពេលមានជំងឺផ្តាសាយ បំពង់ Eustachian Tube ដែលតភ្ជាប់ពីផ្នែកត្រចៀកកណ្តាលទៅផ្នែកខាងក្រោយនៃច្រមុះ នឹងរងការរលាក ឬស្ទះ ដែលជាហេតុនាំឲ្យលំហូរទឹករំអិលឬសម្បោរមិនអាចហូរបានល្អឡើយ ទើបធ្វើឲ្យការបង្ករោគរាលដាលទៅត្រចៀកផ្នែកកណ្តាល។
ខាងក្រោមនេះគឺជាអាការៈខ្លះៗដែលអាចបញ្ជាក់បានថា កូនអ្នកមានជំងឺអំបៅអំបែកត្រចៀកហើយ៖
ឈឺក្នុងត្រចៀក
នៅពេលអ្នកមានការបង្ករោគក្នុងត្រចៀកកណ្តាល ជាតិទឹកដែលលិចចេញនឹងសង្កត់ទៅលើក្រដាសត្រចៀក និងបង្កជាការឈឺចាប់បាន។ ការឈឺត្រចៀកអាចមានលក្ខណៈឈឺងំ ក្រហាយៗ ឬឈឺដូចគេចាក់។ បើសិនជាកូនមិនទាន់ធំគ្រប់គ្រាន់នឹងនិយាយប្រាប់ថាឈឺត្រចៀកទេ អ្នកត្រូវតែរកមើលសញ្ញានៃការឈឺចាប់ ដូចជា គេអាចយកដៃរុកត្រចៀក យំ ឬនៅមិនសុខ។ គ្រប់ពេលដែលគេទំពារអាហារ បៅ និងគេងគឺពិបាកដោយសារតែឈឺខ្លាំង។
ស្តាប់មិនលឺសម្លេង
នៅពេលត្រចៀកផ្នែកកណ្តាលមានទឹកពេញ គឺពិបាកនឹងស្តាប់លឺសម្លេងណាស់។ ដូច្នេះហើយ ក្មេងដែលមានជំងឺនេះអាចនឹងជួបបញ្ហានៃការស្តាប់មិនលឺខ្លះដែរ។
ហូរទឹកចេញពីត្រចៀក
ករណីខ្លះ ក្មេងដែលមានការបង្ករោគណាមួយ អាចនឹងមានប្រហោងក្នុងក្រដាសត្រចៀកដែលជាតិទឹកនឹងកើនឡើងរហូតដល់លិចចេញមកខាងក្រៅ។ ទឹកនេះធ្វើឲ្យឈឺចាប់បានតាមរយៈការសង្កត់ទៅលើក្រដាសត្រចៀក។
ក្តៅខ្លួន
ការបង្ករោគក៏អាចធ្វើឲ្យក្តៅខ្លួនលើកូនក្មេងដែរ។ កម្តៅអាចនឹងខ្ពស់ជាង ៣៨អង្សារចំពោះក្មេងអាយុក្រោម ៥ឆ្នាំ។ បើសិនជាកូនមានអារម្មណ៍ថាក្តៅជាងធម្មតាពេលស្ទាប់នៅថ្ងាស ខ្នង ឬពោះ ឬបែកញើស ចូរប្រញ៉ាប់ប្រើឧបករណ៍ស្ទង់កម្តៅដើម្បីបញ្ជាក់ទៅ។
មានបញ្ហាជាមួយនឹងតុល្យភាព
ថ្វីបើវាអាចពិបាកនឹងសម្គាល់បញ្ហាជាមួយនឹងតុល្យភាពចំពោះទារកតូចៗ តែពេលខ្លះអ្នកនឹងសម្គាល់ដឹងថា កូនអ្នកហាក់បីដូចជា វិលមុខក៏មានដែរ។
ចង្អោ ឬក្អួត
ការបង្ករោគក្នុងត្រចៀកពេលខ្លះអាចធ្វើឲ្យចង្អោ ឬក្អួតលើក្មេងតូចៗដែរ។ បើសិនជាកូនអ្នកស្រាប់តែក្អួត ចូរប្រាកដថា គេមិនបានខ្សោះជាតិទឹកពីក្នុងខ្លួនឡើយ។
រាករូស
កូនអ្នកក៏ប្រហែលជារាកនៅពេលគេមានការបង្ករោគនៅត្រចៀក។ ហើយនេះគឺជាជំងឺមួយផ្សេងទៀតដែលអ្នកត្រូវតាមដានថា អាចមានការខ្សោះជាតិទឹកក្នុងខ្លួនរបស់គេឬអត់ដែរ។
ក្អក និងផ្តាសាយ
ចាប់តាំងពីជំងឺអំបៅអំបែកត្រចៀកច្រើនតែជាប់ទាក់ទងនឹងការបង្ករោគនៅផ្លូវដង្ហើមខាងលើដូចជា ជំងឺផ្តាសាយមក អ្នកប្រហែលជារកឃើញថា កូនអាចមានរោគសញ្ញាស្រដៀងគ្នាដែរដូចជា ហៀរសំបោរ ឬក្អក៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy