ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីទារកកើតមកភ្លាម ចេះតែស្រែកយំ?
ការស្រែកយំរបស់កូនដែលកើតមក គឺជាអ្វីដែលមនុស្សគ្រប់គ្នារងចាំ ព្រោះវាបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើលបំផុត។ ប៉ុន្តែតើអ្នកមានដឹងថា ការយំរបស់កូនពេលកើតមកនេះអាចជាសញ្ញាបញ្ជាក់អំពីអ្វីខ្លះដែរទេ? ជាធម្មតា ទារកគួរតែយំនៅពេលគេកើតចេញមកភ្លាម។ ការយំបែបនេះ គឺជាលក្ខណៈធម្មជាតិមួយដែលជំរុញដល់បេះដូង និងសួតរបស់ក្មេងធ្វើការ និងជួយដល់គេអាចដកដង្ហើមបាន។ បន្ទាប់មក ទារកនឹងត្រូវបានគ្រូពេទ្យឆ្មប វាយតម្លៃលើសុខភាព ដែលគេហៅថា Apgar ក្នុងរយៈពេលមួយនាទីដំបូង និង ៥នាទីបន្ទាប់ ដើម្បីចង់ដឹងថា គេមានសុខភាពល្អប៉ុណ្ណា។ ក្នុងនោះដែរ ពណ៌របស់ស្បែក លទ្ធភាពនៃការដកដង្ហើម ចង្វាក់បេះដូង ភាពរ៉េផ្លិចរបស់រាងកាយ និងកម្លាំងសាច់ដុំត្រូវបានគេតាមដាន និងធ្វើតេស្ត ហើយក៏ត្រូវដាក់ពិន្ទុរពី ០ ដល់ ១០ដែរ។ យ៉ាងណាមិញ ទារកមិនងាយទទួលបានពិន្ទុរពេញ ១០ឡើង ដោយសារតែពណ៌ស្បែកនៅប្រអប់ដៃ ឬជើងនៅស្វាយនៅឡើយ។ ក្នុងរយៈពេលមួយនាទីដំបូងក្រោយកើត ការដែលទទួលបានពិន្ទុពី ៧ ទៅ១០ គឺជារឿងធម្មតា ខណៈពេលដែលពី ៤ ទៅ ៦ គឺត្រូវតាមដានសុខភាពបន្ថែមទៀត។
ហេតុអ្វីបានជាទារកយំនៅពេលគេកើតមក?
ចូរស្រមៃថា អ្នកកំពុងតែនៅក្នុងកន្លែងមួយដែលកក់ក្តៅ ងងឹត និងមានផាសុកភាពសុខៗស្រាប់តែគេយកចេញទៅកន្លែងដែលប្លែក ត្រជាក់ ភ្លឺ ឬហៅថាពិភពខាងក្រៅ តើអ្នកនឹងមានអារម្មណ៍ល្អចង់យំដែរទេ? អ្នកស្រាវជ្រាវនិយាយថា ភាពត្រជាក់ ពន្លឺ ការឈឺចាប់ និងសម្លេងអាចជាចំណុចចាប់ផ្តើមដែលធ្វើឲ្យទារកយំភ្លាមក្រោយកើតរួច។ ការដែលស្ថិតក្នុងពិភពមួយដែលមានទំនាញផែនដីទាញគេចុះក្រោម ដែលខុសពីក្នុងពេលអណ្តែតក្នុងទឹកភ្លោះ អាចធ្វើឲ្យទារកមានអារម្មណ៍មិនល្អ រហូតដល់ស្រែងយំបានដែរ។
អ្វីដែលស៊ីជម្រៅជាងនេះគឺថា មុនពេលទារកកើត គេត្រូវការអុកស៊ីសែនដើម្បីរស់តាមរយៈសុក និងទងសុក ប៉ុន្តែកាលណាគេចេញពីក្នុងពោះម្តាយ គេត្រូវដកដង្ហើមដោយខ្លួនឯង។ ការដែលបង្ខំឲ្យយំ មានន័យថា វានឹងធ្វើឲ្យសួតដែលតូចៗរបស់គេនោះរីកធំដើម្បីអាចធ្វើការបណ្តូរឧស្ម័នអុកស៊ីសែន និងកាបូនឌីអុកស៊ីតដូចមនុស្សធម្មតាបាន។ រឿងនេះក៏អាចលុបបំបាត់ការស្ទះទឹកភ្លោះក្នុងសួតផងដែរ។ ជាធម្មតា ការសម្រាលកូនតាមធម្មជាតិ នឹងច្របាច់ឲ្យទឹកក្នុងសួតចេញ ប៉ុន្តែការយំដំបូងនឹងជួយបញ្ចេញទឹកតិចតួចដែលនៅសេសសល់ក្នុងសួត មាត់ ឬច្រមុះចេញអស់បន្ថែមទៀត។ យ៉ាងណាមិញ ទារកដែលកើតតាមការវះកាត់ គឺមិនទទួលបានបទពិសោធន៍មួយនេះទេ ហើយគេប្រហែលជាពិបាកក្នុងការបញ្ចេញទឹកភ្លោះដែលស្ទះក្នុងសួត ហើយត្រូវការជំនួយបូមពីក្នុងមាត់ ច្រមុះ និងបំពង់ករបន្ថែមទៀត។
ហេតុដូច្នេះហើយ គ្រូពេទ្យដែលសម្រាលកូនហើយ តែងតែបង្ខំឲ្យកូនយំជានិច្ចនៅពេលដែលគេកើតមកមិនទាន់យំ។ កាលពីមុន ទារកត្រូវបានឆ្មបចាប់ជើងឡើងលើ ហើយទះខ្នងដើម្បីធ្វើឲ្យគេយំ។ ប៉ុន្តែឥឡូវនេះ អ្នកជំនាញយល់ថា វាជារឿងដែលត្រូវចៀសវាង ព្រោះវាអាចធ្វើឲ្យទារកមានរបួស ឬធ្លាក់គេចេញពីដៃបាន។ ផ្ទុយទៅវិញ ការម៉ាស្សាខ្នងជាមួយនឹងកន្សែងក្តៅឧណ្ហៗ ឬទះបាតជើងគេ អាចភ្ញោចឲ្យគេយំបានដែរ។ បើសិនជាទារកនៅតែមិនដកដង្ហើមទៀត គេនឹងប្រើមធ្យោបាយជួយបន្ថែមដើម្បីជំនួយដល់ការដកដង្ហើមរបស់គេ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ curejoy