បើមិនចង់បានកូនភ្លោះ គួរពិនិត្យមើល ៩ ចំណុចនេះ !
អត្រានៃការសម្រាលកូនបានកូនភ្លោះនៅសហរដ្ឋអាមេរិកគឺមិនកើតឡើងខ្ពស់ទេ ដែលមានប្រហែល ៣៣.៤នាក់ក្នុងចំណោមកូនភ្លោះដែលសម្រាលមករស់ ១០០០នាក់ក្នុងឆ្នាំ ២០១៦។ ដូច្នេះតើអ្នកអាចធ្វើយ៉ាងម៉េចទៅដើម្បីបង្កើនឱកាសនៃការមានកូនភ្លោះកើតទៅ? អ្នកពិតជាអាចគ្រប់គ្រងកត្តាជាច្រើនដែលត្រូវបានគេរកឃើញថា មានឥទ្ធិពលនាំឲ្យមានកូនភ្លោះបាន ប៉ុន្តែវាពិតជាមិនមានអ្វីអាចធានាបានថា នឹងទទួលបានជោគជ័យឡើយ។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលគេរកឃើញថា មានអត្រាជំរុញឲ្យមានកូនភ្លោះច្រើន តែមិនប្រាកដ ១០០ភាគរយឡើយ៖
ប្រវត្តិគ្រួសារមានកូនភ្លោះ
យោងទៅតាម Office on Women’s Health បានឲ្យដឹងថា និន្នាការមានកូនភ្លោះភេទដូចគ្នាប្រហែលជាកើតឡើងជាលក្ខណៈដំណរពូជ។ នេះដោយសារតែកត្តាហ្សែនធ្វើឲ្យជ្រុះអូវ៉ុលច្រើនក្នុងពេលតែមួយដែលជាហេតុស្ត្រីមានមេជីវិតញីលើសពីមួយ។ តាមពិតទៅ អ្នកវិទ្យាសាស្ត្រ បានសម្គាល់ឃើញថា ការប្រែប្រួលក្នុងហ្សែនពីរ ធ្វើឲ្យបង្កើនឱកាសនៃការមានផ្ទៃពោះមុខដូចគ្នាបេះបិតមាន ២៩ភាគរយដែរ។ ការសិក្សាក៏បានណែនាំថា ការមានផ្ទៃពោះភេទដូចគ្នាប្រហែលជាជាប់ទាក់ទងនឹងគុណភាពទឹកកាមកម្រិតខ្ពស់របស់ឪពុកដែរ។
ម្តាយអាយុលើសពី ៣៥ឆ្នាំ
តាមទិន្នន័យរបស់ CDC បានបង្ហាញថា វាមានតែ ២ភាគរយប៉ុណ្ណោះសម្រាប់ស្ត្រីអាយុក្រោម ២៥ឆ្នាំអាចមានផ្ទៃពោះជាកូនភ្លោះ ខណៈពេលដែលស្ត្រីអាយុពី ៣៥ ទៅ ៣៩ឆ្នាំមាន ៥ភាគរយ។ នៅពេលអ្នកអាយុកាន់តែច្រើន តែនៅអាចមានលទ្ធភាពបន្តពូជទៀត ឱកាសនៃការមានផ្ទៃពោះជាកូនភ្លោះកើនឡើងច្រើនដែរ។ ដល់ពេលស្ត្រីអាយុចាប់ពី ៤០ឆ្នាំឡើង អាចធ្វើឲ្យពួកគេមានឱកាសនៃការកូនភ្លោះបានរហូតដល់ ៧ភាគរយឯណោះ។ រឿងនេះអាចដោយសារតែការកើនឡើងនៃការផលិតរបស់អ័រម៉ូន Follicle Stimulating Hormone នៅពេលស្ត្រីអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ដែលជាហេតុនាំឲ្យមានមេជីវិតញីច្រើនគ្រាប់ចេញក្នុងពេលជ្រុះអូវ៉ុលតែមួយ។
ម្តាយមានកម្ពស់ ១.៦៥ម៉ែត្រឡើង
បើសិនជាអ្នកជាស្ត្រីមានកម្ពស់ខ្ពស់ៗ អ្នកប្រហែលជាមានឱកាសមានកូនភ្លោះដែរ។ តាមការសិក្សាទៅលើម្តាយមានកូនភ្លោះ ១២៩នាក់ បានឲ្យដឹងថា រាល់ម្តាយទាំងអស់គឺមានកម្ពស់ជាមធ្យម ១.៦៥ម៉ែត្រឡើងទៅ។ រឿងនេះមានជាប់ទាក់ទងនឹងអ័រម៉ូនមួយឈ្មោះថា Insulin-like Growth Factor (IGF) ដែលវាមានចំនួនកាន់តែច្រើនលើអ្នកដែលមានកម្ពស់ខ្ពស់ៗ។
ស្ត្រីមាន BMI លើសពី ៣០
មូលហេតុដែលគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យមានកូនភ្លោះគឺសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់ (BMI)។ ការសិក្សាមួយបានរកឃើញថា ស្ត្រីដែលធាត់ៗ និងមាន BMI ចាប់ពី ៣០ឡើងទៅ គឺងាយនឹងមានកូនភ្លោះភេទដូចគ្នាណាស់។
ការឈប់ប្រើថ្នាំពន្យាកំណើត
ហេតុផលមួយផ្សេងទៀតក្នុងការដែលមានឱកាសកូនភ្លោះដែរនោះគឺអ្នកទើបតែឈប់ប្រើថ្នាំគ្រាប់ពន្យាកំណើតថ្មីៗ។ រឿងនេះអាចដោយសារតែឥទ្ធិពលនៃអ័រម៉ូនកើនឡើងខ្ពស់ក្រោយពីអ្នកឈប់ប្រើថ្នាំនេះភ្លាម ដែលជាហេតុនាំឲ្យមានមេជីវិតញីលើសពីមួយកើតឡើងក្នុងពេលតែមួយ។
មានផ្ទៃពោះច្រើនដង
វាគឺជារឿងដែលគួរឲ្យចាប់អារម្មណ៍ជាងគេ។ យោងទៅតាម American Pregnancy Association បានឲ្យដឹងថា បើសិនជាអ្នកធ្លាប់មានកូនច្រើនរួចហើយ អ្នកទំនងជាអាចមានកូនភ្លោះទៀត។ មូលហេតុនោះគឺមិនទាន់ដឹងច្បាស់នោះទេ។ តាមអំណះអំណាងក្រៅផ្លូវកាយបានឲ្យដឹងថា ការដែលរលូតកូនម្តងហើយ វានឹងបង្កើនឱកាសនៃការមានកូនភ្លោះវិញ ខណៈពេលដែលវាមិនទាន់មានអំណះអំណាងបែបវិទ្យាសាស្ត្រគាំទ្ររឿងនេះនៅឡើយទេ។
កូនលើកមុនប្រើវិធីបំបៅកូនដោយទឹកដោះ
បើសិនជាអ្នកបំបៅដោះកូនតាំងពីកូនលើកមុន អ្នកទំនងជាមានឱកាសនៃការមានកូនភ្លោះនៅពេលពរពោះលើកក្រោយ។ កាលណាអ្នកបំបៅដោះកូនកាន់តែច្រើន ឱកាសនៃការមានកូនភ្លោះក៏ច្រើនដែរ។ រឿងនេះដោយសារតែកម្រិតខ្ពស់នៃអ័រម៉ូន IGF លើស្ត្រីដែលបំបៅដោះកូន។
ការមានផ្ទៃពោះបែបជំនួយពីបច្ចេកវិទ្យា (In-Vitro Fertilization)
អ្វីដែលធ្វើឲ្យមានឱកាសបានកូនភ្លោះដ៏ធំនោះគឺ ដោយសារតែការព្យាបាលភាពមិនអាចមានកូនបាន តាមរយៈវិធីសាស្ត្រ In-Vitro Fertilization (IVF)។ តាមពិតទៅ CDC បានឲ្យដឹងថា កំណើនអត្រានៃការមានកូនភ្លោះក្នុងរយៈពេល ៣០ឆ្នាំចន្លោះពេលឆ្នាំ ១៩៨០ ទៅ ២០០៩ ជាមួយនឹងការព្យាបាល IVF គឺមានរហូតដល់ ពីរភាគបីឯណោះ។
កម្រិតដ៏ខ្ពស់នៃវីតាមីនចម្រុះ និង Folic Acid
ការលេបថ្នាំបំប៉ន Folic Acid ក្នុងកម្រិតខ្ពស់ ទាំងមុនពេល និងក្រោយពេលមានផ្ទៃពោះ ត្រូវបានគេជឿថា មានឥទ្ធិពលវិជ្ជមានចំពោះឱកាសនៃការមានកូនភ្លោះ។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវបានណែនាំថា ថ្នាំបំប៉នវីតាមីនចម្រុះក៏អាចជួយបែបនេះដែរ។ ការសិក្សាមួយបានសន្និដ្ឋានឃើញថា អត្រានៃការមានកូនភ្លោះគឺមានខ្ពស់លើស្ត្រីដែលលេបថ្នាំបំប៉ន Folic Acid និងវីតាមីនចម្រុះពេលត្រៀម និងក្រោយមានផ្ទៃពោះ ដែលកើតឡើងច្រើនជាងស្ត្រីដែលមិនបានប្រើវា។ ប៉ុន្តែការដែលប្រើថ្នាំទាំងនេះច្រើនពេក មិនត្រឹមតែបង្កើនឱកាសនៃការមានកូនភ្លោះទេ តែក៏អាចរលូតកូនបានដែរ។ សម្រាប់ថ្នាំបំប៉ន Folic Acid មិនគួរណាញ៉ាំច្រើនជាង ៤០០mcg ក្នុងមួយថ្ងៃឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy