រឿងកង្វល់ទាំង ៨ ធំៗ ធ្វើឱ្យស្ត្រីកំពុងមានផ្ទៃពោះ ពិបាករកក្តីសុខផ្លូវចិត្ត
ការបារម្ភគឺជាអារម្មណ៍តិចតួចប៉ុណ្ណោះសម្រាប់ការមានផ្ទៃពោះ ប៉ុន្តែពេលខ្លះស្ត្រីខ្លួនឯងយល់ថា វាអាចមានរឿងធំជាងនេះ ដោយសារចេះតែខ្លាចនេះខ្លាចនោះ ជាប់រហូតដល់ពិបាកចិត្តខ្លាំង ព្រោះចង់ឲ្យអ្វីៗមានលក្ខណៈល្អឥតខ្ចោះពេក។ ខាងក្រោមនេះ គឺជាអ្វីដែលគ្រូពេទ្យពន្យល់ការពិតជាច្រើនដែលស្ត្រីមានផ្ទៃពោះបារម្ភខ្លាំង។
ខ្លាចថានឹងរលូតកូន
វាដូចជាមិនទំនងទេក្រោយពីលទ្ធផលពិនិត្យផ្ទៃពោះបង្ហាញថា កូនមានសុខភាពល្អហើយនោះ (មានភាគរយមិនដល់ ២០ផងដែលអាចនឹងត្រូវរលូតនោះ)។ ចូរចាំថា ការរលូតកូនក៏អាចកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះដែរ ហើយស្ត្រីភាគច្រើនមិនបានដឹងអំពីរឿងនេះផង។ ប៉ុន្តែក្រោយពីគ្រូពេទ្យពិនិត្យមើលថា មានចង្វាក់បេះដូងរបស់កូនហើយ (ជាធម្មតានៅចន្លោះសប្តាហ៍ទី ៦ ទៅទី៨) ការប្រឈមការរលូតកូនធ្លាក់ចុះប្រហែល ៥ភាគរយ។ ក្នុងករណីដែលអ្នកបារម្ភថាមានការរលូតកូនលើកទីពីរនោះ គឺមានតិចតួចបំផុត ប្រហែលមិនដល់ ៣ភាគរយផង។ រឿងនេះច្រើនតែបង្កឡើងដោយភាពមិនធម្មតារបស់ក្រូម៉ូសូម។ ដោយសារតែការរលូតកូនមិនមែនជារឿងដែលអាចចៀសវាងបាន តែអ្នកអាចបន្ថយការប្រឈមមុខបានតាមរយៈការមិនជក់បារី ឬញ៉ាំគ្រឿងស្រវឹង និងកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន (តិចជាង ២០០មីលីក្រាម ឬស្មើនឹងកាហ្វេកែវធំមួយពែង)ក្នុងមួយថ្ងៃ។
ចាញ់កូនធ្វើឲ្យកូនមិនលូតលាស់
បើយើងនិយាយឲ្យអាក្រក់ស្តាប់បំផុតនោះគឺថា កូនក្នុងផ្ទៃគឺជាប៉ារ៉ាសិតដ៏ល្អបំផុតមួយរូប។ គេនឹងបឺតស្រូបរាល់ជីវជាតិទាំងអស់ពីចំណីអាហារដែលអ្នកបានញ៉ាំរួចដើម្បីរស់ ដូច្នេះទោះបីជាអ្នករស់នៅបានដោយសារតែការញ៉ាំនំស្រួយ និងទឹកផ្លែឈើនោះ កុំបារម្ភអីព្រោះកូនអាចទទួលបានទាំងអស់។ បើសិនជាអ្នកមិនមានជំងឺ ឬខ្សោះជាតិទឹកធ្ងន់ធ្ងរទេ ការចាញ់កូននឹងមិនធ្វើឲ្យមានបញ្ហាអតុល្យភាពជីវជាតិសម្រាប់ការចិញ្ចឹមដល់កូនឡើយ។ ដើម្បីល្អ ចូរញ៉ាំតិចៗ តែច្រើនដើម្បី។ ពេលខ្លះថ្នាំប្រឆាំងការចង្អោក៏អាចជួយបានដែរ ហើយមានសុវត្ថិភាពសម្រាប់កូនទៀត។
ការញ៉ាំអាហារខុសអាចប៉ះពាល់ដល់កូន
សព្វថ្ងៃនេះ ស្ត្រីយើងមានអារម្មណ៍ថា មានសម្ពាធច្រើនក្នុងពេលដែលពួកគេកំពុងតែរំពឹងទៅលើអ្វីមួយ។ ពួកគេអាចនៅតែសួរថា តើវាមានសុវត្ថិភាពទេ នៅពេលដែលញ៉ាំអាហារផ្តល់សុខភាព និងលេបថ្នាំថែរក្សាគ័រហើយនោះ។ ទាក់ទងនឹងករណីនេះ វាពិតជារឿងមួយល្អហើយដែលអ្នកអាចលេបថ្នាំថែរក្សាគ័របានគ្រប់គ្រាន់ និងញ៉ាំអាហារផ្តល់សុខភាពនោះ ហើយក៏មិនបាច់បារម្ភអ្វីច្រើនឡើយនៅពេលដែលគ្រូពេទ្យនិយាយថាអូខេហើយ។ ប៉ុន្តែអ្វីដែលអ្នកត្រូវប្រយ័ត្នបំផុតនោះគឺថា ក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះ គឺជាពេលវេលាដែលអាចមានគ្រោះថ្នាក់ ដូច្នេះអ្នកត្រូវតែធ្វើទៅតាមការណែនាំរបស់គ្រូពេទ្យជានិច្ចទាក់ទងនឹងរបៀបរស់នៅ និងការហូបចុក។ ការដែលព្យាយាមលាបពណ៌សក់នៅត្រីមាសដំបូងគឺជារឿងហាមប្រាម។
ស្ត្រេសពេកអាចធ្វើឲ្យកូនឈឺ
ភាពស្ត្រេសគឺជារឿងដែលមិនអាចចៀសផុតទេ ប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវខ្វល់ច្រើនអំពីរឿងនេះធ្វើអី។ យ៉ាងណាមិញ ការស្រាវជ្រាវភាគច្រើនបង្ហាញថា ការស្ត្រេសកម្រិតមធ្យមមានការប៉ះពាល់តិចតួចបំផុតចំពោះទារកក្នុងផ្ទៃ។ ខណៈពេលដែលការសិក្សាខ្លះបង្ហាញថា ភាពស្ត្រេសស្រួចស្រាវ ឬធ្ងន់ធ្ងរ (បាត់បង់ការងារ ឬក្រុមគ្រួសារណាមួយស្លាប់) អាចបង្កើនការប្រឈមនឹងកូនកើតមិនគ្រប់ខែបាន។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកយល់ថាខ្លួនឯងតានតឹងខ្លាំងពេក ចូរសម្រាកខ្លះ ហើយប្រើវិធីរំងាប់អារម្មណ៍ណាដែលអ្នកអាចធ្វើបានទៅ។
កូនខ្ញុំនឹងកើតមកខូចអវៈយវៈ
ការប្រឈមនឹងកើតកូនមកខូចអវៈយវៈ គឺមានប្រហែល ៤ភាគរយប៉ុណ្ណោះ ហើយរឿងនេះរួមទាំងជំងឺធ្ងន់ធ្ងរព្រមទាំងភាពមិនធម្មតារាប់ពាន់ប្រភេទទៀត។ ទោះបីជាលទ្ធផលធ្វើតេស្ត (ការថតអេកូ) បង្ហាញថា ឃើញមិនធម្មតាក៏ដោយ ក៏វាមិនមែនមានន័យថាពិតជាមានបញ្ហាមែនទែនឡើយ ហើយករណីភាគច្រើនការធ្វើតេស្តបញ្ជាក់កាន់តែច្បាស់នោះគឺបង្ហាញថា ធម្មតាវិញដែរ។ មធ្យោបាយដ៏ល្អបំផុតដើម្បីការពារកូន គឺប្រើថ្នាំវីតាមីនចម្រុះដែលមាន Folic Acid មុនពេលមានផ្ទៃពោះ និងលេបថ្នាំថែរក្សាគ័ររាល់ថ្ងៃដើម្បីបន្ថយការប្រឈមនឹងការខូចខួរក្បាល និងខួរឆ្អឹងខ្នង។
ខ្លាចសម្រាលកូនមិនគ្រប់ខែ
រឿងនេះអាចជាការបារម្ភដ៏ធំមួយដោយសារតែអត្រានៃការសម្រាលកូនមិនគ្រប់ខែកំពុងតែកើនឡើងជាប់។ ប៉ុន្តែទារកកើតមិនគ្រប់ខែច្រើនចន្លោះសប្តាហ៍ទី ៣៤ ទៅ៣៦ មានជាង ៧០ភាគរយឯណោះ មិនងាយមានបញ្ហា ឬផលវិបាកធ្ងន់ធ្ងរទាក់ទងនឹងការលូតលាស់ឡើយ។ មានរឿងតិចតួចខ្លះដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមនឹងការសម្រាលមិនគ្រប់ខែនោះគឺ មិនជក់បារី ឬញ៉ាំគ្រឿងស្រវឹង ទៅជួបពេទ្យពិនិត្យជាទៀងទាត់ និងប្រើថ្នាំបំប៉នសុខភាព Folic Aid រាល់ថ្ងៃ។
ខ្លាចមានជំងឺត្រៀមក្រឡាភ្លើង ឬជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
ការប្រឈមនឹងការលើសសម្ពាធឈាមខ្ពស់ធ្ងន់ធ្ងរ (ត្រៀមក្រឡាភ្លើង) គឺមានពី ៥ ទៅ៨ភាគរយ។ វាកើតឡើងជាញឹកញាប់លើស្ត្រីអាយុក្រោម ១៨ឆ្នាំ ឬលើស ៣៥ឆ្នាំ ព្រមទាំងស្ត្រីដែលមានការលើសសម្ពាធឈាមស្រាប់ហើយមានផ្ទៃពោះ។ ជំងឺត្រៀមក្រឡាភ្លើងគឺមិនមានមធ្យោបាយណាមួយដែលបង្ការវាមិនឲ្យកើតសោះតែម្តងនោះទេ តែចូរប្រាកដថា អ្នកបានពិនិត្យសុខភាពជាមួយគ្រូពេទ្យជាប្រចាំ (វាស់សម្ពាធឈាម) និងប្រាប់ឲ្យគ្រូពេទ្យដឹងនៅពេលមានអាការៈណាមួយទាក់ទងនឹងជំងឺនេះដូចជា ហើមដៃ ឬមុខ ភ្នែកមើលព្រឹលៗ ឬឈឺក្បាលខ្លាំង។ សម្រាប់ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះវិញ យើងអាចតាមដានជាតិស្ករជាប្រចាំបាន។ សម្រាប់ស្ត្រីមានសុខភាពល្អដែលមិនមានជំងឺទឹកនោមផ្អែម ការធ្វើតេស្តជាតិស្ករក្នុងឈាមគឺធ្វើនៅចន្លោះសប្តាហ៍ទី ២៤ ទៅ២៨។
ចំណង់ផ្លូវភេទលែងដូចមុន
ក្រោយពីសម្រាលកូនរួច វាអាចនឹងពិបាកគិតថា អ្វីៗនឹងវិលទៅរកភាពដើមណាស់ ជាពិសេសតំបន់ខាងក្រោមតែម្តង។ ប៉ុន្តែវានឹងទៅដូចដើមវិញ។ អ្វីដែលអ្នកត្រូវធ្វើគឺទុកពេលឲ្យរាងកាយយូរបន្តិចដើម្បីរបួសជា ពេលនោះចំណង់ផ្លូវភេទនឹងត្រឡប់មកភាពដើមវិញមិនខាន។ តាមពិតទៅ ស្ត្រីស្ទើរតែ ៧០ភាគរយហើយនិយាយថា អ្វីៗបានត្រឡប់មកធម្មតាវិញក្រោយពេលសម្រាលកូនបាន ៦ខែ ហើយវាក៏ជាពេលវេលាអ្នកអាចសាងភាពស្និទ្ធស្នាលខ្លាំងក្លាដូចមុនបានដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន