ធ្លាប់ទាយ «ភេទរបស់កូន» ពេលកំពុងទើបពពោះទេ ដោយផ្អែកលើសញ្ញាទាំងអស់នេះ?
មានវិធីសាស្ត្រមួយចំនួនអាចកំណត់ដឹងថា កូនដែលស្ថិតក្នុងផ្ទៃនៅរយៈពេលពីរបីសប្តាហ៍ដំបូងគឺជាស្រីឬប្រុស ហើយវាក៏គ្រប់គ្រាន់ក្នុងការធ្វើឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងដែរ។ ពិតណាស់ វាមិនទាន់មានមធ្យោបាយច្បាស់ការណាមួយដែលថា ទារកក្នុងផ្ទៃគឺជាភេទអ្វីឲ្យពិតប្រាកដឡើយ លុះត្រាតែការថយអេកូនៅចាប់ពីសប្តាហ៍ទី៥ឡើងទៅ។ ថ្វីបើមិនទាន់មានអំណះអំណាងគ្រប់គ្រាន់បែបវិទ្យាសាស្ត្រលើការកំណត់ភេទរបស់ទារកក្នុងផ្ទៃក៏ដោយ ក៏គេអាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៅតាមការមានអារម្មណ៍ដឹងរបស់ម្តាយបាន ព្រមទាំងវិធីបែបទំនៀមទម្លាប់ផ្សេងៗទៀតដូចខាងក្រោមនេះ៖
រូបរាងក្បាលពោះ
ចាស់ៗអាចនិយាយថា បើសិនជាក្បាលពោះស្ត្រីមានផ្ទៃពោះធ្លាក់សំយុងចុះមកខាងក្រោមបន្តិច នាងទំនងជានឹងមានកូនប្រុស។ ម្យ៉ាងវិញទៀត បើសិនជាពោះនាងមានលក្ខណៈរីកធំ នោះអាចជាកូនស្រីច្រើនជាង។ គ្រូពេទ្យនិយាយថា វាមិនទាន់មានអំណះអំណាងណាមួយច្បាស់លាស់ក្នុងការកំណត់ភេទរបស់ទារកក្នុងផ្ទៃតាមវិធីសាស្ត្រនេះឡើយ។
ចង្វាក់បេះដូងកូន
កាលណាចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃច្រើនជាង ១៤០ដងក្នុងមួយនាទីគឺជាសញ្ញាច្បាស់លាស់មួយថា គេជាកូនស្រី ខណៈពេលដែលកូនប្រុសអាចតិចជាង ១៤០ដងក្នុងមួយនាទី។ វិធីសាស្ត្រមួយនេះមានភាពត្រឹមត្រូវតិចតួចណាស់ដែលកំណត់តាមការរាប់ចង្វាក់បេះដូងរបស់ទារកក្នុងផ្ទៃ។
អ្វីដែលអ្នកញ៉ាំ
ស្ត្រីដែលស្ថិតក្នុងស្ថានភាពធម្មតា និងមិនញ៉ាំអាហារផ្អែម តែបែរជាឃ្លានញ៉ាំផ្អែមនៅពេលមានផ្ទៃពោះ ត្រូវបានគេរកឃើញថា កូនក្នុងពោះគឺជាភេទប្រុស។ ម្យ៉ាងវិញទៀត អ្នកដែលចូលចិត្តញ៉ាំអាហារប្រៃ ឬអាហារសម្បូរជាតិសូដ្យូម ច្រើនតែមានកូនជាភេទស្រី។
ថ្វីបើការឃ្លានអាហារច្រើនៗគឺជារឿងធម្មតាចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ តែស្ត្រីដែលមានផ្ទៃពោះហើយគួរតែយល់ដឹងអំពីសារៈសំខាន់នៃការញ៉ាំអាហារមានតុល្យភាព និងមានសុខភាពល្អ។ ការញ៉ាំផ្អែមច្រើនពេកនាំឲ្យធាត់ ខណៈពេលដែលញ៉ាំប្រៃអាចនាំឲ្យហើមជើង និងត្រៀមក្រឡាភ្លើងបាន។ ការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងរាងកាយក៏ជាកត្តានាំឲ្យឃ្លានខ្លាំងៗជាងអ្វីដែលស្ត្រីធ្លាប់មានពីមុនមកដែរ។
របៀបនៃការចាញ់កូន
ការចាញ់កូនត្រូវបានគេរកឃើញថា មានជាប់ទាក់ទងនឹងការសម្រាលបានកូនស្រី។ ថ្វីបើរឿងនេះត្រូវបានគេយល់ថាជាជំនឿបែបទំនៀមទម្លាប់ក៏ដោយ តែមានការស្រាវជ្រាវជាច្រើនក៏បញ្ជាក់អំពីរឿងនេះថាជាការពិតដែរ។ ស្ត្រីដែលកំពុងតែមានកូនស្រីក្នុងពោះ ត្រូវបានបង្ហាញថា មានចំនួនអ័រម៉ូន HCG ក្នុងទឹកនោមខ្ពស់ជាងស្ត្រីមានកូនប្រុស។ យកល្អស្ត្រីមានផ្ទៃពោះទាំងអស់គួរតែចាំថា ការចាញ់កូនគឺជារឿងកើតឡើងញឹកញាប់ ហើយមិនគួរណាចាត់ទុកវាជាវិធីកំណត់ភេទរបស់កូនឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ wellnessbin