ស្រ្តីមានផ្ទៃពោះគួរមានទម្លាប់ទាំងនេះ បើសិនជាមិនចង់កើតជំងឺឫសដូងបាត
វាគឺជារឿងញឹកញាប់ណាស់ ដែលស្ត្រីមានផ្ទៃពោះកើតជំងឺឫសដូងបាត។ ប៉ុន្តែដោយសារតែអ្នកមានផ្ទៃពោះ មិនមែនមានន័យថា អ្នកគ្មានជម្រើសអ្វីក្រៅពីប្រឈមមុខនោះទេ។ ពិតណាស់ ជំងឺឫសដូងបាតអាចបង្ការបាន ប៉ុន្តែសួរថា ស្ត្រីមានផ្ទៃពោះបែបណាខ្លះអាចប្រឈមខ្ពស់នឹងជំងឺឫសដូងបាតនេះជាងគេ? ទីមួយ ការលូតលាស់របស់ទារកក្នុងផ្ទៃ ធ្វើឲ្យកើនសម្ពាធទៅលើផ្នែកខាងក្រោមនៃដងខ្លួន ហើយក៏សង្កត់ទៅលើសរសៃឈាមរន្ធគូថរហូតដល់រីកប៉ោងដែរ។ ទីពីរ ស្ត្រីមានផ្ទៃពោះគឺមានការកើនឡើងរបស់អ័រម៉ូនអេស្ត្រូជែន ដែលជាហេតុធ្វើឲ្យសរសៃឈាមមិនសូវមានកម្លាំងគ្រប់គ្រាន់ ឬ រលាស់បានល្អឡើយ។ ទីបី ស្ត្រីមានផ្ទៃពោះ ច្រើនតែប្រឈមនឹងការទល់លាមកខ្លាំង ដូច្នេះវាក៏ជាកត្តាប្រឈមមុខមួយនៃជំងឺឫសដូងបាតដែរ។
ដើម្បីទប់ស្កាត់ការកើតជំងឺឫសដូងបាតក្នុងពេលមានផ្ទៃពោះ ស្ត្រីគួរតែមានទម្លាប់ដូចខាងក្រោមនេះឲ្យបានច្រើន៖
បង្កើនការញ៉ាំអាហារមានជាតិសរសៃ
ដូចអ្វីដែលខ្ញុំបញ្ជាក់ពីខាងលើរួចហើយថា ការទល់លាមកគឺជាកត្តាប្រឈមមុខមួយដែលនាំឲ្យស្ត្រីមានផ្ទៃពោះកើតជំងឺឫសដូងបាត។ មធ្យោបាយទប់ស្កាត់ការទល់លាមកដ៏ល្អនោះគឺ ញ៉ាំអាហារសម្បូរជាតសិរសៃ។ អាហារប្រភេទនេះអាចរកបានយ៉ាងស្រួលក្នុងបន្លែ និង ផ្លែឈើ។
ញ៉ាំទឹកឲ្យបានច្រើន
ចូរប្រាកដថា អ្នកបានញ៉ាំទឹកប្រហែល ៨ កែវក្នុងមួយថ្ងៃ ដែលវាស្មើនឹង ទឹកចំណុះ ២លីត្រ។ ការញ៉ាំទឹកច្រើននឹងជួយប្រាកដថា អ្នកមិនអាចមានបញ្ហាទល់លាមកផងដែរ។
មិនត្រូវពន្យាពេលចូលបន្ទប់ទឹកឡើយ
គ្រប់ពេលដែលអ្នកចង់ទៅបន្ទប់ទឹកខ្លាំង ចូរទៅភ្លាម។ ការពន្យាពេល នឹងគ្រាន់តែធ្វើឲ្យអ្នកទល់លាមកប៉ុណ្ណោះ ដូច្នេះ វាក៏បង្កើនការប្រឈមនឹងជំងឺឫសដូងបាតបានដែរ។
អនុវត្តលំហាត់ប្រាណ Kegel
ជារៀងរាល់ថ្ងៃ យកល្អអ្នកគួរតែហាត់ប្រាណបែប Kegel។ ការធ្វើលំហាត់ប្រាណនេះបានទៀងទាត់ នឹងជួយបង្កើនរបត់ឈាមរត់បានយ៉ាងល្អ ហើយក៏ពង្រឹងដល់សាច់ដុំក្នុងតំបន់រន្ធគូថដែរ។
ធ្វើឲ្យមានភាពសកម្មខាងរាងកាយ
ក្នុងពេលមានផ្ទៃពោះ គ្រូពេទ្យតែងតែណែនាំឲ្យមានភាពសកម្មខាងរាងកាយច្រើន ព្រោះវាអាចជួយបង្ការផលវិបាកធ្ងន់ធ្ងរក្នុងពេលមានផ្ទៃពោះបាន។ ការដែលរក្សារាងកាយឲ្យមានភាពសកម្មបាន គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីជំរុញដល់ផ្លូវក្រពះពោះវៀនធ្វើការបានល្អបំផុត ហើយក៏ទប់ស្កាត់ការកើតជំងឺឬសដូងបានថែមទៀត។
កុំអង្គុយ ឬឈរយូរពេក
ដោយសារតែសម្ពាធដែលកើតចេញពីការលូតលាស់របស់កូនក្នុងផ្ទៃដាក់ទៅលើផ្នែកខាងក្រោមនៃរាងកាយ ដូច្នេះការមិនអង្គុយយូរ ឬ ឈរយូរ នឹងជួយអ្នកចៀសផុតពីជំងឺឫសដូងបាតបានយ៉ាងល្អ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy