ដឹងថាខ្លួនមានផ្ទៃពោះហើយ តើគួរបន្តញ៉ាំ «អាហារហឹរ» ទៀតទេ?
រាល់អាហារហឹរគ្រប់ប្រភេទដែលអ្នកញ៉ាំគឺមិនបង្កគ្រោះថ្នាក់អ្វីដល់ទារកក្នុងផ្ទៃឡើយ ឬពេលបំបៅដោះកូនទេ។ ក្នុងពេលមានផ្ទៃពោះ វាមានតិចតួចប៉ុណ្ណោះដែលថា អ្វីដែលអ្នកញ៉ាំអាចចូលទៅក្នុងទឹកភ្លោះបាន។ អាហារហឹរក៏មិនបង្កការប្រែប្រួលអ្វីដល់ទារកដែរ។ ដូច្នេះហេតុអ្វីបានជាគេថា ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងអាហារហឹរ? អាហារហឹរនឹងបង្កើនកម្តៅក្នុងខ្លួន ដែលជាហេតុជំរុញដល់ការឆាប់ឈឺពោះសម្រាល តែវាជាជំនឿមិនត្រឹមត្រូវច្រើនជាង។ អ្វីដែលអ្នកគួរដឹងនោះគឺវាទាក់ទងអ្វីផ្សេងពីនេះទៅវិញទេ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញហេតុផលមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគួរចៀសវាងការញ៉ាំអាហារហឹរច្រើនៗ៖
ធ្វើឲ្យចាញ់កូនកាន់តែខ្លាំង
ថ្វីបើការចាញ់កូនជារឿងដែលកើតមានជាញឹកញាប់ក្នុងពេលមានផ្ទៃពោះក៏ដោយ តែវាអាចកើតឡើងគ្រប់ពេលវេលាទាំងអស់ក្នុងមួយថ្ងៃ។ ការចាញ់កូនកើតឡើងមានលក្ខណៈខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ តែជាមធ្យម វាកើតឡើងនៅជុំវិញសប្តាហ៍ទី ៥ក្រោយពីឈប់មករដូវ ហើយវាអាចនឹងឡើងដល់កម្រិតខ្ពស់នៅចន្លោះសប្តាហ៍ទី ៨ ទៅ ១២។ ការចាញ់កូនតាមរយៈក្អួត និងចង្អោ គឺជារបៀបដែលម្តាយការពារខ្លួន និងទារកក្នុងផ្ទៃពីជំងឺទាំងឡាយដែលទាក់ទងនឹងអាហារ ហើយក្នុងនោះក៏មានអាហារហឹរដែរ។ របៀបដែលអាហារហិរបង្កើនផលរំខានជាការចាញ់កូនកាន់តែខ្លាំងនោះមានដូចជា៖
• ក្លិន៖ អាហារហឹរ ងាយជំរុញដល់ការច្រាលអាហារពីក្រពះវិញណាស់ដោយសារតែក្លិនរបស់វាតែម្តង
• បញ្ហាក្រពះ៖ ស្ត្រីមានផ្ទៃពោះអាចនឹងមានបញ្ហានៅផ្លូវរំលាយអាហារ ហើយរឿងនេះក៏ងាយនឹងរងការប៉ះពាល់តាមរយៈអាហារហឹរដែរ។
ជំរុញដល់ការច្រាលអាស៊ីតពីក្រពះ និងក្រហាយដើមទ្រូង
ក្នុងពេលមានផ្ទៃពោះ ប្រព័ន្ធរំលាយអាហារអាចបន្ថយល្បឿន ហើយក្រពះក៏មិនសូវធំដែរ ដែលជាហេតុនាំអាស៊ីតក្រពះងាយនឹងច្រាលឡើងលើ រហូតដល់ក្រហាយដើមទ្រូង និងចង្អោ។ ថ្វីបើរឿងនេះអាចបង្កឡើងដោយអាហារច្រើនប្រភេទក៏ដោយ តែស្ត្រីភាគច្រើននិយាយថា អាហារហិរធ្វើឲ្យមានបញ្ហានេះច្រើនជាងគេ។
តើហឹរប៉ុណ្ណាទើបអាចញ៉ាំបានទៅ?
របបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះគឺជារឿងសំខាន់ណាស់ ព្រោះអ្នកត្រូវញ៉ាំដើម្បីមនុស្សពីរនាក់។ ជីវជាតិ និងការលូតលាស់ប្រកបដោយសុខភាពល្អរបស់ទារកអាស្រ័យទៅតាមរបៀបរស់នៅ និងអាហារដែលអ្នកញ៉ាំទាំងស្រុងតែម្តង។ ខណៈពេលដែលវាគឺជារឿងសំខាន់ក្នុងការបង្កើនការញ៉ាំអាហារមានជីវជាតិទាំង វីតាមីន ជាតិរ៉ែ កាលស្យូម ប្រូតេអ៊ីន និងអ្វីដែលមិនគួរញ៉ាំទៀតនោះ យកល្អគួរតែញ៉ាំអាហារច្រើនប្រភេទទៀត ហើយក៏ត្រូវដឹងថាអ្វីដែលល្អសម្រាប់អ្នកដែរ។
អាហារហឹរមិនត្រូវបានគេចាត់ទុកថាជាអាហារអាក្រក់ដែលអាចប៉ះពាល់ដល់ស្ត្រីមានផ្ទៃពោះឡើយ តែវាប៉ះពាល់ទៅលើស្ត្រីខុសៗគ្នាទៅតាមពួកគេមានអាការៈអាឡែហ្ស៊ីលើអាហារនេះឬអត់ទេ។ និយាយឲ្យខ្លីទៅ អ្នកអាចសាកល្បងញ៉ាំអាហារហិរខុសៗគ្នា និងសង្កេតមើលខ្លួនឯងថាតើរាងកាយអ្នកមានប្រតិកម្មបែបណាចំពោះរឿងនេះ។ បើករណីអ្នកមានបញ្ហានឹងវាខ្លាំង ចូរបញ្ឈប់ការញ៉ាំអាហារនោះសិនទៅ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy