ទារកចេះតែញីភ្នែក សូមឪពុកម្តាយកុំធ្វើព្រងើយ !
គ្មានអ្វីដែលមើលទៅគួរឲ្យខ្នាញ់ជាងឃើញទារកតូចៗលើកដៃគេមកញីភ្នែកនោះទេ។ ប៉ុន្តែនៅពីក្រោយរឿងនេះអាចមានមូលហេតុច្រើនដែលនាំឲ្យគេញីភ្នែកបែបនេះ។ ខាងក្រោមនេះគឺជាហេតុផលខ្លះៗដែលអ្នកទំនងជាដឹងហើយ និងខ្លះទៀតមិនទាន់ដឹងទេ។
អស់កម្លាំង
ហេតុផលភាគច្រើនបំផុតដែលនាំឲ្យក្មេងញីភ្នែកគឺងងុយគេង។ ប៉ុន្តែអ្វីដែលច្រើនជាងនេះដែរនោះគឺ គេមានអារម្មណ៍ថាអស់កម្លាំងនៅសាច់ដុំជុំវិញភ្នែក ទើបបានជាគេញីភ្នែក។ ការស្ងាប់ ឬយំគឺជាសញ្ញាផ្សេងទៀតដែលបញ្ជាក់ថា កូនអ្នកអស់កម្លាំង និងងងុយគេង។
ស្ងួតភ្នែក
ទារកអាចនឹងញីភ្នែកបើសិនជាគេមានអារម្មណ៍ថាស្ងួតភ្នែក។ ការញីភ្នែកនឹងធ្វើឲ្យចេញទឹកភ្នែក ដើម្បីផ្តល់សំណើមដល់ភ្នែកវិញ។ ភាពស្ងួតនេះអាចដោយសារតែទារកបើកភ្នែកយូរពេក ឬមិនសូវបានគេង។
ចង់ស្វែងយល់ខ្លាំង
ចូរចាំថា អ្វីៗគ្រប់យ៉ាងគឺថ្មីសម្រាប់ទារកទាំងអស់។ ពួកគេនៅតែត្រូវការសិក្សាពីរបៀបដែលរាងកាយឆ្លើយតប និងចង់ធ្វើរឿងទាំងអស់នោះផង។ រាល់អ្វីដែលបានឃើញ និងពន្លឺអ្វីដែលថ្មីអាចធ្វើឲ្យអ្នកញីភ្នែកដែលបិទបាន ហើយវាក៏អាចធ្វើឲ្យទារកស្វែងយល់នូវអ្វីដែលថ្មីៗទាំងអស់នោះដែរ តាមរយៈការញីភ្នែករបស់ពួកគេ។
រមាស់ភ្នែកដោយសារតែធូលីដី និងរោមភ្នែកចាក់
ទារកអាចនឹងញីភ្នែកគេបើសិនជាមានអ្វីមួយធ្វើឲ្យភ្នែកគេរលាក។ វាអាចជាធូលីដី រោមភ្នែក ឬភ្នែកស្ងួត។ ចូរចាំថា ទោះបីជាការហូរទឹកភ្នែក និងព្រិចភ្នែកក៏ជាសញ្ញានៃការមានអ្វីមួយចូលភ្នែកគេដែរ។ បើសិនជាមានការរលាកក្នុងភ្នែកទារក ចូរប្រើប្រាស់កន្សែងសើមស្អាតជូតជុំវិញភ្នែក និងមុខគេផង។ ចូរព្យាយាមសម្អាតអ្វីទាំងអស់ដែលមានក្នុងភ្នែកគេជាមួយនឹងទឹកក្តៅឧណ្ហៗ និងស្អាត។
ឈឺ ឬរមាស់ភ្នែក
ហេតុផលមួយផ្សេងទៀតដែលទារកញីភ្នែក គឺភ្នែករបស់គេឈឺ ឬរមាស់ ដែលវាអាចបង្កឡើងដោយការបង្ករោគ។ អាការៈនៃការបង្ករោគមួយក៏អាចមានដូចជា ហើម និងក្រហមភ្នែក ហូរទឹកភ្នែក ឬក្តៅខ្លួន។ កូនអ្នកក៏ប្រហែលជាថប់អារម្មណ៍ និងយំបើសិនជាគេឈឺក្នុងភ្នែក។ យកល្អគួរតែទៅជួបគ្រូពេទ្យបើសិនជាអ្នកសង្ស័យថា កូនមានការបង្ករោគនៅក្នុងភ្នែកគេ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy